នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញចុះពិនិត្យរោងចក្រកែច្នៃដំឡូងមី កៅស៊ូ និងគម្រោងវិនិយោគកែច្នៃកសិ-ឧស្សាហកម្មចម្រុះ នៅក្នុងភូមិសាស្រ្តខេត្តកំពង់ធំ ដោយមាន ការចូលរួមអមដំណើរពីសំណាក់លោក ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹកនិងឧតុ និយម, អនុប្រធាន និងសមាជិកក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ រដ្ឋបាលខេត្តកំពង់ធំ និងជំនាញពាក់ព័ន្ធជាច្រើនរូបទៀត។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានលើកឡើងថា ការចុះមកដល់ទីតាំងរោងចក្រកែច្នៃដំឡូងមី និងកៅស៊ូ ព្រមទាំងទីតាំងគម្រោងសាងសង់រោងចក្រកែច្នៃកសិ-ឧស្សាហកម្មចម្រុះនាពលនេះ គឺក្នុងគោលបំណងជួយដោះស្រាយ បញ្ហាប្រឈមនៅនឹងកន្លែង និងបញ្ហាពាក់ព័ន្ធផ្សេងៗទៀតរបស់អ្នកវិនិយោគ អ្នកផលិត សហគមន៍ និងប្រជាកសិករ ដើម្បីបង្កើនសមត្ថភាពផលិត តម្លៃបន្ថែម និងការប្រកួតប្រជែង ព្រមទាំង លទ្ធភាពធ្វើឱ្យកាន់តែប្រសើរឡើងនូវការទាក់ទាញវិនិយោគ និងធុរកិច្ច ក្នុងមូលដ្ឋានខេត្តកំពង់ធំ ក៏ដូចជាដើម្បីលើកកម្ពស់ជីវភាពប្រជាជន តាមរយៈការបង្កើតការងារ មុខរបរ និងប្រាក់ចំណូលបន្ថែមជូនពួកគាត់ ដែលនឹង ចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ស្របតាមទិសដៅ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា។
ក្នុងដំណើរចុះបំពេញបេសកកម្មនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការវង្សី វិស្សុត និងប្រតិភូអមដំណើរបានអញ្ជើញ ចុះពិនិត្យរោងចក្រកែច្នៃដំឡូងមីស្ថិត នៅឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៦ ខែតុលាឆ្នាំ២០២៥។
រោងចក្រកែច្នៃដំឡូងមីនេះ មានផ្ទៃដី ទំហំ២២ហិកតា និងបានដំណើរការកែច្នៃ ចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៤ ដោយមានសមត្ថភាពផលិតជំហានដំបូងក្នុងដំណាក់កាលសាកល្បងប្រមាណ ៤០០០តោន ប៉ុន្តែបានផ្អាកដំណើរការទៅវិញរហូតមកទល់ពេលនេះ ដោយសារបញ្ហាទីផ្សារ។
បន្ទាប់មក នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដដែលនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត និងប្រតិភូអមដំណើរបានបន្តចុះពិនិត្យគម្រោងវិនិយោគ របស់ក្រុមហ៊ុន អេ.វី.ស៊ី អ៊ិនវេសម៉ិន ឯ.