លោកជំទាវបណ្ឌិត ជា សិរី អញ្ជើញសម្ពោធសៀវភៅ «វត្តអារាមនៅប្រទេសកម្ពុជា» ដែលបោះផ្សាយឡើងវិញ


(ភ្នំពេញ)៖ សារមន្ទីរ ស.ស.រ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ បានរៀបចំកម្មវិធីសម្ពោធសៀវភៅ «វត្តអារាមនៅប្រទេសកម្ពុជា» ដែលបោះផ្សាយឡើងវិញ ក្រោមអធិបតីភាពរបស់ លោកជំទាវ បណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ដោយមានវត្តមានរបស់អ្នកនិពន្ធសៀវភៅ លោកស្រី ដា‍នី‍ញែល ហ្គេរេត៍ (Danielle Guéret) និងភ្ញៀវកិត្តិយស មកពីវិស័យវប្បធម៌ អប់រំ និងជួររាជរដ្ឋាភិបាល ដើម្បីចូលរួមអបអរសាទរចំពោះការសិក្សាដ៏ល្អឯកនេះ អំពីបេតិកភណ្ឌបែបសាសនារបស់ប្រទេសកម្ពុជា។

សៀវភៅ «វត្តអារាមនៅប្រទេសកម្ពុជា» បានបោះពុម្ពផ្សាយលើកទីមួយក្នុងឆ្នាំ២០១៧ និងក្លាយជាឯកសារយោងមួយសម្រាប់អ្នកចាប់អារម្មណ៍ផ្នែកស្ថាបត្យកម្ម និងគំនូរលម្អ នៅតាមវត្ត‍អារាម។ ការសិក្សាស្រាវជ្រាវយ៉ាងទូលំទូលាយ ដែលបានធ្វើឡើងដោយលោក‍ស្រី ដានីញែល និងលោក ដូមីនិក ហ្គេរេត៍ ចន្លោះឆ្នាំ២០០៤ ដល់ឆ្នាំ២០១៥ បានកត់ត្រាយ៉ាងលម្អិតនូវផ្ទាំងគំនូរ និងស្ថាបត្យកម្មដ៏សម្បូរបែប តាមវត្តអារាមជាង ៣,០០០ កសាងឡើងនៅចន្លោះ ចុងសតវត្សទី១៩ ដល់ឆ្នាំ១៩៧៣ ដោយក្នុងនោះវត្តជាង ២,០០០ បានថតផ្តិតយកជារូបភាព។

សៀវភៅនេះ បង្ហាញនូវផ្ទាំងគំនូរដ៏រស់រវើកជាងមួយរយផ្ទាំង រួមបញ្ចូលរឿងរ៉ាវព្រះពុទ្ធសាសនា លាយឡំនឹងជីវិតប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា និងឆ្លុះបញ្ចាំងពីការវិវត្តនៃបច្ចេកវិទ្យា វប្បធម៌ នយោបាយ និងសង្គម ដែលផ្លាស់ប្តូរក្នុងសម័យកាលនីមួយៗ ស្របពេលកម្ពុជាបានធ្វើទំនើបកម្ម និងទទួលឥទ្ធិពលពីបរទេសជាបន្តបន្ទាប់។

ថ្លែងនៅក្នុងឱកាសនេះ លោកស្រី ដានីញែល ហ្គេរេត៍ អតីតសាស្ត្រាចារ្យ មហាវិទ្យាល័យបុរាណវិទ្យានៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានចែករំលែកនូវចំណាប់អារម្មណ៍ របស់លោកស្រីចំពោះវត្តអារាមនៅកម្ពុជា និងបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការការពារបូជនីយដ្ឋានទាំងនេះ ដែលជាផ្នែកមួយនៃអត្តសញ្ញាណជាតិ ដោយបញ្ជាក់ថា៖ «គោលបំណងរបស់នាងខ្ញុំគឺចង់ឱ្យមានការអភិរក្សសម្បត្តិបេតិកភណ្ឌដែលងាយរងគ្រោះទាំងនេះ»

ចំណែក លោក ប្លែស គីលីយ៉ង់ សហប្រធាននៃសារមន្ទីរ ស.ស.រ បានថ្លែងថា «‍សារមន្ទីរ ស.ស.រ នៃធនាគារជាតិនៃកម្ពុជា មានសេចក្តីសោមនស្សរីករាយ ក្នុងការដាក់សម្ពោធសៀវភៅ «វត្តអារាមនៅប្រទេសកម្ពុជា» របស់លោកស្រី ដានីញែល និងលោក ដូមីនិក ហ្គេរេត៍ បោះផ្សាយឡើងវិញនេះ ដែលជាស្នាដៃដ៏សំខាន់មួយក្នុងការចូលរួមលើកតម្កើង និងផ្តល់ចំណេះដឹងឱ្យកាន់តែស៊ីជម្រៅ អំពីបេតិកភណ្ឌសាសនារបស់កម្ពុជា ព្រមទាំងសារៈសំខាន់ នៃការចងក្រងឯកសារឡើងវិញ»

ការបោះផ្សាយឡើងវិញនៃសៀវភៅ «វត្តអារាមនៅប្រទេសកម្ពុជា» ផ្តល់នូវទម្រង់ដែលប្រសើរជាងមុន ក៏ដូចជាកាតាឡុកនៃការតាំងពិព័រណ៍មិនអចិន្ត្រៃយ៍ ដែលបានរៀបចំឡើង ដើម្បីរំឭកដល់ស្នាដៃរបស់លោកស្រី ដានីញែល និងលោក ដូមីនិក ហ្គេរេត៍ កាលពីឆ្នាំ២០២៤ ដោយមានចេញផ្សាយជាភាសាខ្មែរ អង់គ្លេស និងបារាំង ដែលអាចរកជាវបាន ក្នុងហាងលក់វត្ថុអនុស្សាវរីយ៍របស់សារមន្ទីរ ស.ស.រ។

សូមជម្រាបថា សារមន្ទីរ ស.ស.រ បង្កើតឡើងដោយធនាគារជាតិនៃកម្ពុជា សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ហៅកាត់ថា ស.ស.រ) គឺសម្រាប់អប់រំសាធារណជន អំពីប្រវត្តិសាស្រ្តសេដ្ឋកិច្ច និងការវិវត្តនៃរូបិយវត្ថុនៅកម្ពុជាតាមរយៈការរួមបញ្ចូលគ្នានូវវត្ថុបុរាណ និងបច្ចេកវិទ្យាទំនើប ដែលជាសារ‍មន្ទីរដ៏ទំនើប។

ចាប់តាំងពីការបើកដំណើរការរបស់ខ្លួនមក សារមន្ទីរ ស.ស.រ បានទទួលស្វាគមន៍ភ្ញៀវទស្សនាជាង ១៥០.០០០ នាក់ ដែលពាក់កណ្តាលក្នុងចំណោមភ្ញៀវទស្សនា គឺជាសិស្ស ឬកុមារ។ សារមន្ទីរ ស.ស.រ បានរៀបចំការតាំងពិព័រណ៍មិនអចិន្ត្រៃយ៍ សន្និសីទ និងព្រឹត្តិការណ៍ជាច្រើន ហើយក៏បានទទួលពាន‍រង្វាន់ Travelers’ Choice ពី Tripadvisor ផងដែរ៕