គណបក្សប្រជាជនកម្ពុជា ចេញញតិ្តគាំទ្រសេចក្តីថ្លែងការរួម ស្តីពីលទ្ធផលនៃជំនួបរវាងនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី


គណបក្សប្រជាជនកម្ពុជា បានចេញញតិ្តគាំទ្រ សេចក្តីថ្លែងការណ៍រួមរបស់នាយករដ្ឋមន្ត្រីនៃកម្ពុជា និងនាយករដ្ឋមន្ត្រីនៃថៃ ស្តីពីលទ្ធផលនៃជំនួបរវាងនាយករដ្ឋមន្ត្រីទាំងពីរ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ នេះបើតាមញតិគាំទ្រ ដែល​បណ្ដាញព័ត៌មានទទួលបាននៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥។

ញតិ្តគាំទ្រ ​របស់គណបក្សប្រជាជនកម្ពុជា បានសរសេរថា «សម្រាប់កម្ពុជា ដោយធ្លាប់បានឆ្លងកាត់ឆ្អែតឆ្អន់ ជាមួយសង្គ្រាមកាលពីអតីតកាល ពាក្យ «អគុណសន្តិភាព» បាននឹងកំពុងក្លាយជាមនោសញ្ចេតនាដ៏ស្ងប់សុខបំផុត របស់ប្រជាជននៅគ្រប់ ច្រកល្ហកក្នុងទូទាំងប្រទេស»។

ក្នុងន័យនេះ គណបក្សប្រជាជនកម្ពុជា សូមចូលរួមអបអរសារទរ និងគាំទ្រយ៉ាងម៉ឺងម៉ាត់ បំផុត ចំពោះសេចក្តីថ្លែងការណ៍រួមជាប្រវត្តិសាស្ត្រខាងលើ ដែលបានបើកឡើងនូវទំព័រថ្មី នៃការធានា សន្តិភាពយូរអង្វែង និងឈានទៅរកប្រក្រតីភាពឡើងវិញ នៃទំនាក់ទំនងប្រទេសទាំងពីរ កម្ពុជា-ថៃ។

គណបក្សប្រជាជនកម្ពុជា សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអនុវត្ត យុទ្ធសាស្ត្រ «ស្ងាត់ តែមិនស្ងៀម» របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រហូតសម្រេចបាននូវសេចក្តីថ្លែងការណ៍រួម ដែលជាគ្រឹះសម្រាប់ ការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី និងតាមច្បាប់អន្តរជាតិ។

គណបក្សប្រជាជនកម្ពុជា សូមថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ និងសូមអំពាវនាវដល់គ្រប់ តួអង្គពាក់ព័ន្ធទាំងជាតិ និងទាំងអន្តរជាតិ ពិសេសលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក និងលោក អាន់វ៉ា ស៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី សមាជិកអាស៊ាន សាធារណរដ្ឋ ប្រជាមានិតចិន សូមមេត្តាបន្តជួយគាំទ្រ និងចូលរួមជួយធ្វើឱ្យការអនុវត្តសេចក្តីថ្លែងការណ៍រួមនេះ សម្រេចបានជោគជ័យយ៉ាងឆាប់រហ័ស៕