រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៥ នៅស្រុកសៀមប៉ាង ក្រោមអធិបតីភាពឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋប្រមាណ ៤៥១នាក់។
ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត បានបញ្ជាក់ថា វេទិកាសាធារណៈនេះ ពិតជាមានសារសំខាន់ណាស់ ក្នុងការជួយជំរុញដល់ការអនុវត្តមុខងារគ្រប់ស្ថាប័នមានការពាក់ព័ន្ធ រួមនឹងអាជ្ញាធរមូលដ្ឋាន ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ស្របតាមច្បាប់លិខិតបទដ្ឋានគតិយុត្តនៅថ្នាក់មូលដ្ឋាន។
ក្នុងនោះការពិនិត្យ និងដោះស្រាយបញ្ហា សំណួរ សំណូមពរ បស់ប្រជាពលរដ្ឋ នឹងជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សំដៅលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
ឯកឧត្តម សរ សុពុត្រា បានលើកឡើងបន្ថែមថា អង្គវេទិកាសាធារណៈនេះ មានគោលបំណងដើម្បីអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលប្រទេសកម្ពុជា អនុវត្តតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលអនុវត្តទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
អត្ថន័យសំខាន់វេទិកាសាធារណៈនេះ នៅក្នុងក្របខណ្ឌពង្រឹងលទ្ធិប្រជាធិបតេយ្យ នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលជាឆន្ទៈយ៉ាងមោះមុតរបស់ថ្នាក់ដឹកនាំ ជាពិសេសសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដោយសម្ដេច មហាបវរធិបតីនាយករដ្ឋមន្ត្រី ក្នុងការជួយជំរុញឱ្យកម្ពុជា អនុវត្តតាមលទ្ធិប្រជាធិបតេយ្យ ដោយបានឲ្យថ្នាក់ក្រោមជាតិ ជំរុញអនុវត្តកម្មវិធីវេទិកាក្រុមប្រឹក្សានៅគ្រប់បណ្ដាក្រុងស្រុកទាំងអស់ ដើម្បីស្ដាប់ ទទួលយកនូវបញ្ហា និងសំណូមពររបស់ប្រជាពលរដ្ឋមកដោះស្រាយបានទាន់ពេលវេលា។
សូមបញ្ជាក់ថា អង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាពេលនេះមានការលើកឡើងនូវសំណួរផ្ទាល់មាត់ចំនួន ៤ សំណួរ និងសំណូមពរសរសេរលាយលក្ខណ៍ជាអក្សរចំនួ២៩ សំណួរ ដោយផ្តោតទៅលើបញ្ហាហេដ្ឋារចនាសម្ពន្ធ សាលារៀន ផ្លូវថ្នល់ អគ្គិសនី ដីធ្លី និងបញ្ហាសន្តិសុខសង្គម នៅក្នុងមូលដ្ឋានជាដើម។ ត្រូវបានសាមីមន្ទីរ អង្គភាពជំនាញមានការពាក់ព័ន្ធ បានបកស្រាយបំភ្លឺជូនដល់អង្គវេទិកាទាំងមូល ឲ្យអស់កង្វល់ដែលប្រជាពលរដ្ឋ មានទុក្ខកង្វល់កន្លងមកឲ្យបានកាន់ តែយល់ច្បាស់ផងដែរ៕
























