ឯកឧត្តម ចាន់ ស៊ីណាត អញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសក្រសួងចុះពិនិត្យបណ្តាអាងទឹក ក្នុងភូមិសាស្ដ្រខេត្តប៉ៃលិន


នៅថ្ងៃពុធ ៧រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ និងជានាយកគម្រោងនៃអង្គភាពគ្រប់គ្រង និងអនុវត្តន៍គម្រោង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបន្តដឹកនាំ ក្រុមការងារបច្ចេកទេសក្រសួងចុះពិនិត្យបណ្តាអាងទឹកសំខាន់ៗនៅតាមតំបន់ព្រំដែន ក្នុងភូមិសាស្រ្តខេត្តប៉ៃលិន ដើម្បីរៀបចំផែនការគ្រោងប្លង់លម្អិតគ្រប់គ្រងទឹកដាក់ជូនក្រសួងធនធានទឹក និងឧតុនិយមនាពេលខាងមុខ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំដល់ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្រូវយកចិត្តទុកដាក់សហការជាមួយក្រុមការងារចុះមកសិក្សា ព្រមទាំងរាយការណ៍ឱ្យបានច្បាស់ និងគិតគូរឱ្យបានលម្អិតអំពីផែនការគ្រប់គ្រងទឹកក្នុងខេត្តទាំងមូល ជាពិសេសផ្តោតលើការស្តារ ការរៀបចំអាងទឹកការវេចខ្ចប់រក្សាទឹកទុក និងការរៀបចំផែនការបែងចែកទឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់លើគ្រប់វិស័យ សំដៅលើកស្ទួយសេដ្ឋកិច្ចជាតិ៕