ទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន អញ្ជើញបើកកម្មវិធីពិព័រណ៍កសិកម្មកម្ពុជា CAFE25


(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ប្រធានក្រុមប្រឹក្សាស្ដារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញបើកម្មវិធីពិព័រណ៍កសិកម្មកម្ពុជា CAFE25 នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ។

ពិធីនេះ ក៏មានវត្តមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍, ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្នាក់ដឹកនាំក្រសួងកសិកម្ម និងគណៈប្រតិភូអមដំណើរជាច្រើនរូបផ្សេងទៀត។

វេទិកានិងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៥ (CAFE25) គឺជាព្រឹត្តិការណ៍កសិកម្មដ៏ធំបំផុតដំបូងបង្អស់នៅព្រះរាជាណាចក្រកម្ពុជា។ ព្រឹត្តិការណ៍នេះដឹកនាំរៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ(MAFF) ដោយមានការចូលរួមសហការពីក្រសួងស្ថាប័នពាក់ព័ន្ធ អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជននានា។

ព្រឹត្តិការណ៍ CAFE25 នឹងក្លាយជាវេទិកាដ៏រស់រវើក ដែលមានគោលបំណងលើកកម្ពស់ពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ និងជំរុញការច្នៃប្រឌិតក្នុងវិស័យកសិស្បៀងអាហារ នៅព្រះរាជាណាចក្រកម្ពុជា។

CAFE25 គឺជាព្រឹត្តិការណ៍ក្នុងវិស័យកសិស្បៀងអាហារដែលមានទំហំ និងវិសាលភាពធំបំផុតដំបូងបង្អស់នៅព្រះរាជាណាចក្រកម្ពុជា។ ព្រឹត្តិការណ៍ CAFE25 រួមបញ្ចូលវេទិកាកសិកម្មកម្រិតខ្ពស់រយៈពេលពីរថ្ងៃ និងពិព័រណ៍កសិកម្មរយៈពេលបួនថ្ងៃ។

ព្រឹត្តិការណ៍ CAFE25 គឺជាវេទិកាដ៏សំខាន់សម្រាប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងខ្សែច្រវ៉ាក់តម្លៃកសិកម្ម រួមមានកសិករ អ្នកផលិត អ្នកកែច្នៃ ពាណិជ្ចករ វិនិយោគិន អ្នកតាក់តែងគោលនយោបាយ និងដៃគូអភិវឌ្ឍន៍ ដើម្បីផ្សាភ្ជាប់ទំនាក់ទំនង ផ្លាស់ប្តូរគំនិត និងចាប់យកឱកាសថ្មីៗសម្រាប់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគក្នុងវិស័យកសិស្បៀងអាហារនៅកម្ពុជាដែលកំពុងរីកចម្រើន។

វេទិការយៈពេលពីរថ្ងៃ ផ្តល់ឱកាសដល់អ្នកចូលរួមក្នុងការទំនាក់ទំនងដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំ និងមន្ត្រី រាជរដ្ឋា ភិបាល វិនិយោគិនក្នុងស្រុក និងក្រៅស្រុក និងអ្នកជំនាញអាជីវកម្មកសិកម្មនានា។

កម្មវិធីវេទិការកសិកម្មរួមបញ្ចូលការពិភាក្សាកម្រិតខ្ពស់ ការពិភាក្សាស៊ីជម្រៅ និងបទបង្ហាញផ្សេងៗ ដែលផ្តោតលើទិដ្ឋភាពទីផ្សារ តម្រូវការទីផ្សារ បរិយាកាសវិនិយោគ ជម្រើសហិរញ្ញវត្ថុ ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងការដឹកជញ្ជូន ក៏ដូចជាការចែករំលែកបទពិសោធន៍ជោគជ័យរបស់វិស័យឯកជនផងដែរ។

