សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និង លើកទិសដៅការងារឆ្នាំ២០២៦ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្វាយរៀង


នាព្រឹកថ្ងៃព្រហស្បតិ៍២កេីត​ ខែកត្តិក​ ឆ្នាំម្សាញ់​ សប្តស័ក​ ព.ស២៥៦៩​ ត្រូវនឹងថ្ងៃទី២៣​ ខែតុលា​ ឆ្នាំ២០២៥នេះ​ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្តម ឌុច វនទីតូ អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម​ សាយ​ សំអាល់​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានអញ្ជេីញជាអធិបតីក្នុងកម្មវិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្វាយរៀង។
កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពីឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកអភិបាលរងខេត្ត​ ប្រតិភូក្រសួងរៀបចំដែនដី​ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ និងមន្ត្រីរាជការ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត​ លោកមេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានា​ លោកអភិបាល ក្រុង/ស្រុក ទាំង៨​ លោក លោកស្រីមេឃុំ-ចៅសង្កាត់ទាំង៨០​ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្តបានថ្លែងថា​ តាមរយៈសមិទ្ធផលការងារ និងលទ្ធផល នៃអង្គសន្និបាតនេះ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត សូមសម្តែងនូវការកោតសរសើរ និងការវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្វាយរៀង ដែលបានយកចិត្តទុកដាក់ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ប្រកបដោយការប្តេជ្ញាចិត្ត និងស្មារតីទទួលខុសត្រូវ ខ្ពស់រហូតសម្រេចបាននូវលទ្ធផលការងារដ៏សំខាន់ជាច្រើន ទាំងនៅក្នុងការងារផ្តល់សេវាសាធារណៈដែលជាសមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួនជូនប្រជាពលរដ្ឋ ការងារគ្រប់គ្រង និងការអភិវឌ្ឍក្នុងវិស័យសំណង់ ការសម្របសម្រួលក្នុងកិច្ចការសម្បទានដីសង្គមកិច្ច ការសាងសង់ ផ្ទះជូនគ្រួសារអតីតយុទ្ធជន ការងារសម្របសម្រួលដោះស្រាយទំនាស់ដីធ្លី តួយ៉ាងលទ្ធផលជា វិជ្ជមាន នៃការដោះស្រាយវិវាទរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនគម្រោងដីឡូតិ៍ភូមិមរតកជាដេីម​ ។
ឯកឧត្តម​បានជម្រុញដល់អាជ្ញាធរពាក់ព័ន្ធត្រូវបង្កើនការពង្រឹងការអនុវត្តច្បាប់ស្តីពីសំណង់ ទាំងលើការងារសាងសង់ និងការ ត្រួតពិនិត្យសំណង់ ជាពិសេសការទប់ស្កាត់ឲ្យបាននូវរាល់ការសាងសង់សំណង់ខុសច្បាប់ ដែលគ្មានលិខិតអនុញ្ញាត និងសំណង់ធ្វើឡើងខុសលិខិតអនុញ្ញាតដែលកើតមាននៅក្នុងខេត្ត ដោយត្រូវចេញវិធានការឲ្យបានទាន់ពេលវេលា ទប់ស្កាត់បទល្មើសសំណង់គ្រប់ប្រភេទ តាមរយៈ ការពង្រីកការផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋ ពិសេសម្ចាស់សំណង់ឲ្យបានយល់ដឹង ពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យសំណង់ ដើម្បីធានាបង្កើនគុណភាព សុវត្ថិភាព និងសុខុមាលភាពរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណជន ។​ ទន្ទឹកនេះរដ្ឋបាលក្រុង ស្រុក ត្រូវយកចិត្តទុកដាក់បន្ថែម ក្នុងការទប់ស្កាត់ឲ្យបានទាន់ពេលវេលា ចំពោះរាល់សកម្មភាពរំលោភយកដីសាធារណៈ និង ការសាងសង់សំណង់ផ្សេងៗរំលោភលើដីចំណីផ្លូវ ដើម្បីធានាឲ្យបាននូវសណ្តាប់ធ្នាប់ របៀប រៀបរយ និងសោភ័ណភាពទីក្រុង ទីប្រជុំជន និងមូលដ្ឋានរបស់យើង ។
