(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានចេញវិធានការឲ្យក្រុមការងារ នៃមន្ទីរទេសចរណ៍ខេត្ត ត្រូវ គ្រប់គ្រងឲ្យបានល្អ នូវការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ការលក់ដូររបស់អាជីវករ និងសេវាស្នាក់នៅជាដើម ដោយមិនឲ្យការតម្លើងថ្លៃ ក្នុងឱកាសពិធីបុណ្យធំៗនោះឡើយ។
ឯកឧត្តមអភិបាលខេត្ត បានចេញគោលការណ៍ដូច្នេះនាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងឱកាសដឹកនាំកិច្ចប្រជុំ គណៈប្រជាការឯកភាពរដ្ឋបាលខេត្ត នៅសាលប្រជុំធំ សាលាខេត្តកំពង់ចាម។
ឯកឧត្តមអភិបាលខេត្ត បានណែនាំបន្ថែមថា គ្រប់ពិធីបុណ្យធំៗរបស់ជាតិ ក្រុមការងារនៃមន្ទីរទេសចរណ៍ខេត្ត ត្រូវចុះអនុវត្តការងារ៣ដំណាក់កាល ក្នុងនោះមាន៖
*ទី១៖ មុនពេលពិធីបុណ្យ ក្រុមការងារត្រូវចុះរៀបចំពិនិត្យមើល ការងារសន្តិសុខសណ្ដាប់ធ្នាប់ ការតុបតែងលម្អ និងចុះធ្វើការអប់រំណែនាំអាជីវករ ផ្នែកសេវាកម្ម អនាម័យ និងរក្សាតម្លៃ មិនឱ្យមានការឡើងថ្លៃទេ រួមនិងសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរណ៍ ពិសេសគឺកន្លែងលេងទឹកជាដើម។
*ទី២៖ ក្នុងពេលពិធីបុណ្យ ត្រូវមានមន្ត្រីនៅប្រចាំការទទួលភ្ញៀវ និងសង្កេតការណ៍រាល់ការលក់ដូររបស់អាជីវករ តាមរមណីយដ្ឋាននីមួយៗ។
*ទី៣៖ គឺក្រោយពេលបុណ្យ គឺក្រុមការងារត្រូវពិនិត្យមើល លើការសំអាត អនាម័យបរិស្ថាន ធ្វើយ៉ាងណាឱ្យទីកន្លែងនីមួយៗមានភាពស្អាតដូចដើម។
ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា ក្នុងឱកាសបុណ្យអុំទូក អកអំបុក សំពះព្រះខែ ឆ្នាំនេះ ឃើញថាមានប្រជាពលរដ្ឋមកកំសាន្តក្នុងខេត្តកំពង់ចាមប្រមាណជាជាង ១១ម៉ឺននាក់ផងដែរ។ ជាមួយគ្នានោះសមត្ថកិច្ចបានរក្សាសន្តិសុខសណ្ដាប់ធ្នាប់បានល្អ និងបញ្ហាចរាចរកកស្ទះ ត្រូវបានសមត្ថកិច្ចយើងធ្វើការដោះស្រាយភ្លាមៗផងដែរ៕








