ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំពិភាក្សាលើលទ្ធផលរៀបចំឯកសារទស្សនទានសម្រាប់ការតាក់តែងសេចក្តីព្រាងច្បាប់ស្តីពី របបសារព័ត៌មាន ដែលមានអាយុ ៣០ឆ្នាំ ឱ្យស្របទៅនឹងការរីកចម្រើនផ្នែកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)


ច្បាប់ស្តីពីរបបសារព័ត៌មាន ត្រូវបានអនុម័តដោយរដ្ឋសភា នៅថៃ្ងទី១៨ ខែកក្កដា ឆ្នាំ១៩៩៥ មាន ២១ មាត្រា ដែលច្បាប់នេះកំណត់ពីរបបសារព័ត៌‌មាន និងធានារ៉ាប់រងសេរីភាពសារព័ត៌‌មាន និង សេរី ភាព ខាង ការ បោះ ពុម្ពផ្សាយ។ ប៉ុន្តែ ច្បាប់ នេះបានផ្តោតសំខាន់ទៅលើការបោះពុម្ព ឬផ្សាយបន្តបែបបុរាណ ដោយពុំទាន់បញ្ចូលនូវកថាខណ្ឌពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យាឌីជីថល ឱ្យបានទូលំទូលាយនៅឡើយទេ។

ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍សង្គម បច្ចេកវិទ្យា និងចូលរួមលុបបំបាត់ព័ត៌មានក្លែងក្លាយ ក្រសួងព័ត៌មាន បាននឹងកំពុងពិភាក្សាដើម្បីរៀបចំច្បាប់នេះឡើងវិញ សំដៅធានាដល់ការអនុវត្តវិជ្ជាជីវៈសារព័ត៌មានប្រកបដោយក្រមសីលធម៌ និងធានាបាននូវបរិយាកាសប្រព័ន្ធផ្សព្វផ្សាយកាន់តែមានតម្លាភាព និងគុណភាពទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានបន្តដឹកនាំកិច្ចប្រជុំពិភាក្សាលើលទ្ធផលនៃការរៀបចំឯកសារទស្សនទានសម្រាប់ការតាក់តែងសេចក្តីព្រាងច្បាប់ស្តីពី របបសារព័ត៌មាន។ កិច្ចប្រជុំនេះបានធ្វើឡើងនៅសាលព្រះវិហារ ទីស្តីការក្រសួងព័ត៌មាន ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញជាច្រើនរូបទៀត។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា ក្នុងក្របខណ្ឌព័ត៌មាន កម្ពុជាមានច្បាប់តែមួយគត់តាំងពីឆ្នាំ១៩៩៥ គឺច្បាប់ស្តីពីរបបសារព័ត៌មាន ហើយចំពោះចំណុចនេះក្រសួងព័ត៌មាន នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភា បានប្រមូលនូវធាតុចូល និងសិក្សាទៅលើការរៀបចំឡើងវិញនូវច្បាប់នេះឱ្យស្របទៅនឹងការវិវត្តន៍របស់សង្គម។ ពីព្រោះច្បាប់ដែលបានរៀបចំតាំងពីឆ្នាំ១៩៩៥ គឺផ្តោតសំខាន់ពាក់ព័ន្ធប្រព័ន្ធផ្សព្វផ្សាយបុរាណ ប៉ុន្តែបច្ចុប្បន្ននេះ ប្រព័ន្ធផ្សព្វផ្សាយនេះបានវិវត្តន៍ថ្មីមួយទៀត គឺមានប្រព័ន្ធផ្សព្វផ្សាយទំនើបដែលចាំបាច់ច្បាប់ស្តីពីរបបសារព័ត៌មាននេះ ត្រូវរៀបចំឡើងវិញដោយឈរលើមូលដ្ឋានច្បាប់ចាស់ ហើយបង្កើននូវធាតុចូលថ្មីៗដើម្បីបំពេញបន្ថែមទៅលើការអនុវត្តប្រចាំថ្ងៃ។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្រោយបង្កើតច្បាប់នេះអស់រយៈពេល ៣០ឆ្នាំមក ច្បាប់នេះមិនទាន់ត្រូវបានកែសម្រួលអ្វីទាំងអស់។ ការរៀបចំតាក់តែងច្បាប់ស្តីពីរបបសារព័ត៌មានថ្មី គឺមិនធ្វើវិសោធនកម្មច្បាប់ចាស់នោះទេ ប៉ុន្តែ ការធ្វើច្បាប់ថ្មីនេះ ក៏មិនចោលច្បាប់ចាស់នោះដែរ ពោលច្បាប់ចាស់នឹងធ្វើជាមូលដ្ឋានគ្រឹះសម្រាប់កសាងមូលដ្ឋានច្បាប់ថ្មី។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថានៅអាណត្តិរាជរដ្ឋាភិបាលទី៧ ក្រសួងព័ត៌មាន បានដឹកនាំក្រុមការងារនីតិកម្មរបស់ខ្លួន ក្នុងការពិនិត្យលើកិច្ចការងារនេះ និងបានពិភាក្សា ជាមួយក្រុមអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីពិភាក្សាថាតើយើងត្រូវធ្វើដូចម្តេច។ ច្បាប់ស្តីពីរបបសារព័ត៌មានចាស់ មិនបានចែងអំពីការផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញទូលំទូលាយនៅឡើយទេ ព្រោះនៅសម័យនោះអត់ទាន់មានហ្វេសប៊ុក តិកតុក ឬវេសាយនោះទេ ប៉ុន្តែឥឡូវនេះយើងមានទាំងអស់លេចធ្លាយដល់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលកំពុងតែជ្រៀតចូលក្នុងវិស័យព័ត៌មាន ហើយក៏មានប្រភេទនៃការក្លែងព័ត៌មានតាមអេឡិចត្រូនិក និងបណ្តាញសង្គម។

គួរជម្រាបថា ក្នុងរយៈពេល ៦ឆ្នាំចុងក្រោយនេះ វត្តមាននៃប្រព័ន្ធឌីជីថល និងវឌ្ឍនភាពឥតឈប់ឈរនៃបច្ចេកវិទ្យាទំនើប បានបង្កឱ្យមានការផ្លាស់ប្តូរជាច្រើនក្នុងសង្គមកម្ពុជា និងពិភពលោក ជាពិសេសនៅក្នុងវិស័យព័ត៌មាន និងសោតទស្សន៍។ បច្ចេកវិទ្យាទំនើបបានបង្កើតជាឱកាសថ្មីៗ ផ្តល់លក្ខណៈអំណោយផល និងភាពងាយស្រួលជាងមុន ទាំងចំពោះអ្នកប្រើប្រាស់ និងប្រតិបត្តិករវិស័យសារព័ត៌មាន ដោយបានជំរុញវិសាលភាពក្នុងការទទួល និងផ្សព្វផ្សាយព័ត៌មានបានទូលំទូលាយ និងមានភាពច្នៃប្រឌិត៕