នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ
ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សួន ម៉ាលីន អភិបាលខេត្តព្រៃវែង និងឯកឧត្តម ឡុង ចាម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉ែន កុសល្យអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំប្រតិភូអញ្ជេីញចូលរួមកិច្ចប្រជុំពិភាក្សាលេីការងារកិច្ចសហប្រតិបត្តិការរវាងខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម ដែលបានរៀបចំប្រព្រឹត្តិទៅនៅខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
កិច្ចប្រជុំនេះទទួលបានការស្វាគមន៍ និងអញ្ជេីញចូលរួមពីសំណាក់ឧត្តមសេនីយ៍ត្រី ឡេ ស៊ន់ថេ មេបញ្ជាការយោធភូមិភាគទី៧ ឯកឧត្តម ង្វៀន វ៉ាន់ទៀត លេខាគណៈកម្មាធិការបក្សខេត្តតៃនិញ ឯកឧត្តម ង្វៀន វ៉ាន់អ៊ុក អនុលេខាបក្ស និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្តតៃនិញ ព្រមទាំងឯកឧត្តម លោក លោកស្រី ជាថ្នាក់ដឹកនាំគណៈកម្មាធិការគណបក្សខេត្ត គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត គណៈកម្មាធិការប្រជាជនខេត្ត ព្រមទាំងថ្នាក់ដឹកនាំបណ្តាមន្ទីរ-អង្គភាព នៃខេត្តតៃនិញ ជាច្រេីនរូបទៀត។
មានប្រសាសន៍ទៅកាន់កិច្ចប្រជុំនេះឯកឧត្តមអភិបាលខេត្តបានថ្លែងនូវក្តីសោមន្សរីករាយដែលបានមកចូលរួមក្នុងកិច្ចប្រជុំពិភាក្សាកិច្ចសហប្រតិបត្តិការរវាងខេត្តស្វាយរៀង ព្រៃវែង និងខេត្តត្បូងឃ្មុំ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាពេលនេះ និងសូមថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំបក្ស និងរដ្ឋនៃខេត្តតៃនិញ ដែលបានរៀបចំកិច្ចប្រជុំពិភាក្សាកិច្ចសហប្រតិបត្តិការនាឱកាសនេះ ព្រមទាំងបានបដិសណ្ឋារកិច្ច យ៉ាងកក់ក្តៅ ស្និទ្ធស្នាល ដែលមិនត្រឹមតែបានឆ្លុះបញ្ចាំងឲ្យឃើញពីមិត្តភាពដ៏ជិតស្និទ្ធ ដែលបានបង្ហាញពីឆន្ទៈដ៏ម៉ឹងម៉ាត់ មុតស្រួច និងច្បាស់លាស់ ក្នុងការចូលរួមបន្តពូនជ្រំនូវប្រពៃណីទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាបងប្អូនល្អ សហប្រតិបត្តិការលើគ្រប់វិស័យរឹងមាំ គង់វង្សយូរអង្វែង។
ឯកឧត្តមបន្តថា ចំណងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ តាមរយៈការចុះ កិច្ចព្រមព្រៀងជាមួយនឹងខេត្តទាំងពីរ ខេត្តខេត្តស្វាយរៀង-តៃនិញ និងខេត្តស្វាយរៀង-ឡុងអាន កន្លងមកនេះ យើងពិតជាបានមើលឃើញនូវអត្ថប្រយោជន៍ដ៏ធំធេងពីមនុញ្ញផល កើតចេញពីផ្លែផ្កា នៃចំណងទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរដែលខេត្តយើងទាំង សងខាងរួមគ្នាសម្រេចបាន ដែលទាមទារជាចាំបាច់ណាស់ឲ្យយើងត្រូវតែបន្តខិតខំយកចិត្តទុកដាក់រក្សាឲ្យបានកាន់តែរឹងមាំនូវមិត្តភាពកក់ក្តៅ ក់ក្តៅ ស្មោះត្រង់ និងភាពជាដៃគូល្អប្រសើរ ដើម្បីថែបំប៉នចំណងទំនាក់ទំនងដ៏ថ្លៃថ្លា ក្នុងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងឲ្យកាន់តែរីកចម្រើនក្នុងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងខេត្តមានភូមិផងជាប់ព្រំដែនគ្នា៕

























































