ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញទទួលទានអាហារធុរកិច្ច ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ របស់ធនាគារជាតិនៃកាណាដា


ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាវេលាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ (ម៉ោងក្នុងតំបន់) បានដឹកនាំគណៈប្រតិភូកម្ពុជារួមមាន ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម, ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងអគ្គកុងស៊ុលកិត្តិយសកម្ពុជាប្រចាំទីក្រុងម៉ុងត្រេអាល់ អញ្ជើញចូលរួមកម្មវិធីទទួលទានអាហារថ្ងៃត្រង់ធុរកិច្ច ដែលរៀបចំទទួលស្វាគមន៍ដោយលោក Laurent Ferreira ប្រធានក្រុមប្រឹក្សាភិបាលធនាគារជាតិនៃកាណាដា (National Bank of Canada – NBC) ដោយមានការចូលរួមផងដែរ ពីគណៈថ្នាក់ដឹកនាំជាន់ខ្ពស់នៃ NBC។

កម្មវិធីទទួលទានអាហារថ្ងៃត្រង់ធុរកិច្ច ដែលបានរៀបចំនៅក្នុងបេសកកម្មទាក់ទាញ និងជំរុញការវិនិយោគ គឺជាវេទិកាក្រៅផ្លូវការមួយ ដែលមានគោលបំណងចម្បងក្នុងការបង្កើនភាពស្និទ្ធស្នាល និងបង្ហាញពីការគោរព ក៏ដូចជាបដិសណ្ឋារកិច្ចរបស់ NBC ក្នុងនាមជាម្ចាស់ផ្ទះមកកាន់គណៈប្រតិភូកម្ពុជា ដែលឆ្លុះបញ្ចាំងឱ្យឃើញផងដែរ ពីការប្តេជ្ញាចិត្តខ្ពស់របស់ខ្លួនចំពោះទីផ្សារកម្ពុជា។

តាមរយៈកម្មវិធីនេះគណៈប្រតិភូកម្ពុជាដែលបានចូលរួមអម លោកឧបនាយករដ្ឋមន្ត្រី ទទួលបាននូវឱកាសដ៏សំខាន់សម្រាប់ការបង្កើត និងបង្កើនទំនាក់ទំនង តាមរយៈការសន្ទនាដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃ NBC ដែលនេះជាផ្នែកមួយនៃការលើកកម្ពស់ទំនុកចិត្តលើការវិនិយោគនៅកម្ពុជាផងដែរ៕