(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ គឺជាខួបលើកទី៣៤ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ កិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺជាកិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា ដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើងរវាងភាគីខ្មែរ ៤ភាគីរួមមាន រួមមានក្រុមសម្តេចសីហនុនិយម មានសម្តេច សីហនុ ជាព្រះប្រធាន, ក្រុមអ្នកជាតិនិយមរបស់លោកតា សឺន សាន ក្រុមខ្មែរក្រហមរបស់ ប៉ុល ពត និងរដ្ឋកម្ពុជា របស់សម្តេចសម្តេច ជា ស៊ីម ហេង សំរិន និងសម្តេចតេជោ ហ៊ុន សែន ដោយមានប្រទេសបារាំង និងឥណ្ឌូនេស៊ីជាសហប្រធាន និងមានការដឹងឮពីប្រមុខការទូត នៃប្រទេសមួយចំនួនទៀតមានដូចជា៖ អាមេរិក, អង់គ្លេស, សូវៀត, ចិន, វៀតណាម, ឡាវ, ថៃ, សិង្ហបុរី, ម៉ាឡេស៊ី, ហ្វីលីពីន, ប្រ៊ុយណេ, យូហ្គោស្លាវី, ឥណ្ឌា, ជប៉ុន, កាណាដា និងអូស្រ្តាលី។
កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះ មានគោលដៅសំខាន់ៗ បីយ៉ាងរួមមាន៖ ទី១. រៀបចំឲ្យមានសន្តិភាពឡើងវិញនៅប្រទេសកម្ពុជា តាមរយៈការអនុវត្តន៍បទឈប់បាញ់ និងការរំសាយអាវុធក្នុងជួរកងទ័ព នៃភាគីជម្លោះខ្មែរទាំង៤ ទី២. ចាក់គ្រឹះលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា តាមរយៈការរៀបចំបោះឆ្នោតសភាធម្មនុញ្ញ និង ទី៣. ការពារអធិបតេយ្យ ឯករាជ្យ បូរណភាព និង ភាពពុំអាចរំលោភបំពានបានឡើយនូវទឹកដីអព្យាក្រឹតភាព និងឯកភាពជាតិរបស់ប្រទេសកម្ពុជា។
បើទោះបីកិច្ចព្រមព្រៀងមួយនេះ មានរយៈពេលប្រមាណ៣៤ឆ្នាំទៅហើយក្តី តែក៏នៅតែមានមតិ និងទស្សនៈយល់ឃើញផ្សេងៗក្នុងចង្កោមបុគ្គលជាអ្នកនយោបាយខ្មែរ និងសាធារណជនមួយចំនួន។ ទស្សនៈខ្លះបានអះអាងថា កិច្ចព្រមព្រៀងនេះលេចវត្តមានឡើង ដោយសារតែការធ្លាក់ចុះ នៃឥទ្ធិពលសហភាពសូវៀត និងការរលាយរលត់នៃសង្រ្គាមត្រជាក់ ក៏ដូចជាការដកថយរបស់ប្រទេសជាបង្អែកភាគីជម្លោះរបស់ខ្មែរជាដើម ហើយក៏មានអ្នកនយោបាយខ្លះ ក៏ប្រឹងប្រែងបកស្រាយក្នុងរូបភាពផ្សេងៗ បំណងទាញផលចំណេញផ្នែកនយោបាយពីថ្ងៃទី២៣ តុលានេះ។ តែក៏មានទស្សនៈខ្លះទៀតមិនយល់បែបនោះឡើយ។ ការចុះទន់ខ្សោយនៃឥទ្ធិពលសហភាពសូវៀត បង្អែករដ្ឋាភិបាលរដ្ឋកម្ពុជា ការរលត់សង្គ្រាមត្រជាក់ រួមទាំងការជួយជ្រោមជ្រែងពីមិត្តភក្តិបរទេស ពិតជាវិភាគទានមួយសម្រាប់ការស្វែងរកសន្តិភាពនៅកម្ពុជា។ តែការថមថយឥទ្ធិពល និងការរួមវិភាគទានក្នុងការស្វែងរកដំណោះស្រាយរបស់ប្រទេសជាមិត្ត ក៏មិនមែនជាបុព្វហេតុទាំងស្រុង នៃការរំលត់ភ្លើងសង្រ្គាមនៅកម្ពុជានោះឡើយ។
ប្រសិនខ្មែរគ្រប់ភាគី នៃជម្លោះ ជាពិសេសសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ដែលជាតួអង្គគន្លឹះ និងសំខាន់បំផុត មិនទម្លាក់ចោលទឹកព្រះទ័យ ទឹកចិត្តអស្មិមានៈ និងមិនមានស្មារតីចរចាស្វែងរកការពន្លត់ភ្លើងសង្រ្គាមទេនោះ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមិនអាចទៅរួចនោះឡើយ។ ស្មារតី នៃការបង្រួបបង្រួមរវាងខ្មែរ និងខ្មែរ ទើបជាបុព្វហេតុ ដ៏ចម្បង និងសំខាន់បំផុត ដែលកូនខ្មែរគ្រប់រូបមិនអាចបំភ្លៃបានឡើយ។
សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកនៃកិច្ចចរចាស្វែងរកសុខសន្តិភាព ធ្លាប់បានថ្លែងគូសបញ្ជាក់ថា កិច្ចចរចាសន្តិភាពនេះមិនអាចកើតមានឡើយ បើគ្មានសម្តេច នរោត្តម សីហនុ និងរូបសម្តេចទេនោះ។ សម្តេចតេជោ បានបញ្ជាក់ថា តួអង្គទាំងពីរ គឺជាតួអង្គដ៏សំខាន់បំផុត។
សម្តេចតេជោ ហ៊ុន សែន ដែលជាម្ចាស់ហត្ថលេខីនៃកិច្ចចរចាសន្តិភាពទីក្រុងប៉ារីសមកពីភាគីរដ្ឋាភិបាលខ្មែរក្នុងសម័យរដ្ឋកម្ពុជា នាពេលកន្លងទៅ ធ្លាប់បានថ្លែងបញ្ជាក់ថា «បើគ្មានព្រះវត្តមានរបស់ព្រះអង្គ ក៏គ្មានវត្តមានកិច្ចព្រមព្រៀងទីក្រុងប៉ារីសទេ ហើយបើគ្មានវត្តមាន ហ៊ុន សែន ក៏គ្មានកិច្ចព្រមព្រៀងប៉ារីសដែរ»។ សម្តេចនាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្តថា «គេអាចបោះបង់ចោលការចរចាជាមួយខ្មែរក្រហម ជាមួយក្រុមរបស់លោក សឺន សាន បាន ប៉ុន្តែមិនអាចប៉ោះបង់ចោលការចរចាជាមួយសម្តេច នរោត្តម សីហនុ និងមិនអាចបោះបង់ចោលការចរចាជាមួយនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទេ»។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកបន្ថែមទៀតថា ជំនួបលើកដំបូងរវាងសម្តេច និងសម្តេចព្រះបរមតនកោដ្ឋនៅ FERE-EN-TARDENOIS នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៨៧ និងជំនួបនាពេលបន្តបន្ទាប់ទៀតទេនោះ គឺនឹងគ្មានកិច្ចចរចាសន្តិភាពទីក្រុងប៉ារីសនោះឡើយ។
លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក៏បានគុណតម្លៃធំចំពោះតួអង្គសម្តេច នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ផងដែរ ជាតួអង្គរុញឱ្យមានកិច្ចព្រមព្រៀងនេះឡើង។ លោកបណ្ឌិត សុខ ទូច បានលើកបង្ហាញជាទឡ្ហីករណ៍មានប្រទេសមួយចំនួន បើទោះបីប្រទេសមហាអំណាចជាបង្អែកបានដួលរលំ តែមិនបានធ្វើឱ្យប្រទេសនោះស្វែងរកបាននូវកិច្ចព្រមព្រៀងនាំទៅដល់សុខសន្តិភាពណាមួយនោះឡើយ។ ប្រទេសនោះមានដូចជាអាហ្វហ្កានីស្ថាន អង់ហ្កោឡា និងនីហ្សេរីយាជាដើម។
លោក សុខ ទូច បានគូសបញ្ជាក់ថា «កិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ កើតចេញពីឆន្ទៈរបស់ខ្មែរ តែយើងថាជាការខ្សោយរបស់មហាអំណាចក៏ត្រូវមួយជ្រុង។ ប៉ុន្តែខ្មែរ គឺឆន្ទៈ ហើយអ្នកដែលធ្វើហ្នឹងកុំភ្លេចបុរសម្នាក់ណុង គឺសម្តេចតេជោ ហ៊ុន សែន»។
សម្រាប់ការសម្រេចបាននូវកិច្ចព្រមព្រៀងនេះ លោកបណ្ឌិត សុខ ទូច បានផ្តល់តម្លៃខ្ពស់មួយកម្រិតទៀត សម្រាប់សម្តេចតេជោ ហ៊ុន សែន។ លោក សុខ ទូច បានចាត់ទុកសម្តេចតេជោ ប្រៀបដូចជាទឹក ដែលបានហូរចោះទម្លុះរាល់ឧបសគ្គ និងបញ្ហារបស់ខ្មែរឈានទៅរកនូវកិច្ចចរចាសន្តិភាពនេះឡើង។ លោកបានគូសបញ្ជាក់ថា នៅពេលនោះសម្តេចតេជោ ជាភាគីមួយដែលគ្រប់ទឹកដីរហូតដល់ទៅ ៩០ភាគរយ ដែលកម្លាំងត្រីភាគីមិនអាចវាយផ្តួលរបបរដ្ឋកម្ពុជាបាននោះឡើយ។ យោងលើហេតុផលនេះ បើសម្តេចតេជោ ហ៊ុន សែន មិនបើកកិច្ចចរចានាំសម្តេច នរោត្តម សីហនុ និងភាគីដទៃទៀតចេញពីព្រៃទេ គឺមិនអាចកើតមាននូវកិច្ចព្រមព្រៀងទីក្រុងប៉ារីសនោះឡើយ។
