(ភ្នំពេញ)៖ ក្រសួងកិច្ចការនារី ប្រកាសថ្កោលទោស ចំពោះការបាញ់ប្រហារទាំងកំរោល របស់កងកម្លាំងប្រដាប់អាវុធថៃ មកលើប្រជាជនខ្មែរ ក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ នេះបើតាមញាត្ដិថ្កោលទោស របស់ក្រសួងកិច្ចការនារី ដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥។
ក្នុងញាត្ដិថ្កោលទោស បានសរសេរថា «យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងកិច្ចការនារី និងមន្ទីរកិច្ចការនារីទាំង២៥ រាជធានី ខេត្ត សូមប្រកាសថ្កោលទោស យ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ គ្មានគុណធម៌ របស់កងកម្លាំងប្រដាប់ អាវុធថៃ ដែលបានបាញ់ប្រហារទាំងកំរោលមកលើប្រជាជនស៊ីវិលស្លូតត្រង់ខ្មែរ កាលពីល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលបណ្តាលឱ្យពលរដ្ឋ១រូបបាត់បង់ជីវិត និង៣នាក់ទៀត រងរបួស»។
ទង្វើអមនុស្សធម៌ សាហាវយង់ឃ្នង និងព្រៃផ្សៃរបស់ក្រុមយោធាថៃ គឺជាការរំលោភបំពានយ៉ាងគឃ្លីនលើ អធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ក៏ដូចជារំលោភបំពាន យ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ ធម្មនុញ្ញ អង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន ជាពិសេសជាការប្រព្រឹត្តផ្ទុយពីសេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀង សន្តិភាពកម្ពុជា និងថៃ ដែលនាយករដ្ឋមន្ត្រីនៃប្រទេសទាំង២ បានចុះហត្ថលេខា នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៥ ថ្មីៗកន្លងមក។
ជាមួយគ្នានេះ យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងកិច្ចការនារី និងមន្ទីរកិច្ចការនារីទាំង ២៥រាជធានី-ខេត្ត សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារនៃសព និងសូមអំពាវនាវឱ្យមាន ការស៊ើបអង្កេតដោយឯករាជ្យ ដើម្បីស្វែងរកការពិត ការទទួលខុសត្រូវ និងផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋដែលរង គ្រោះបណ្តាលមកពីសកម្មភាពបាញ់ប្រហារទាំងកំរោលរបស់កងកម្លាំងប្រដាប់អាវុធថៃ។
ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា ជឿជាក់និងគាំទ្រយ៉ាងពេញទំហឹងលើរាល់ចំណាត់ការនិងវិធានការ របស់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពវៃឆ្លាត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ដោយប្រកាន់ ជំហរក្នុងការគោរព កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា និងថៃ និងសូមឱ្យភាគីថៃ ត្រូវគោរពបទឈប់បាញ់ កិច្ចព្រមព្រៀង សន្តិភាព និងកាតព្វកិច្ចអន្តរជាតិទាំងឡាយឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុឆន្ទៈពិតប្រាកដ៕

