នាព្រឹកថ្ងៃពុធ ៧រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញថ្លែងសុន្ទរកថាអបអរសាទរក្នុងពិធីបើកសប្តាហ៍ទឹកអន្តរជាតិកូរ៉េ(KIWW) ឆ្នាំ២០២៥ ក្នុងទីក្រុង Daegu សាធារណរដ្ឋកូរ៉ ក្រោមអធិបតីភាពឯកឧត្តម Kum Hanseung អនុរដ្ឋមន្ត្រីក្រសួងអាកាសធាតុ ថាមពល និងបរិស្ថានកូរ៉េ។
សូមជម្រាបថា កម្មវិធីសប្តាហ៍ទឹកអន្តរជាតិកូរ៉េឆ្នាំ២០២៥ ដែលមានការចូលរួមពីបណ្តារដ្ឋាភិបាល វិស័យឯកជន សង្គមស៊ីវិល អ្នកស្រាវជ្រាវ អ្នកជំនាញពាក់ព័ន្ធផ្នែកទឹកមកពីតំបន់នានានៅលើពិភពលោក បានប្រព្រឹត្តទៅក្រោមប្រធានបទ«ការកសាងអនាគតទឹកឆ្លាតវៃ ដោយការចែករំលែកបទពិសោធន៍ និងបច្ចេកវិទ្យា គំនិតច្នៃប្រឌិតឆ្លាតវៃ៖ ស្ពានឆ្ពោះទៅអនាគតទឹករួម»។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីអាទិភាពរបស់ប្រទេសកម្ពុជាក្នុងការគ្រប់គ្រងទឹកដែលផ្តោតលើ ទី១)ការគ្រប់គ្រងទឹកឆ្លាតវៃ និងរួមបញ្ចូលគ្នា ដោយធ្វើការវិនិយោគលើរ៉ាដា Doppler ថ្មី ការធ្វើទំនើបកម្មប្រព័ន្ធត្រួតពិនិត្យជលសាស្ត្រ ការពង្រីកបណ្តាញព្រមានដំបូងនិងការប្រើប្រាស់ GIS និងការចាប់សញ្ញាពីចម្ងាយដើម្បីកែលម្អការវិភាគទិន្នន័យពេលវេលាជាក់ស្តែង ទី២) ភាពជាដៃគូសម្រាប់ការអនុវត្តដោយធ្វើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ និងទី៣)លើកកម្ពស់ការច្នៃប្រឌិតសម្រាប់ភាពធន់នឹងអាកាសធាតុ ដោយធ្វើការកែលម្អប្រព័ន្ធស្តុកទឹក អនុវត្តដំណោះស្រាយផ្អែកលើធម្មជាតិ និងធានាថាហេដ្ឋារចនាសម្ព័ន្ធទឹករួមបញ្ចូលទាំងបច្ចេកវិទ្យា និងការចូលរួមរបស់សហគមន៍។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាក្នុងការត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នាជាសកលឆ្ពោះទៅរកសន្តិសុខទឹក បន្តកិច្ចសហការជាមួយប្រទេសជិតខាងតាមដងទន្លេមេគង្គ ដើម្បីលើកកម្ពស់ការចែករំលែកទិន្នន័យ ការគ្រប់គ្រងទឹកជំនន់និងគ្រោះរាំងស្ងួតរួមគ្នា ការប្រើប្រាស់ទឹកឆ្លងដែន ការធ្វើការជាមួយដៃគូទាំងអស់នៅថ្នាក់ជាតិ ថ្នាក់តំបន់ និងសកលលោក ដើម្បីសម្រេចបាននូវអនាគតទឹកដែលធន់ រួមបញ្ចូលនិងប្រកបដោយចីរភាព ជាពិសេសចំពោះភាពជាដៃគូជាមួយសាធារណរដ្ឋកូរ៉េ និងសហគមន៍ទឹកសកល៕