កិច្ចពិភាក្សានឹងផ្តោតជាពិសេសលើឱកាសវិនិយោគក្នុងទំនិញអាទិភាពទាំងមុខរួមមាន៖ ស្រូវអង្ករ ស្វាយចន្ទី កៅស៊ូ ដំឡូងមី ស្វាយ បន្លែ ត្រីម្រេច និងផលិតផលឈើប្រើប្រាស់ប្រកបដោយចីរភាព។

ពិព័រណ៍កសិកម្មរយៈពេលបួនថ្ងៃ នឹងមានមានស្តង់ពិព័រណ៍៤០០កន្លែងដែលដាក់តាំងបង្ហាញផលិតផលកសិកម្ម គ្រឿងចក្រកសិកម្មទំនើបៗបច្ចេកវិទ្យាដ្រូនកសិកម្ម បច្ចេកវិទ្យាកែច្នៃ ធាតុចូលកសិកម្ម និងសេវាកម្មផ្សេងៗ។ ម្ចាស់អាជីវកម្មកសិកម្ម អ្នកវិនិយោគ និងកសិករ នឹងត្រូវបានផ្សាភ្ជាប់គ្នាតាមរយៈកម្មវិធីផ្គូផ្គងពាណិជ្ជកម្ម ការសាកល្បង និងទទួលបទពិសោធន៍ផ្ទាល់ជាមួយបច្ចេកវិទ្យាកសិកម្មទំនើបៗ និងចូលរួមសិក្ខាសាលាអប់រំដែលរៀបចំឡើងសម្រាប់ចែករំលែកចំណេះដឹង និងបង្កើនជំនាញ។

ព្រឹត្តិការណ៍ CAFE25 ផ្តោតការយកចិត្តទុកដាក់ចំពោះកសិករជាចម្បង។ តាមរយៈកម្មវិធីទស្សនកិច្ចរបស់កសិករ កសិករ នៅទូទាំងប្រទេស នឹងត្រូវបានសម្របសម្រួលដើម្បីចូលរួមទស្សនាពិព័រណ៍ដោយផ្ទាល់ ដែលការណ៍នេះផ្តល់ឱកាសដ៏ពិសេសសម្រាប់អាជីវកម្មក្នុងការផ្សាភ្ជាប់ដោយផ្ទាល់ជាមួយកសិករកម្ពុជាដែលមកពីគ្រប់តំបន់។

ព្រឹត្តិការណ៍CAFE25 មិនមែនគ្រាន់តែជាពិព័រណ៍ ឬវេទិកាប៉ុន្នោះទេ ប៉ុន្តែវាជាថ្នាលដ៏សំខាន់សម្រាប់កសិករ អ្នកកែច្នៃ ពាណិជ្ជករ អ្នកវិនិយោគ និងអ្នកតាក់តែងគោលនយោបាយ ក្នុងការចែករំលែកគំនិត បង្កើតភាពជាដៃគូ និងស្វែងរកឱកាសថ្មីៗសម្រាប់ការកសាងភាពជាដៃគូយូរអង្វែង។

លក្ខណៈពិសេសរបស់ព្រឹត្តិការណ៍CAFE25 គឺវានឹងមិនបញ្ចប់ត្រឹមតែព្រឹត្តិការណ៍ប៉ុន្នោះទេ ប៉ុន្តែនឹងមានសកម្មភាពបន្តជាច្រើនទៀត ដើម្បីអនុញ្ញាតឱ្យភាគីពាក់ព័ន្ធបន្តទំនាក់ទំនង ចូលរួមសកម្មភាព និងសហការជាមួយគ្នា ដើម្បីស្វែងរក និងអនុវត្តចក្ខុវិស័យរួមសម្រាប់វិស័យកសិស្បៀងអាហារនៅកម្ពុជា។

កិច្ចសហការនេះមានគោលបំណងដើម្បីធ្វើឱ្យកម្ពុជាក្លាយជាទិសដៅដ៏ទាក់ទាញក្នុងតំបន់សម្រាប់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគក្នុងវិស័យកសិស្បៀងអាហារ៕