ឯកឧត្តម​ ថោ ជេដ្ឋា អញ្ជើញបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦ នៅវិទ្យាល័យរស្មីសោភ័ណ និងចែករង្វាន់សិស្សនិទ្ទេសA ឆ្នាំសិក្សា២០២៤-២០២៥ នៅទូទាំងស្រុកស្ទោង ខេត្តកំពង់ធំ


នៅព្រឹកថ្ងៃសៅរ៍ ១១កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទោង បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦ នៅវិទ្យាល័យរស្មីសោភ័ណ និងចែករង្វាន់ដល់សិស្សនិទ្ទេសA ឆ្នាំសិក្សា២០២៤-២០២៥ នៅទូទាំងស្រុកស្ទោង ខេត្តកំពង់ធំ។

សូមជម្រាបថា ឆ្នាំសិក្សាថ្មីនេះ នៅវិទ្យាល័យរស្មីសោភ័ណមានសិស្សសរុបចំនួន ២០១២នាក់ និងលោកគ្រូ អ្នកគ្រូសរុបចំនួន ៦២នាក់។ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ នៅទូទាំងស្រុកស្ទោង មានសិស្សជាប់និទ្ទេសA សរុបចំនួន ១៥នាក់ រួមមាន វិទ្យាល័យរស្មីសោភ័ណចំនួន ១១នាក់ វិទ្យាល័យជាស៊ីមប្រឡាយចំនួន ១នាក់ វិទ្យាល័យហ៊ុនសែនរុងរឿងចំនួន ២នាក់ និងវិទ្យាល័យហ៊ុនសែនចំណាលើចំនួន ១នាក់។

សូមបញ្ជាក់ថា រង្វាន់ជាសម្ភារ និងថវិកា ដែលប្រគល់ជូនដល់សិស្សានុសិស្សនាពេលនេះរួមមាន៖ ១)សិស្សនិទ្ទេសA ចំនួន១៥នាក់ ក្នុងម្នាក់ៗទទួលបានកុំព្យូទ័រយួរដៃចំនួន ១គ្រឿង និងថវិកាចំនួន ៤០ម៉ឺនរៀល ២)សិស្សចូលរួមសរុប ២០១២នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១ម៉ឺនរៀល ៣)ឧបត្ថម្ភវិទ្យាល័យរស្មីសោភ័ណ ថវិកា ២លានរៀល តុកៅអីសិស្ស ១០ឈុត បាល់ទាត់ និងបាល់បោះ ២០គ្រាប់ សៀវភៅសរសេរ ១០០០ក្បាល ប៊ិច ២០០០ដើម និងក្រដាសរ៉ាម ១០កេស លោកគ្រូអ្នកគ្រូ ចំនួន ៦២នាក់ ក្នុងម្នាក់ៗថវិកាចំនួន ៥ម៉ឺនរៀល ៤)ឧបត្តម្ភវិទ្យាល័យជាស៊ីមប្រឡាយចំនួន ២លានរៀល វិទ្យាល័យហ៊ុនសែនរុងរឿងចំនួន ២លានរៀល និងវិទ្យាល័យហ៊ុនសែនចំណាលើចំនួន ២លានរៀល៕