(ភ្នំពេញ)៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ទទួលបានលិខិតសរសើរពីទីភ្នាក់ងារនគរបាលជាតិកូរ៉េ ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងសកម្ម និងមានប្រសិទ្ធភាពជាមួយនគរបាលកូរ៉េ ពិសេសកិច្ចសហការដ៏ល្អនៅក្នុងក្រុមការងាររួមកម្ពុជា-កូរ៉េ (Cambodia-Korea-Cambodia Joint Task Force)។
សូមជម្រាបថា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥កន្លងទៅនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ និងទីភ្នាក់ងារនគរបាលជាតិកូរ៉េ ទើបចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពី «ការបង្កើតក្រុមការងាររួមកម្ពុជា-កូរ៉េ សម្រាប់ពលរដ្ឋកូរ៉េ»។
បន្ទាប់ពីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នារវាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងទីភ្នាក់ងារនគរបាលជាតិកូរ៉េ រួចមកឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ រួមជាមួយលោក Yoo Jae Seong អគ្គស្នងការនគរបាលស្តីទី នៃទីភ្នាក់ងារនគរបាលជាតិកូរ៉េ អញ្ជើញចូលរួមពិធីសម្ពោធការិយាល័យក្រុមការងាររួមកម្ពុជា-កូរ៉េ សម្រាប់ពលរដ្ឋកូរ៉េ នៅក្នុងនាយកដ្ឋានកណ្តាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិផងដែរ៕