ឯកឧត្តម​ ឌុច​ វនទីតូ​ អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ បានផ្តល់នូវអនុសាសន៍សំខាន់ៗចំនួន៥រួមមាន៖
១-​ ក្នុងការងាររដ្ឋបាលដីធ្លី សូមបន្តយកចិត្តទុកដាក់លើការងារចុះបញ្ជីដីទាំងដីរដ្ឋ ដីឯកជន ដោយ ខិតខំបង្កើនល្បឿន​ នៃការចុះបញ្ជីដី បណ្ណកម្មសិទ្ធិដី ដោយជៀសវាងការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ សំដៅពង្រឹង សុវត្ថិភាពនៃការកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋ ពង្រឹងជំនឿទុកចិត្តរបស់អ្នកវិនិយោគិន ក៏ដូចជាបង្កើនប្រភពចំណូល របស់ប្រជាពលរដ្ឋផងដែរ។
២-​ ក្នុងការងាររៀបចំដែនដី​ និងនគរូបនីយកម្ម សូមខិតខំធ្វើបច្ចុប្បន្នភាពទិន្នន័យការងាររៀបចំដែនដីនិង នគរូបនីយកម្មដោយសហការជាមួយអន្តរមន្ទីរជំនាញក្នុងខេត្ត និងក្រុមការងារបច្ចេកទេសក្រសួងដើម្បីរៀបចំការប្រើប្រាស់ដីថ្នាក់ក្រុងស្រុកឱ្យបានចប់សព្វគ្រប់ព្រមទាំងផែនទីកំណត់ព្រំប្រទល់ខេត្ត​ ស្របតាមដំណើរនៃការអភិវឌ្ឍរបស់ខេត្ត។
៣-​ ការងារសំណង់ សូមបន្តយកចិត្តទុកដាក់ពង្រឹងការគ្រប់គ្រងវិស័យសំណង់ ដោយត្រូវអនុវត្តវិធាន ការច្បាប់ឱ្យបានម៉ឺងម៉ាត់ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវចូលរួមសហការជួយទប់ស្កាត់ឱ្យបាននូវរាល់បាតុភាព អវិជ្ជមាននានាដែលបាននិងកំពុងកើតឡើងមាន ពិសេសសំណង់គ្មានលិខិតអនុញ្ញាត សំណង់ខុសច្បាប់អនុញ្ញាត ដើម្បីធានា ឱ្យបាននូវគុណភាពនៃសំណង់ ចូលរួមចំណែកលើកកម្ពស់សុខមាលភាព និងសុវត្ថិភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ សណ្តាប់ធ្នាប់សាធារណៈក៏ដូចជាសោភណភាពទីក្រុង និងទីប្រជុំជន។
៤-​ ក្នុងការងារលំនៅឋាន និងសម្បទានដីសង្គមកិច្ច សូមបន្តខិតខំចុះស្រង់ទិន្នន័យសំណង់បណ្តោះ អាសន្នលើដីសាធារណៈរបស់រដ្ឋ និងកំណត់មុខសញ្ញាប្រជាពលរដ្ឋដែលខ្វះខាតដីពិតប្រាកដ ដើម្បីដាក់ជូនអាជ្ញាធរខេត្ត មានមូលដ្ឋានក្នុងការដោះស្រាយរកដីធ្លីជូនពួកគាត់ឱ្យបានសមរម្យ ដោយតាមសារាចរលេខ០៣ ស្តីពីការដោះ ស្រាយសំណង់បណ្តោះអាសន្ននៅតាមទីក្រុង និងទីប្រជុំជន និងអនុក្រឹត្យស្តីពីសម្បទានដីសង្គមកិច្ច។
៥-ទាក់ទិននឹងការពង្រឹងការងារផ្តល់សេវាសាធារណៈតាមប្រព័ន្ធអនឡាញ និងតាមរយៈ ការិយាល័យច្រកចេញចូលតែមួយ សូមឱ្យមន្ត្រីគ្រប់ថ្នាក់ និងគ្រប់ផ្នែកត្រូវផ្លាស់ប្តូរអាកប្បកិរិយាការងាររបស់ខ្លួនពីអ្នកគ្រប់គ្រងមកធ្វើជាអ្នកផ្តល់សេវាគួរជាទីគោរព និងស្រលាញ់របស់ប្រជាពលរដ្ឋវិញ ដោយត្រូវបន្តខិតខំបំពេញភារកិច្ច របស់ខ្លួនប្រកបដោយតម្លាភាព សមត្ថភាព និងប្រសិទ្ធភាព៕