ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងបញ្ជាក់ថា គោលនយោបាយហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០២៦ ត្រូវបានគិតគូរដោយប្រកាន់យកនូវ «ជំហរគោលនយោបាយពង្រឹងស័ក្តិសិទ្ធិភាពថវិកា ដើម្បីទ្រទ្រង់ ស្ថិរភាព និងកំណើន» និងត្រូវបានរៀបចំដោយផ្អែកលើគោលការណ៍ និងអភិក្រមចំនួន ៨។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងបែបនេះ ធ្វើឡើងក្នុងសិក្ខាសាលា ស្តីពីការស្វែងយល់អំពីការកសាងក្របខណ្ឌ គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុធារណៈ សម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានបន្ថែមថា អនុវត្តតាមគោលជំហរថ្មីនេះ រាជរដ្ឋាភិបាលផ្តោតជាសំខាន់លើការបន្តពង្រឹងស័ក្តិសិទ្ធិភាពថវិកា, ទាំងកម្រិតវិភាជន៍ និងកម្រិតប្រតិបត្តិការ, តាមរយៈការបន្តធ្វើអាទិភាវូបនីយកម្មចំណាយ, ដោយក្នុងនោះក្របខណ្ឌចំណាយសាធារណៈ ត្រូវបានរៀបចំឡើងវិញ ដើម្បីតម្រង់ទិសធនធានទៅកាន់មុខសញ្ញា ដែលជាអាទិភាពសំខាន់បំផុតចំពោះមុខ, ជាពិសេសការពង្រឹងសមត្ថភាព ការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី, ការរក្សាលំនឹងសង្គម-សេដ្ឋកិច្ច និងជីវភាពប្រជាជន, ការលើកកម្ពស់សមធម៌សង្គម, ការបន្តទ្រទ្រង់ដំណើរការនៃកិច្ចអភិវឌ្ឍសង្គម ព្រមទាំងការធានានិរន្តរភាពនៃប្រតិបត្តិការការងារ របស់រាជរដ្ឋាភិបាល ស្របតាមទិសដៅ ជាយុទ្ធសាស្ត្រដែលត្រូវបានដាក់ចេញក្នុង «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ទៀតថា ថវិកាឆ្នាំ២០២៦ ត្រូវបានរៀបចំដោយផ្អែកលើគោលការណ៍ និងអភិក្រមចំនួន ៨ ដូចខាងក្រោម ៖
ទី១៖ ការគោរពឲ្យបាននូវក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ច តាមការកំណត់ ។
ទី២៖ ការរក្សាតុល្យភាព និង ចីរភាពថវិកា ។
ទី៣៖ ការធានាចីរភាព និង សមិទ្ធកម្មនៃចំណូល ។
ទី៤៖ ការតម្កល់ «មនុស្ស» ជាអាទិភាពទី ១ ។
ទី៥៖ ការធ្វើវិចារណកម្មលំដាប់អាទិភាព តាមរយៈ៖ (១) ការផ្តល់អាទិភាពដល់ ការពង្រឹងសមត្ថភាពការពារអធិបតេយ្យជាតិ និង បូរណភាពទឹកដី ទន្ទឹមនឹងការធានា ប្រក្រតីភាព និងនិរន្តរភាពនៃដំណើរការក្រសួង-ស្ថាប័ន (២) ការគាំទ្រដល់ការបន្ត អនុវត្តគោលនយោបាយអាទិភាព និងវិធានការគន្លឹះ សម្រាប់ដោះស្រាយបញ្ហាប្រឈម ជាអាទិភាព ក្នុងនីតិកាលទី៧ នៃរដ្ឋសភា (៣) ការទ្រទ្រង់ការងើបវិញ និងការជំរុញសកម្មភាពសេដ្ឋកិច្ច និង (៤) ការបន្តគាំទ្រ ឬបន្ថែមការគាំទ្រ ដល់កម្មវិធី/សកម្មភាព ចាំបាច់ខ្លាំង ដែលមិនខ្វះបាន ឬមិនអាចពន្យាពេលបាន របស់ក្រសួង-ស្ថាប័ន ។
ទី៦៖ ការលើកកម្ពស់ប្រសិទ្ធភាពកម្មវិធី និង/ឬ សកម្មភាព ។
ទី៧៖ ការផ្ទេរថវិកាឲ្យដល់អង្គភាពអនុវត្ត ។
ទី៨៖ ការផ្សារភ្ជាប់រវាងការប្រមូលចំណូល និង ការវិភាជថវិកា៕








