ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ (ម៉ោងក្នុងតំបន់) បានបន្តដឹកនាំគណៈប្រតិភូកម្ពុជា រួមមាន ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម, ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, សមាគមឧកញ៉ាកម្ពុជា, និងស្ថានកុងស៊ុលកិត្តិយសនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំខេត្តអុនតារីយ៉ូ អញ្ជើញបំពេញួទស្សនកិច្ចទៅកាន់ សហគ្រាសផលិតទឹកផ្លែឈើរបស់ សម្ព័ន្ធ Lee Li Holdings Group ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុងតូរ៉ុនតូ ខេត្តអុនតារីយ៉ូ ប្រទេសកាណាដា។
ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងបេសកកម្មចម្បងមួយ គឺសំដៅសិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅអំពី ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងការងារ (Operations Management) និង ខ្សែចង្វាក់ផលិតកម្មទ្រង់ទ្រាយធំ (Large-scale Production Line) របស់សហគ្រាស ដែលដំណើរការដោយបច្ចេកវិទ្យាទំនើប និងស្វ័យប្រវត្តិកម្មខ្ពស់។ គណៈប្រតិភូកម្ពុជា ក៏បានធ្វើការឈ្វេងយល់ផងដែរអំពី ការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងស្តង់ដារគុណភាពអន្តរជាតិក្នុងការកែច្នៃផលិតផលភេសជ្ជៈ ដែលអាចជាគំរូសម្រាប់លើកកម្ពស់វិស័យកែច្នៃម្ហូបអាហារ និងកសិ-ឧស្សាហកម្មនៅកម្ពុជា។ ក្រុមហ៊ុនក៏បាននឹងកំពុងស្វែងរកលទ្ធភាពក្នុងការបណ្ដាក់ទុនវិនិយោគក្នុងប្រទេសកម្ពុជាដើម្បីផ្គត់ផ្គង់នៅក្នុងតំបន់។
គួររម្លឹកដែរថា៖ លោក Lee Q. Shim ដែលជាប្រធាន និងនាយកប្រតិបត្តិនៃសម្ព័ន្ធ Lee Li Holdings Group ទទួលបានឱកាសឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ។ ក្នុងជំនួបនោះ សម្ព័ន្ធ Lee Li Holdings Group បានបង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគលើវិស័យសក្តានុពលសំខាន់ៗនៅកម្ពុជា ក្នុងនោះរួមមាន៖ ប្រេងនិងឧស្ម័ន, សេវាសុខាភិបាល, មជ្ឈមណ្ឌលទទួលស្គាល់សម្រាប់ការនាំចេញ, ឧស្សាហកម្មកែច្នៃម្ហូបអាហារ, វិស័យភស្តុភារកម្ម, និងវិស័យយានយន្ត៕

















