ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ នាថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៥ បាននាំយកអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនដល់ពលរដ្ឋដែលមានជីវភាពខ្វះខាត២៩០គ្រួសារ រស់នៅក្នុងក្រុងសិរីសោភ័ណ ទាំង៧សង្កាត់។
ពិធីប្រគល់ និងទទួលអំណោយមនុស្សធម៌នេះ បានរៀបចំឡើង នៅសាលាបឋមសិក្សា ហ៊ុន សែន សូភី ស្ថិតនៅភូមិតារាងបាល់ សង្កាត់ កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោកស្រេង សុផល អភិបាលក្រុងសិរីសោភ័ណបានបញ្ជាក់ថា ប្រជាពលរដ្ឋទាំង២៩០គ្រួសារដែលបានមកទទួលអំណោយនៅក្នុងថ្ងៃនេះ មកពីសង្កាត់ទឹកថ្លា ១១២គ្រួសារ , សង្កាត់អូរអំបិលចំនួន ៣៧គ្រួសារ , សង្កាត់កំពង់ស្វាយចំនួន ៣៣គ្រួសារ, សង្កាត់ព្រះពន្លាចំនួន ២២គ្រួសារ , សង្កាត់ម្កាក់ ចំនួន៤៤គ្រួសារ, សង្កាត់ភ្នៀត ២៧គ្រួសារ និងសង្កាត់កោះពងសាត់ចំនួន ១៥គ្រួសារ ដែលក្នុងមួយគ្រួសារទទួលបាននូវអង្ករ២៥ គីឡូក្រាម មីខ្លាឃ្មុំចំនួន២៥កញ្ចប់ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួររួមទាំងថវិកាមួយចំនួន។
នាឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជានិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា ដែលសម្តេច និងលោកជំទាវបណ្ឌិត តែងតែគិតគូរពីសុខទុក្ខរបស់ បងប្អូនជានិច្ច។
ឯកឧត្តម បានបន្តថា ក្នុងនាមជាជំនួយការជូនអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌កាកបាទក្រហមខេត្តបន្ទាយមានជ័យ និងបន្តខិតខំពង្រឹងនៃការចូលរួមជាមួយរាជរដ្ឋាភិបាលឱ្យបានទ្វេដង ដោយផ្តោតលើការយកចិត្តទុកដាក់លើអាទិភាពសំខាន់ រួមមានការផ្តល់អំណោយដល់បងប្អូនរងគ្រោះនិងងាយរងគ្រោះក្រីក្រ ខ្វះខាតជាដើម ហើយការផ្តល់នូវអំណោយមនុស្សធម៌នៅក្នុងឱកាសនេះ គឺជាការជួយសម្រាលទុក្ខលំបាកចំពោះបងប្អូនបានតែមួយគ្រាប៉ុណ្ណោះ។ ដូចនេះសូមបងប្អូនខិតខំធ្វើការដាំដុះបន្លែបង្ការចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារបានប្រសើរឡើង និងត្រូវហូបស្អាត ផឹកស្អាត រស់នៅស្អាត ពិសេសគោលការណ៍អនាម័យបរិស្ថាន៕













