លេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន បន្តបើកវគ្គបណ្តុះបណ្តាលស្តីពីកិច្ចការលេខាធិការដ្ឋាន ជូនមន្រ្តីទទួលបន្ទុកពាក់ព័ន្ធនៃរដ្ឋបាលខេត្តកណ្តាល


(កណ្តាល)៖ លេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន (ក.រ.ម) នៃទីស្តីការគណៈរដ្ឋមន្រ្តី បានបន្តបើកវគ្គបណ្តុះបណ្តាលស្តីពីកិច្ចការលេខាធិការដ្ឋាន ជូនដល់មន្ត្រីលេខាធិការដ្ឋាន និងមន្ត្រីបង្គោល នៃក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល ដើម្បីពង្រឹងសមត្ថភាពដល់មន្រ្តីទទួលបន្ទុក ក្នុងការអនុវត្តតួនាទី ភារកិច្ច ការងាររៀបចំរបាយការណ៍ និងការងារសម្របសម្រួលគាំទ្រដល់សកម្មភាពការងារចុះមូលដ្ឋាន របស់ក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាពជាបន្ថែមទៀត។

ពិធីបើកវគ្គបណ្តុះបណ្តាលបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តម អេង ទូច រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន (ក.រ.ម) ដោយមានសិក្ខាកាមចូលរួម ប្រមាណជិត ២០០ នាក់ នាព្រឹកថ្ងៃទី១២ ខែវិច្ចិកា ឆ្នាំ២០២៥។

ឯកឧត្តម  គ្រុយ ម៉ាឡែន អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល និងជាអនុប្រធានលេខាធិការដ្ឋាន ក្រុមការងារងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត មានប្រសាសន៍ថា គិតមកទល់បច្ចុប្បន្ន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកណ្តាលមានចំនួនសរុប ១២៨១៥ នាក់។

ឯកឧត្តមបានបន្តថា ក្រុមការងារងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល ដែលដឹកនាំដោយឯកឧត្តម អគ្គបណ្ឌិតសភា ចារ្យ អូន ព័ន្ធមុនីរ័ត្ន ជាប្រធាន បានចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់ការដឹកនាំ ការសម្របសម្រួល និងការគាំទ្រដល់រដ្ឋបាលខេត្តកណ្តាល ក្នុងការលើកកម្ពស់សេវាសាធារណៈ ការអភិវឌ្ឍមូលដ្ឋាន និងការដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋ។

ក្រុមការងារក៏បានជួយតម្រង់ទិសដឹកនាំ និងជំរុញដល់រដ្ឋបាលខេត្ត​ ក្រុង-ស្រុក និងមន្ទីរ-អង្គភាពជំនាញនានា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងការបំពេញការងារ ស្របតាមតួនាទី ភារកិច្ច និងការទទួលខុសត្រូវ ដែលបានកំណត់ក្នុងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា។

ឯកឧត្តម អេង ទូច បានលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ស្វាហាប់ និងប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបន្តយន្តការក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន ដែលត្រូវបានបង្កើតឡើងក្នុងនីតិកាលទី៥ ដើម្បីបន្តផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋតាមមូលដ្ឋាន និងជួយតម្រង់ទិស គាំទ្រ និងជំរុញដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចនានា ក្នុងការអនុវត្តកម្មវិធី នយោបាយ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ កម្មវិធីគោលនយោបាយអាទិភាព និងវិធានការនានារបស់រាជរដ្ឋាភិបាល ឱ្យបានសកម្មផុសផុលនៅតាមមូលដ្ឋានទូទាំងប្រទេស ព្រមទាំងការដោះស្រាយសំណើ សំណូមពរ បញ្ហាប្រឈមតាមមូលដ្ឋាននានា ដើម្បីបម្រើផលប្រយោជន៍សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងជំរុញការចូលរួមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ឱ្យឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

ក្នុងនាមឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងក្នុងនាមឯកឧត្តម ទេសរដ្ឋមន្រ្តី សក់ សេដ្ឋា ប្រធានលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន, ឯកឧត្តម អេង ទូច បានថ្លែងអំណរគុណ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល និងរដ្ឋបាលខេត្តកណ្តាល ដែលបានផ្តល់កិច្ចសហការក្នុងការរៀបចំវគ្គបណ្តុះបណ្តាលនេះ និងជំរុញដល់សិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ ចូលរួមឱ្យសកម្ម ព្រមទាំងធ្វើការពិភាក្សា ផ្លាស់ប្តូរបទពិសោធឱ្យបានផុសផុល និងទទួលយកចំណេះដឹងបន្ថែម ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពការងារក្នុងនាមជាសេនាធិការរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដែលជាការចូលរួមពង្រឹងនិងលើកកម្ពស់ប្រសិទ្ធភាពការងារចុះមូលដ្ឋាន ក៏ដូចជាការចូលរួមលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងការអភិវឌ្ឍនៅមូលដ្ឋានឱ្យកាន់តែផុលផុស ជាពិសេសការដោះស្រាយសំណូមពរ និងបញ្ហាជូនប្រជាជន៕