កិច្ចសហប្រតិបត្តិការរវាងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រុងគីតាគ្យូស៊ុនៃប្រទេសជប៉ុន ដែលមានជាង ៣០ឆ្នាំនេះ មកនេះបានផ្តល់ផ្លែផ្កាជាច្រើន ដល់ការអភិវឌ្ឍន៍វិស័យទឹកស្អាត ខណៈភាគីទាំងពីរនឹងបន្តរឹតចំណងមិត្តភាពឱ្យកាន់តែស៊ីជម្រៅថែមទៀត។
នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥នេះ លោក តាកេអ៊ីឈិ កាស៊្យូហ៊ីសារ អភិបាលក្រុងគីតាគ្យូស៊ុនៃប្រទេសជប៉ុន បានចុះទស្សនកិច្ច មកកាន់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតភូមិព្រែក និងរោងចក្រផលិតទឹកស្អាតតាខ្មៅ ដែលរោងចក្រទាំងពីរនេះ ជារោងចក្រដែលត្រូវបានរដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសាងសង់ ដើម្បីផ្គត់ផ្គង់ទឹកស្អាតដល់ពលរដ្ឋក្នុងក្រុងភ្នំពេញ។
លោក ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឱ្យដឹងថា ដំណើរទស្សនកិច្ចផ្លូវការរបស់ លោក តាកេអ៊ីឈិ កាស៊្យូហ៊ីសារ គឺដើម្បីចុះមកពីពិនិត្យវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ ដែលក្រុងគីតាគ្យូស៊ុបានជួយដល់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គឺការជួយបណ្តុះបណ្តាលធនធានមនុស្ស ដែលកិច្ចសហប្រតិបត្តិការនេះ ធ្វើឡើងតាំងពីឆ្នាំ១៩៩៩មក។
លោកបានឱ្យដឹងថា នៅឆ្នាំ ១៩៩៩ កិច្ចសហប្រតិបត្តិការរវាង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងទីក្រុង គីតាគ្យូស៊ុ បានចាប់ផ្តើមជាផ្លូវការ។ តាមការស្នើសុំរបស់ JICA អ្នកជំនាញមកពីទីក្រុង គីតាគ្យូស៊ុត្រូវបានបញ្ជូនមកកម្ពុជា ដើម្បីបណ្តុះបណ្តាល និងការចែករំលែកចំណេះដឹងដល់មន្រ្តីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ។
លោកបានគូសបញ្ជាក់ថា ការគាំទ្រនេះបានពង្រឹងសមត្ថភាពស្ថាប័នរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញយ៉ាងខ្លាំង និងលើកកម្ពស់ស្តង់ដារប្រតិបត្តិការ និងការផ្តល់សេវាកម្មរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញកាន់តែប្រសើរឡើង។ អ្វីដែលគួរឱ្យកត់សម្គាល់បំផុតនោះគឺ កិច្ចសហការនេះបានរួមចំណែកដល់ការកាត់បន្ថយអត្រាទឹកបាត់បង់ពី៧២% ក្នុងឆ្នាំ១៩៩៣ មកត្រឹម ៧,២៨% ក្នុងឆ្នាំ២០០៦ ដែលជាសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់មួយ ដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយថាជា«អព្ភូតហេតុនៃទីក្រុងភ្នំពេញ»។
លោកបន្ថែមថា«រយៈពេលបីទសវត្សរ៍កន្លងមកនេះ ភាពជាដៃគូដ៏រឹងមាំ និងយូរអង្វែងរវាង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងទីក្រុង Kitakyushu បានវិវត្តហួសពីការផ្លាស់ប្តូរគម្រោង និងជំនាញសាមញ្ញមួយ។ វាគឺជាភាពជាដៃគូដ៏ស៊ីជម្រៅដែលបង្កើតឡើងដោយផ្អែកលើការជឿទុកចិត្តគ្នាទៅវិញទៅមក ចក្ខុវិស័យរួម និងការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះភាពជឿជាក់ នវានុវត្តន៍ និងការអភិវឌ្ឍជាបន្តបន្ទាប់។ ការចូលរួមចំណែកយ៉ាងជ្រាលជ្រៅនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតការរីកចម្រើនរបស់យើង និងក្នុងការពង្រឹងសមត្ថភាពរបស់យើងជាបន្តបន្ទាប់ក្នុងការបម្រើប្រជាជននៅទីក្រុងភ្នំពេញ»។
ថ្លែងនាឱកាសនេះ លោក តាកេអ៊ីឈិ កាស៊្យូហ៊ីសារ បានមានប្រសាសន៍ថា លោករីករាយដែលបានចូលរួមចំណែកជួយដល់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ជាពិសេសការសម្រេចបាននូវសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់មួយ ដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយថាជា«អព្ភូតហេតុនៃទីក្រុងភ្នំពេញ»។
លោកសង្ឃឹមថា ការបំពេញការងាររបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងក្លាយជាគម្រូដល់រដ្ឋាករទឹកផ្សេងទៀត នៅទូទាំងប្រទេសកម្ពុជា។
ក្នុងនាមជាអភិបាលក្រុងគីតាគ្យូស៊ុនៃប្រទេសជប៉ុន លោកមានបំណងចង់ពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងចង់បន្តរួមគ្នាដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យទឹកស្អាតនៅកម្ពុជា៕















