ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា នៅក្នុងមូលដ្ឋានស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ចំនួន៥៤៨រូប


នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៥ គណបក្សប្រជាជនកម្ពុជានៅស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បានប្រកាសបញ្ចូលសមាជិកថ្មីចំនួន៥៤៨រូប ក្រោមវត្ដមាន ឯកឧត្តម យូ សិរីវុឌ្ឍ បេសជនពិសេសរបស់សម្តេចតេជោ ហ៊ុន សែន និងជាប្រធានក្រុមចលនាកសាងសមាជិកគណបក្សក្នុងមូលដ្ឋានរាជធានី-ខេត្ត។

ក្នុងពិធីនេះ មានការចូលរួមពីឯកឧត្តម អ៊ុក កោសា សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណបក្សខេត្តកំពង់ស្ពឺ ប្រធានក្រុមការងារចុះមូលដ្ឋាន ស្រុកសាមគ្គីមុនីជ័យ និងលោក ភឺន ផល្លា សមាជិកគណៈកម្មាធិការកណ្តាល និងអនុប្រធានក្រុមចលនាកសាងសមាជិកគណបក្ស។

ក្នុងនោះ ក៏មានការអមដំណើរដោយឯកឧត្តម គង់លីវ៉ា ជំនួយការរបស់សម្តេចតេជោប្រធានគណបក្សផងដែរ។

ឯកឧត្តម យូ សិរីវុឌ្ឍ ថ្លែងអំណរគុណ និងស្វាគមន៍ចំពោះសមាជិកថ្មីទាំង៥៤៨នាក់នេះ ដែលបានសម្រេចចិត្ត ចូលរួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សនយោបាយតែមួយគត់ តែងតែរួមសុខរួមទុក្ខ ជាមួយប្រជាជនគ្រប់កាលៈទេសៈ។

ឯកឧត្តម យូ សិរីវុឌ្ឍ បានបន្ថែមថា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានកើតចេញ ពីការតស៊ូដ៏អង់អាចក្លាហាន យកជីវិតធ្វើដើមទុន ដើម្បីបុព្វហេតុ ជាតិមាតុភូមិ និងបានឆ្លងកាត់សមរភូមិ ដ៏កាចសាហាវ ដែលគ្មានឥស្សរជនគណបក្សនយោបាយណាធ្វើបាននោះទេ។

លើសពីនោះទៀត ឯកឧត្តម យូ សិរីវុឌ្ឍ បានបន្តថា មិនត្រឹមតែបានរំដោះប្រទេសជាតិឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពតប៉ុណ្ណោះទេ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សស្នូល ក្នុងការបង្រួបបង្រួមជាតិ ស្វែងរកសន្តិភាព និងបានរំលត់ភ្លើង សង្គ្រាម ស៊ីវិលរ៉ាំរៃ ដោយជោគជ័យ តាមរយៈនយោបាយឈ្នះ-ឈ្នះ។

ឯកឧត្តម យូ សិរីវុឌ្ឍ បានលើកឡើងទៀតថា អ្វីៗដែលមាននៅសព្វថ្ងៃនេះ គឺជាសមិទ្ឋិផល នៃមរតកសុខសន្តិភាព និងការអភិវឌ្ឍ ដែលកើតឡើង ដោយការខិតខំប្រឹងប្រែង របស់ឥស្សរជនគណបក្សប្រជាជនកម្ពុជា៕