អភិបាលរាជធានីភ្នំពេញ និងប្រជាពលរដ្ឋទាំងអស់ ប្រកាសថ្កោលទោស ដែលទាហានថៃ បាញ់ប្រហារបណ្តាលឱ្យពលរដ្ឋខ្មែរស្លាប់ និងរបួសនៅភូមិព្រៃចាន់


(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ និងប្រជាពលរដ្ឋទាំងអស់ ប្រកាសថ្កោលទោស ដែលទាហានថៃ បាញ់ប្រហារបណ្តាលឱ្យពលរដ្ឋខ្មែរស្លាប់ និងរបួសនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ នេះបើតាមញត្តិថ្កោលទោស របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី១៣ ខែវិច្ឆិកា​ ឆ្នាំ២០២៥។

ញត្តិថ្កោលទោស បានបញ្ជាកថា «ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាល ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ យើងខ្ញុំសូមសម្តែងនូវការសោកស្តាយជាពន់ពេក និងធ្វើការ ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះសកម្មភាពអសីលធម៌ អមនុស្សធម៌ អគុណធម៌ និងខ្វះ៖សេចក្តីថ្លៃថ្នូររបស់យោធាថៃ ដែលបានធ្វើការបាញ់ប្រហារ មកលើប្រជាពលរដ្ឋស៊ីវិល ស្លូតត្រង់កម្ពុជា រស់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្តាលឱ្យប្រជាពលរដ្ឋកម្ពុជា ចំនួន ១នាក់បាត់បង់អាយុជីវិត និងរងរបួសចំនួន ៣នាក់។

សកម្មភាពបាញ់ប្រហារដ៏ឃោរឃៅរបស់យោធាថៃមកលើប្រជាពលរដ្ឋស្លូតត្រង់កម្ពុជា គឺជាទង្វើយង់ឃ្នង ព្រៃផ្សៃ អមនុស្សធម៌ និងរំលោភបំពានយ៉ាងធ្ងន់ធ្ងរបំផុត នូវច្បាប់មនុស្សធម៌អន្តរជាតិ និងគោលការណ៍ជាមូលដ្ឋាន នៃ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ីអាគ្នេយ៍ ជាពិសេសគឺ ការរំលោភបំពានយ៉ាងគឃ្លីនលើសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួ ដែលបានចុះហត្ថលេខារវាង ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ក្រោមការចូលរួមជាសាក្សីពីសំណាក់ ឯកឧត្តម Donald J. Trump ប្រធានាធិបតី នៃសហរដ្ឋអាមេរិក និងឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលប្រារព្ធធ្វើឡើង នៅទីក្រុងតូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ កន្លងទៅនេះ។

ក្នុងន័យនេះ យើងខ្ញុំទាំងអស់គ្នាសូមឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់កម្លាំងមកលើប្រជាពលរដ្ឋ ស្លូតត្រង់កម្ពុជា ក៏ដូចជាការប្រើប្រាស់កម្លាំង ក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះ យើងខ្ញុំទាំងអស់គ្នា សូមអំពាវនាវឱ្យមានការចូលរួមពីភាគីបរទេសដែលមានជំនាញ ដើម្បីស្វែងរកការពិត ការទទួលខុសត្រូវ និងផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសកម្មភាពបាញ់ប្រហារដ៏អមនុស្សធម៌នេះ។

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌របស់យោធាថៃ និងសូមប្តេជ្ញាគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងការរក្សាជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីស្របតាមស្មារតី នៃសេចក្តីថ្លែងការណ៍រួមទីក្រុងតូឡាឡាំពូ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដើម្បីឈានទៅបញ្ចប់ជម្លោះ និងកសាងសន្តិភាពរវាងប្រទេសទាំងពីរ»៕