ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានថ្វាយសារលិខិតថ្វាយព្រះសព្ទសាធុការពរ ថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ដែលបានថ្វាយព្រះរាជសារលិខិតអបអរសាទរព្រះអង្គ ក្នុងឱកាសព្រះរាជពិធីខួបទី២១ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ។
ព្រះរាជសារលិខិតរបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
បពិត្រ សម្តេចព្រះវររាជមាតា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងជាទីស្រឡាញ់ដ៏ជ្រាលជ្រៅជាទីបំផុត នៃទួលព្រះបង្គំជាបុត្រ
ទូលព្រះបង្គំជាខ្ញុំ សូមលើកហត្ថប្រណម្យបង្គំអញ្ជលី លំឱនកាយថ្វាយបង្គំដោយគោរពដ៏ឧត្តុង្គឧត្តមបំផុត សូមសម្តែងថ្វាយក្នុងមនោសញ្ចេតនាសោមនស្សរីករាយ ដោយបានទទួលនូវព្រះរាជសារប្រទានព្រះរាជ រាជសព្ទសាធុការពរជ័យដ៏ឧត្តុង្គឧត្តមអំពី សម្តេចព្រះវររាជមាតា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតង ក្នុងឱកាសខួបទី២១ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ នៃទូលព្រះបង្គំជាបុត្រ។
ទូលព្រះបង្គំជាខ្ញុំ រំជួលក្នុងហឫទ័យណាស់ ចំពោះព្រះរាជសារដែលមានពាក្យពេចន៍ ប្រកបដោយព្រះពរជ័យ និងអត្ថន័យដ៏វិសេសវិសាល បានបង្ហាញពីព្រះព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅរបស់ សម្តេចព្រះវររាជមាតា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ទូលព្រះបង្គំជាបុត្រ បំពេញបេសកកម្ម ជូនជាតិ សាសនា មាតុភូមិ ទទួលបានសេចក្តីសុខ សន្តិភាព និងមានការអភិវឌ្ឍដូចសព្វថ្ងៃនេះ អាស្រ័យដោយទូលព្រះបង្គំជាបុត្រ ដង្ហែតាមព្រះរាជតម្រាយ និងព្រះរាជឱង្ការផ្តែផ្តាំរបស់ព្រះករុណា ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងជាទីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត និងដង្ហែតាមព្រះរាជមាគ៌ាដ៏ឧត្តុង្គឧត្តមរបស់សម្តេចព្រះវររាជមាតា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទាំងទ្វេ មានព្រះរាជហឫទ័យសន្តោសប្រោសប្រណីដ៏វិសេសវិសាលបំផុតចំពោះ។
ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតលំឱនកាយក្រាបថ្វាយបង្គំ សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិនានាក្នុងលោក ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ព្រះបារមីអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតា សូមតាមជួយអភិបាលរក្សា សម្តេចព្រះវររាជមាតា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតនៃទូលព្រះបង្គំជាបុត្រ សូមព្រះអង្គបានប្រកបតែនឹងព្រះបរមសុខគ្រប់ប្រការ និងគង់ប្រថាប់ជាសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នៃព្រះរាជាណាចក្រកម្ពុជា ដរាបតរៀងទៅ៕