តាមរយៈសាររបស់សម្តេចតេជោ ហ៊ុន សែន កន្លងទៅ ក៏ដូចជាការលើកឡើងរបស់លោកបណ្ឌិត សុខ ទូច គឺជាសម្មតិកម្មយ៉ាងច្បាស់ថា កិច្ចចរចា ២៣ តុលា ១៩៩១ គឺបានកើតចេញពីស្មារតី នៃការបង្រួបបង្រួមជាតិកើតចេញពីខ្មែរ និងខ្មែរ។
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជាការត្រួសត្រាយផ្លូវថ្មីសម្រាប់កម្ពុជា កសាងនូវរបបមួយថ្មីមានការបោះឆ្នោត និងមានរដ្ឋធម្មនុញ្ញ និងបញ្ចប់វត្តមានកងទ័ពវៀតណាមលើទឹកដីកម្ពុជា។ ជាពិសេសកិច្ចព្រមព្រៀងនេះ បាននាំយកព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ យាងចូលមាតុកម្ពុជាវិញនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៩១ បង្កើតព្រះរាជាណាចក្រថ្មីជ្រកក្រោមរដ្ឋធម្មនុញ្ញតែមួយ កងកម្លាំងតែមួយ និងតំបន់គ្រប់គ្រងតែមួយ។
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ក៏បានជួយឲ្យកម្ពុជា មានការវិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់ពីប្រទេស ដែលស្ងាត់ជ្រងុំ ពីប្រទេសហ៊ុមព័ទ្ធសេដ្ឋកិច្ច មកជាប្រទេសមួយ ដែលត្រូវបានអន្តរជាតិទទួលស្គាល់ជាថ្មីទាំងសេដ្ឋកិច្ច នយោបាយ ការអភិវឌ្ឍ បូករួមនិងវិស័យផ្សេងៗជាច្រើនទៀត ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា មកពីគណបក្សប្រជាជនកម្ពុជា កើតចេញពីការបោះឆ្នោត ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។
ថ្វីត្បិតតែកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមិនបានបញ្ចប់សង្រ្គាមទាំងស្រុង ព្រោះតែកងទ័ពខ្មែរក្រហមបន្តជ្រកនៅតាមព្រៃជាយដែនក៏ដោយនោះ តែក៏បានរួមចំណែកត្រួសត្រាយផ្លូវសម្រាប់សម្តេចតេជោ ហ៊ុន សែន ក្នុងការឈានទៅអនុវត្តន៍នយោបាយឈ្នះឈ្នះ អន្ទងយកកងទ័ពខ្មែរក្រហមចេញពីព្រៃ នាំមកនូវការបញ្ចប់សង្រ្គាមទាំងស្រុងនៅចុងឆ្នាំ១៩៩៨ រហូតមកដល់ពេលបច្ចុប្បន្ននេះ។
ជារួមមកថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ពិតជាបានស្តែងឲ្យឃើញយ៉ាងច្បាស់ពីការបោះជំហានទៅបញ្ចប់ជម្លោះរវាងខ្មែរ និងខ្មែរ ក្រោមការចរចាជាលក្ខណៈគ្រួសារខ្មែរ មិនមែនបរទេសនិយមនោះឡើយ។ ២៣ តុលា បានក្លាយទៅជាកញ្ចក់បង្ហាញពីស្មារតីនៃការរួបរួម ដែលអ្នកនយោបាយខ្មែរគ្រប់និន្នាការ និងប្រជាពលរដ្ឋខ្មែរគ្រប់រូប គួរប្រកាន់យកក្នុងការដោះស្រាយបញ្ហាប្រទេសជាតិ ដើម្បីបញ្ចៀសភ្លើងសង្រ្គាម និងរុញច្រានប្រទេសជាតិឱ្យកាន់តែរីកចម្រើន។
បើទោះបីជាខ្លឹមសារទាំងឡាយនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ត្រូវបានរំលាយខ្លួនចូលក្នុងរដ្ឋធម្មនុញ្ញរបស់ជាតិកម្ពុជា លែងមានសុពលភាពបន្តទៅទៀតហើយក្តី។ តែកិច្ចព្រមព្រៀងនេះ នៅតែជាស្មារតី នៅតែដួងព្រលឹងមួយមានតម្លៃជាសារវ័ន្តសម្រាប់ខ្មែរគ្រប់រូប។ ជាដួងព្រលឹងដាស់ខ្មែរឱ្យនឹកដល់សាវតារ និងប្រវត្តិជូរចត់របស់ខ្មែរពីអតីតកាលព្រោះតែភ្លើងសង្គ្រាម ហើយត្រូវចងចាំនូវគុណតម្លៃសុខសន្តិភាពដែលខ្មែរកំពុងមាន ដែលទាមទាររួមគ្នារក្សាឱ្យបាននូវសុខសន្តិភាពមួយនេះ ទោះក្នុងតម្លៃណាក៏ដោយចុះ៕