(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ម្ហូបក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើអមនុស្សធម៌ និងអគុណធម៌យ៉ាងសាហាវឃោរឃៅរបស់យោធាថៃ ដែលបានបើកការបាញ់ប្រហារ នាវេលាម៉ោងប្រមាណ ១៥:៥០នាទី មកលើប្រជាជនស៊ីវិលស្លូតត្រង់ខ្មែរ រស់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលបានបណ្តាលឱ្យប្រជាជនខ្មែរម្នាក់ បាត់បង់ជីវិត និង៣នាក់ បានរងរបួស។
សម្តេចបានចាត់ទុកថា សកម្មភាពវាយប្រហារនេះ បានកើតឡើងបន្ទាប់ពីភាគីថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិន អស់នាពេលកន្លងមក ក្នុងចេតនាញុះញង់ ដើម្បីនាំឱ្យមានការប៉ះទង្គិចនេះ។ នេះជាបាតុភាពដ៏ព្រៃផ្សៃ ដែល យោធាថៃបានរំលោភបំពានទាំងស្រុងលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជានិងថៃ ដែលរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ ចុះហត្ថលេខា នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ក្រោមអធិបតីភាពរបស់ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងក្រោមការសម្របសម្រួលពីលោក អាន់វ៉ ម៉ីប្រាហ៊ីម នាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី។
ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា សូមឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់ នូវការប្រើប្រាស់ កម្លាំងមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជា ក៏ដូចជាបញ្ឈប់ការប្រើប្រាស់កម្លាំងក្នុងការដោះស្រាយបញ្ហា ព្រំដែនរវាងប្រទេសទាំងពីរ ដោយទទូចសូមឱ្យបើកការស៊ើបអង្កេតដោយឯករាជ្យលើករណីនេះ និងសូម អំពាវនាវឱ្យមានការចូលរួមពីភាគីបរទេស ដែលមានជំនាញ ដើម្បីស្វែងរកការពិត និងផ្ដល់យុត្តិធម៌ជូន ប្រជាពលរដ្ឋកម្ពុជាដែលរងគ្រោះដោយសារការបាញ់ប្រហារនេះ។
ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា សូមបន្តគាំទ្រនូវរាល់វិធានការ និងការសម្រេច ចិត្តប្រកបដោយភាពចាស់ទុំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ដោយ ប្រកាន់ជំហរក្នុងការគោរពកិច្ចព្រមព្រៀងសន្តិភាពកម្ពុជានិងថៃ និងសូមអំពាវនាវឱ្យភាគីថៃត្រូវគោរពបទឈប់ បាញ់ កិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចអន្តរជាតិទាំងឡាយឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុឆន្ទៈ ពិតប្រាកដ៕


