ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានថ្លែងថា ថ្ងៃបើកបវេសនកាលឆ្នាំសិក្សា ជាថ្ងៃដ៏មានអត្ថន័យបំផុត និងជាថ្ងៃដែលសាលារៀនបើកទ្វារទទួលក្មួយៗឱ្យចូលរៀនឡើងវិញ បន្ទាប់សម្រាកវិស្សមកាល។
ការលើកឡើងរបស់ឯកឧត្តម ញ៉ែម សំអឿន យ៉ាងដូច្នេះបានធ្វើឡើងក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា (២០២៥- ២០២៦)នៅក្នុងបរិវេណ វិទ្យាល័យសម្តេចឪ-សម្តេចម៉ែ នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥។
ឯកឧត្តមអភិបាលខេត្ត បានលើកទឹកចិត្តប្អូនៗក្មួយៗខិតខំសិក្សារៀនសូត្រ សូមចាប់យក ក្តារឈួន ប៊ិក សៀវភៅ សាលារៀនជាមិត្តសំឡាញ់ និងជាបណ្តើរៗរៀនអភិវឌ្ឍសម្រាប់ខ្លួនឯង និងរៀនដើម្បីគ្រួសារ និងសង្គមជាតិ ហើយចាកចេញ និងបោះបង់ចោលភាពជាក្មេងទំនើងគ្រប់រូបភាព និងដាច់ខាតចាកចេញ ឱ្យឆ្ងាយការប្រើប្រាស់គ្រឿងញៀន ដែលជាសត្រូវរបស់ខ្លួនឯង គ្រួសារ និងសង្គមជាតិ។
ឯកឧត្តមបានបន្តថា ទោះបីខេត្តរតនគិរី មានភូមិសាស្ត្រនៅឆ្ងាយពីរាជធានីភ្នំពេញ ហើយក៏ជាខេត្តមួយដែលពោពេញទៅដោយពហុវប្បធម៌ ប្រពៃណី ភាសា ពហុជនជាតិដើមភាគតិច មានស្ថានភាព និងលក្ខណៈស្មុគស្មាញយ៉ាងណាក៏ដោយ តែរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា មិនដែលបោះបង់ចោលខេត្តរតនគិរី ចោលម្តងណាឡើយផ្ទុយទៅវិញ រាជរដ្ឋាភិបាលបានខិតខំច្នៃប្រឌិតគ្រប់ មធ្យោបាយ យុទ្ធសាស្ត្រ ដើម្បីនាំមកនូវសន្តិភាព សុខសុវត្ថិភាព ការអភិវឌ្ឍដែលជាវត្ថុមិនអាចខ្វះបានក្នុង លោក សម្រាប់ប្រទេសកម្ពុជា និយាយជារួម និងខេត្តរតនគិរី និយាយដោយឡែកបានបង្កឱកាសលើការផ្តល់សេវាអប់រំប្រកបដោយសមធម៌ គុណភាព និងបរិយាប័ន្នដល់ប្អូនៗក្មួយៗគ្រប់ក្រុមជនជាតិទាំងអស់ ដោយគ្មានការរើសអើងជាតិសាសន៍ និងប្រកាន់និន្នាការនយោបាយឡើយ ជាពិសេសការបន្តបង្កើតឱ្យមាន សាលារៀនគ្រប់ភូមិសិក្សាឱ្យកាន់តែស្ថិតនៅក្បែរសហគមន៍ដែលប្អូនៗ ក្មួយៗ រស់នៅជិតផ្ទះបំផុតតាមលទ្ធ ភាពដែលអាចធ្វើទៅបាន។
ក្នុងឱកាសនេះ ឯកឧត្តម ញ៉ែម សំអឿន ក៏បាននូវក្តីរីករាយក្រៃលែង និងសូមអបអរសាទរចំពោះលទ្ធផល នៃការខិតខំប្រឹងប្រែងរបស់មន្ត្រីអប់រំគ្រប់ឋានានុក្រមដែលខិតខំប្រឹងប្រែងប្រកបដោយមនសិការវិជ្ជាជីវៈក្នុង ការពង្រីកនិងផ្តល់សេវាអប់រំឱ្យបានខិតដល់មូលដ្ឋានស្របតាមគោលនយោបាយរាជរដ្ឋាភិបាល ថែមទាំងទទួលបាននូវគុណភាពថែមទៀត តួយ៉ាងឆ្នាំមុនខេត្តរតនគិរី ទទួលបានសិស្សពូកែនិទ្ទេស (A) ចំនួន១៦នាក់ក់ (ស្រី០៦នាក់) ហើយឆ្នាំនេះកើនឡើង៦នាក់បន្ថែមទៀត បើសិនប្រៀបធៀបប្រភេទខេត្តតូច យើងខ្ពស់ជាងគេ០៦ខេត្ត ក្នុងនោះរួមមានឧត្តរមានជ័យ ព្រះវិហារ កែប ស្ទឹងត្រែង ប៉ៃលិន និងមណ្ឌលគិរី។
ឯកឧត្តមបានសម្តែងនូវក្ដីកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងបុគ្គលិកអប់រំ គ្រប់ឋានានុក្រមនៃមន្ទីរអប់រំ យុវជន និងកីឡា អាជ្ញាធរដែនដីនៃរដ្ឋបាលក្រុង/ស្រុក គណៈកម្មការគ្រប់គ្រងសាលារៀន អង្គការដៃគូអភិវឌ្ឍនានា ដែលខិតខំប្រឹងប្រែងសហការសម្របសម្រួលអភិវឌ្ឍវិស័យអប់រំ។ ទង្វើនិងសកម្មភាពសហប្រតិបត្តិការរបស់អ្នកទាំងអស់គ្នាពិតបានចូលរួមយ៉ាងសកម្ម ក្នុងការផ្តល់ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងយ៉ាងប្តូរផ្តាច់របស់រាជរដ្ឋាភិបាល លើការកែទម្រង់ជាតិ ពិសេសកំណែទម្រង់ស៊ីជម្រៅលើវិស័យ អប់រំ យុវជន និងកីឡា ក្នុងគោលដៅដើម្បីការអភិវឌ្ឍភាពសុខដុមរមនា និងវិបុលភាពរបស់ កម្ពុជា។ ក្នុងក្តីមោទន និងជឿជាក់ ចំពោះតថភាពនេះយើងត្រូវចូលរួមចំណែកទាំងអស់គ្នាដើម្បីគាំទ្រ និងអនុវត្តនូវគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលដើម្បីឈានទៅសម្រេចបាននូវគោលដៅធំៗរបស់ ជាតិដែលបានកំណត់នៅក្នុងផែនការអភិវឌ្ឍជាតិ។ ដូចនេះដល់ពេលយើងទាំងអស់ខិតខំធ្វើការប្រកបដោយវិជ្ជាជីវៈ ដោយគោរពនូវគោលការណ៍អភិបាលកិច្ចល្អដែលរួមមាន៖ ការចូលរួម, នីតិរដ្ឋ, តម្លាភាព, គណនេយ្យភាព, សមធម៌, ការព្រមព្រៀងឯកភាពគ្នា, ការឆ្លើយតប និងប្រសិទ្ធភាពខ្ពស់៕
















