ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង នៅថ្ងៃអាទិត្យទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានដឹកនាំមន្ត្រីរាជការ មន្ទីរ អង្គភាព ជុំវិញខេត្ត បើកយុទ្ធនាការរត់ចម្ងាយ៥គីឡូម៉ែត្រ «ដើម្បីក្មេងស្រី និងអ្នកទាំងអស់គ្នា» ដែលធ្វើឡើងក្រោមប្រធានបទ «ភាពជាអ្នកដឹកនាំរបស់ក្មេងស្រីដើម្បីទាំងអស់គ្នា» ដើម្បីអបអរសាទរ ទិវាអន្តរជាតិក្មេងស្រី ឆ្នាំ២០២៥ ដោយមានការគាំទ្រពី ក្រសួងកិច្ចការនារី និងរដ្ឋបាលខេត្តស្ទឹងត្រែង រួមទាំងមន្ទីរ អង្គភាពជុំវិញខេត្ត ផងដែរ។
យុទ្ធនាការនេះក៏មានការចូលរួមពី លោក យី គីមថាន នាយកប្រចាំប្រទេសស្តីទីនៃអង្គការភ្លែនអន្តរជាតិកម្ពុជា និងមានអ្នកចូលរួមប្រមាណ១ពាន់ ៥០០នាក់ ដោយមានការរៀបចំឲ្យរត់លើចម្ងាយផ្លូវ ៥គីឡូម៉ែត្រ ជុំវិញក្រុងស្ទឹងត្រែង។
យុទ្ធនាការនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការគាំទ្រ ពីសំណាក់ក្រុមគ្រួសារ សហគមន៍ និងប្រជាជនគ្រប់រូប ជាពិសេសបុរស និងក្មេងប្រុស ក្នុងការអនុញ្ញាតឱ្យក្មេងស្រី ទទួលបានឱកាសពេញលេញ ដើម្បីអនុវត្តនូវសិទ្ធិ និងការចូលរួមយ៉ាងសកម្ម នៅក្នុងកិច្ចអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច ព្រមទាំងបង្កើនការអភិវឌ្ឍសមត្ថភាព ចំណេះដឹង និងភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីឱ្យក្មេងស្រីក្លាយជាធនធានមនុស្សដ៏មានតម្លៃ ប្រកបដោយគុណធម៌ សុជីវធម៌ និងសីលធម៌ នៅក្នុងការអភិវឌ្ឍជីវភាពរបស់ខ្លួននិងក្រុមគ្រួសារ ព្រមទាំងចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ៕




