ក ដែលជាគម្រោងវិនិយោគកសិ-ឧស្សាហកម្មចម្រុះ តាមរបៀបសេដ្ឋកិច្ចចក្រា។ ក្រុមហ៊ុនបានបោះទុន វិនិយោគចំនួន ២៥ លាន ដុល្លារអាម៉េរិក លើផ្ទៃដី ៥៧ហិកតា នៅឃុំពពក ស្រុកស្ទោង រួមមាន រោងចក្រ កែច្នៃដំឡូងមី (ម្សៅដំឡូងមី និងដំឡូងមីចំណិត) ហើយកាកសំណល់ពីការកែច្នៃនេះ អាចផលិតជាជីសរីរាង្គ និងចំណីសត្វ ព្រមទាំងឧស្ម័នសម្រាប់សម្ងួត ដំឡូងមីវិញ និងសម្រាប់ផលិតថាមពលអគ្គិសនីពី ជីវម៉ាស ដោយរួមបញ្ចូលគ្នាជាមួយនឹងខ្សែច្រវាក់ផលិតកម្មគ្រាប់ឈើ និងរោងចក្របង្កកផ្លែឈើ ហើយគ្រោងនឹងដំណើរការនៅខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ។
តមកទៀត ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ និងប្រតិភូ ក៏បានបន្តចុះពិនិត្យខ្សែច្រវាក់ផលិតកម្មកែច្នៃ កៅស៊ូរបស់ក្រុមហ៊ុន ស៊ី . អ.ស៊ី.ខេ .២ អភិ វឌ្ឍន៍ កៅ ស៊ូ ឯ.ក និងក្រុមហ៊ុន បៀន ហៀក អ៊ិន វេស មេន ឯ.ក ក្នុងភូមិសាស្ត្រ ស្រុកស្ទោង។ ក្រុមហ៊ុនទាំងពីរ បានវិនិយោគលើការដាំដុះនិងកែច្នៃកៅស៊ូ ដោយដាំដុះលើផ្ទៃដី១៦ ២៦៨,៦៨ហិកតា ប្រើទុន វិនិយោគសរុបប្រមាណ ១០០លានដុល្លារអាម៉េរិក និងមានកម្មករសរុប ៣ ៦០០នាក់ ហើយក្នុងឆ្នាំ២០២៥នេះបរិមាណជ័រកៅស៊ូកែច្នៃមានចំនួន ៤៨ ០០០តោន។
ក្នុងឱកាសនៃការចុះបំពេញបេសកកម្មនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានលើកទឹកចិត្ត និងជំរុញឱ្យក្រុមហ៊ុន អេ.វី.ស៊ី អ៊ិនវេសម៉ិន ឯ.ក ឱ្យធ្វើការសិក្សា ពីការអនុវត្តល្អៗ ពី រោងចក្រ ឬក្រុមហ៊ុន ផ្សេងទៀត ដែលកំពុងដំណើរការបានល្អ ព្រមទាំងធ្វើការសិក្សារៀបចំផែនការ ឡូជីស្ទិក និងការ ប្រើប្រាស់ប្រភពថាមពល ដើម្បីកាត់បន្ថយថ្លៃដើមផលិតកម្ម។ ទន្ទឹមនេះ ឯកឧត្តមក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនឱ្យគិតគូរអំពីផងដែរ អំពីការប្រមូលទិញកសិផលពីសហគមន៍ និងប្រជាកសិករ តាមរយៈការធ្វើកសិកម្មតាមកិច្ចសន្យា (Contract Farming) ដោយរួមទាំងលទ្ធភាពនៃការផ្ដល់ទុនបង្វិល ពូជ និងបច្ចេកវិទ្យា ក្នុងការដាំដុះ ដើម្បីបង្កើនខ្សែចង្វាក់ផ្គត់ផ្គង់ក្នុងស្រុក និងផលិតកម្មក្នុងស្រុក ក៏ដូចជាដើម្បីបង្កើនសមត្ថភាពនាំចេញផងដែរ។
សូមជម្រាបថា ខេត្តកំពង់ធំ គឺជាខេត្តមួយដែលមានសក្តានុពលខ្ពស់ ក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម។ ជាក់ស្តែង បច្ចុប្បន្នខេត្តកំពង់ធំ មានផ្ទៃដីដំណាំដំឡូងមីប្រមាណជាង ៥៤,០០០ហិកតា ដោយទទួលបានទិន្នផល ប្រមាណ១,២លានតោន ក្នុង១ឆ្នាំ និងមានផ្ទៃដីដំណាំកៅស៊ូប្រមាណ ៧៣,០០០ហិកតាផងដែរ៕



























