ឯកឧត្តម ឡាយ សំកុល និងឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំក្រុងពាលី បើកការដ្ឋានសាងសង់ប្រព័ន្ធរំដោះទឹក នៅវិមានព្រឹទ្ធសភា ក្នុងសង្កាត់ទន្លេបាសាក់


ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីបើកការដ្ឋានសាងសង់ប្រព័ន្ធរំដោះទឹក នៅវិមានព្រឹទ្ធសភា ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដើម្បីសុំម្ចាស់ទឹកម្ចាស់ដី សុំសេចក្តីសុខ និងទទួលបានជោគជ័យ ក្នុងការបើកការដា្ឋនសាងសង់ប្រព័ន្ធរំដោះទឹកនេះ ដែលជាប្រពៃណីទំនៀមទំលាប់ខ្មែរ មុននឹងចាប់ផ្តើមសាងសង់សំណង់ផ្សេងៗ ដើម្បីឲ្យការសាងសង់នោះប្រព្រឹត្តទៅដោយរលូន និងមានសេចក្តីសុខ សេចក្តីចំរើន តែងប្រារព្វពិធីនេះឡើ ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្រោយការសិក្សាលម្អិតពីក្រុមការងារបច្ចេកទេស ក្នុងទីតាំងវិមានព្រឹទ្ធសភា ឃើញថា ទិន្ន័យផ្ទៃក្រឡាទំហំ ១៧ ០០០ម៉ែត្រការ៉េ បានលិចដោយបរិមាណទឹកភ្លៀង និងបរិមាណទឹក ដែលច្រាលចេញពី លូរដ្ឋ មុខកាត់១ម៉ែត្រកន្លះ ហូរចូលក្នុងទីតាំងវិមានព្រឹទ្ធសភា។ ដូច្នេះហើយទើបរដ្ឋបាលរាជធានីភ្នំពេញ សម្រេចសាងសង់ប្រព័ន្ធរំដោះទឹក ក្នុងវិមានព្រឹទ្ធសភានេះ។ ការដ្ឋាននេះជាគម្រោងនឹងត្រូវសាងសង់លូមូល មុខកាត់ទំហំ១ម៉ែត្រ ភ្ជាប់ទីតាំងរីហ្គែរចាស់មានស្រាប់ ចូលទីតាំងរីហ្គែរបេតុងថ្មី ជាប់អាងស្តុកទឹក នឹងតភ្ជាប់លូមូលមុខកាត់១ម៉ែត្រ ចូលរីហ្គែរបេតុងទ្វាទឹកថ្មី ដែលលូមូលមុខកាត់១ម៉ែត្រ មានប្រវែងសរុប ៣០ម៉ែត្រ។

សាងសង់អាងស្តុកទឹកភ្លៀងទំហំ ៧៥ម៉ែត្រ គុណ ៤ម៉ែត្រ នឹងមានកម្ពស់ ៣.២ម៉ែត្រ សាងសង់អាងស្តុកទឹកភ្លៀង សាងសង់ពីបេតុងឆ្អឹងដែក មានប្រវែង ៧៥ម៉ែត្រទទឹង ៤ម៉ែត្រ កម្ពស់ ៣.២ម៉ែត្រ អាចស្តុកទឹកភ្លៀងបណ្តោះអាសន្នបានទំហំ ៩៦០ម៉ែត្រគូប។ តម្លើងម៉ូទ័របូមទឹកចំនួន ៣គ្រឿង នឹងតម្លើងត្រង់ស្នូរ ២៥០kva ភ្ជាប់ចូលទូរបញ្ជារម៉ូទ័របូម។ ម៉ូទ័របូមទឹកចំនួន៣គ្រឿង អាចបូមទឹកបានបរិមាណមធ្យមចន្លោះពី ២៤០០ម៉ែត្រគូប ទៅ៣០០០ម៉ែត្រគូប ក្នុងមួយម៉ោង ដែលម៉ូទ័របូមទឹក១គ្រឿង មានទំនង់៧០០គីឡូក្រាម។ ចាក់បេតុឆ្អឹងដែក កម្រាស់១៥សង់ទីម៉ែត្រ ក្រឡាផ្ទៃ ៥០០ម៉ែត្រការ៉េនឹងកៅស៊ូ AC កម្រាស់៥០មីលីម៉ែត្រមានក្រឡាផ្ទៃ ១០០០ម៉ែត្រការ៉េ ចាក់បេតុងបន្ថែមភ្ជាប់បេតុងអាងទឹកអោយបានទំហំទទឹង៦ម៉ែត្រ នឹងការងារអ៊ុតកៅស៊ូ AC កម្រាស់ ៥០ម៉ែត្រទទឺង៦ម៉ែត្រ។

មន្ត្រីដដែលបានបញ្ជាក់ថា គម្រោងខាងលើនេះ អនុវត្តគម្រោងដោយរដ្ឋបាលរាជធានីភ្នំពេញ ប្រើប្រាស់ពេលវេលានៃការស្ថាបនាក្នុងរយៈពេល៣ខែ ដោយគិតចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥ នឹងត្រូវបញ្ចប់នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦៕