គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តពោធិ៍សាត់ នាថ្ងៃទី០២-០៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឯកភាពគ្នាផ្តួចផ្តើមធ្វើបុណ្យកឋិនទានសាមគ្គីមួយ ដើម្បីដង្ហែទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងព័ទ្ធសីមាវត្តមុនីសោភ័ណ ហៅវត្តសំរោងយា ស្ថិតក្នុងភូមិសំរោងយា ឃុំព្រងិល ស្រុកភ្នំក្រវាញ ប្រមូលបច្ច័យបានជាង១៤៤លាន និង៦០ម៉ឺនរៀល ក្នុងនោះថវិការបស់ក្រុមការងារអាជ្ញាធរអគ្គិសនីកម្ពុជា ចំនួន៥០លានរៀន និងពុទ្ធបរិស័ទជិតឆ្ងាយចំណុះជើងវត្ត បន្ថែមជិត២០លានរៀលទៀត សម្រាប់ចាប់ផ្តើមកសាងព្រះវិហារក្នុងវត្ត។
បុណ្យកឋិនទានសមាគមនេះ ត្រូវបានប្រារព្ធធ្វើនៅស្នាក់ការគណបក្សខេត្ត ស្ថិតក្នុងភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ បន្ទាប់ពីជួបជុំ លោក លោកស្រី ជាម្ចាស់ដើមទាន ប្រធានដើមបុណ្យ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងបានធ្វើពិធីនមស្សកាព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត ទៅតាមគន្លងនៃព្រះពុទ្ធសាសនា។
ឯកឧត្តម ខូយ រីដា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត និងជាអភិបាលនៃគណៈអភិបាលខេត្ត បានថ្លែងអំណរគុណ ចំពោះលោកអ្នកឧកញ៉ា អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី មន្ត្រីរាជការគ្រប់មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ បងប្អូនអាជីវករ និងពុទ្ធបរិស័ទទាំងក្នុងខេត្ត ក្រៅខេត្ត ដែលបានចូលរួមចាប់មគ្គផល ក្នុងបុណ្យកឋិនទានសមាគម របស់គណបក្សប្រជាជនកម្ពុជា ខេត្តពោធិ៍សាត់ និងចំណុះជើងវត្ត ព្រមទាំងសូមអនុមោទនា ទទួលយកនូវអានិសង្សតាមកម្លាំងជ្រះថ្លារៀងៗខ្លួន។
ឯកឧត្តមបានបន្ថែមថា យើងទាំងអស់គ្នាបានមកជួបជុំធ្វើបុណ្យធ្វើទាននាពេលនេះ ដោយសារប្រទេសជាតិយើង មានសុខសន្តិភាពក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងបន្តវេនដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ថ្មីៗនេះសម្តេចទាំងទ្វេរ រួមទាំងឥស្សរជនជាន់ខ្ពស់ជាច្រើនទៀត បានខិតខំពុះពារគ្រប់ឧបសគ្គ ដើម្បីនាំមកនូវកិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជា-ថៃ។
ដូច្នេះហើយ សន្តិភាពគឺទ្រព្យដ៏ពិសិដ្ឋ មិនអាចកាត់ថ្លៃបាន ដែលជាបំណងប្រាថ្នាតែមួយគត់ របស់ប្រជាពលរដ្ឋគ្រប់រូប និងជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដែលយើងទាំងអស់គ្នាចាំបាច់ ត្រូវចូលរួមការពារថែរក្សាឱ្យបានគង់វង្ស។ លោកក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បន្តចូលរួមជួយថែរក្សាការពារ សុខសន្តិភាព និងសមិទ្ធផលដែលកើតមានសព្វថ្ងៃបានគង់វង្សយូរអង្វែងតទៅទៀត។
សូមបញ្ជាក់ថា កឋិនទាន គឺជាពិធីបុណ្យប្រពៃណីព្រះពុទ្ធសាសនា ដែលប្រជាជនខ្មែរចាប់ផ្ដើមធ្វើឡើង បន្ទាប់ពីចេញវស្សា។ បុណ្យកឋិនទាន តែងត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំងអស់ ចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃទី១៥កើត ខែកត្តិក គឺពុំមានវត្ដណាមួយត្រូវបានខកខានឡើយ ហើយបើទីអារាមណា មិនមានអង្គកឋិនហែរចូលទេ ទីអារាមនោះ ក៏ត្រូវតែរៀបចំជាកឋិនជើងវត្តដែរ។ ចំណែកអ្នកផ្ដើមបុណ្យ ត្រូវរៀបចំបរិក្ខាកឋិនមានត្រៃចីវរ សង្ឃាដិ ស្បង់ និងទេយ្យទានផ្សេងៗទៀតដូចជា បាត ចានស្រាក់ កាំបិត ចេស ម្ជុល ថង់យាម និងឆ័ត្រ ដើម្បីហែរទៅទីអារាមដែលបានកំណត់។
កឋិនទាន គឺជាបុណ្យមួយ ដែលមានតែក្នុងព្រះពុទ្ធសាសនាប៉ុណ្ណោះ ។ ក្នុងវត្តមួយ បើគ្មានភិក្ខុចាំវស្សា សោះ វត្តនោះក៏មិនអាចហែរ កឋិនចូលបានដែរ ព្រោះសាមណេរ គ្មានសិទ្ធិទទួលក្រាលគ្រងកឋិនទេ យ៉ាងហោចបំផុត ត្រូវមានភិក្ខុ ១អង្គ ដែលបានចាំវស្សា អស់រៈពេល ៣ខែ បានត្រឹមត្រូវទាំងបព្វជិត ទាំងគ្រហស្ថ អាចធ្វើកឋិនទានបានដូចគ្នាព្រះពុទ្ធជាម្ចាស់ ទ្រង់អនុញ្ញាតឲ្យភិក្ខុសង្ឈទទួលកឋិន គឺក្រាលគ្រងអនុមោទនាកឋិននោះ ដើម្បីសម្រាលនូវទុក្ខលំបាក ក្នុងការប្រើប្រាស់បច្ច័យមួយចំនួន ដូចជា ត្រៃចីវរ អាហារភោជន និងលាភសក្ការៈផ្សេងៗ ដែលកើតមានដល់សង្ឃ ហើយការសម្រាល ទុក្ខនេះទៀតសោត ក៏បានតែត្រឹមរយៈកាល ៥ខែ និងបានចំពោះតែភិក្ខុ ដែលចូល វស្សា អស់ត្រីមាស បានត្រឹមត្រូវ មិនដាច់វស្សានោះ៕



































