(កណ្តាល)៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ត្រូវបានគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលផ្តល់នូវសេចក្តីទុកចិត្ត និងជឿជាក់ប្រគល់ភារកិច្ច ជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកណ្តាល។
ពិធីប្រកាសទទួលស្គាល់បានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងសមាជិកាជាច្រើននាក់ផ្សេងទៀត។
ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម បានថ្លែងថា នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តែងតែយកចិត្តទុកដាក់គិតគូរចំពោះជីវភាពរស់នៅរបស់អតីតយុទ្ធជន ដែលមានគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបាន ហ៊ានលះបង់សាច់ស្រស់ ឈាមស្រស់ និងធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងបុព្វហេតុរំដោះប្រទេសជាតិ ប្រជាជន ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាព និងមានការអភិវឌ្ឍរីកចម្រើនរហូតដល់សព្វថ្ងៃ។
ក្នុងឱកាសនោះឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត បានកោតសរសើរមេឃុំ ចៅសង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាល អធិការក្រុង-ស្រុក និងរដ្ឋបាលក្រុង-ស្រុកទាំងអស់ នៅទូទាំងខេត្តកណ្ដាល ដែលបានយកចិត្តទុកដាក់មើលថែ អតីតយុទ្ធជន នៅក្នុងមូលដ្ឋានរបស់ខ្លួនបានយ៉ាងល្អប្រសើរ។
បន្ថែមពីលើនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ក៏បានជំរុញលើកទឹកចិត្តដល់អាជ្ញាធរ និងបណ្ដាលមន្ទីរ អង្គភាពពាក់ព័ន្ធត្រូវបន្តខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយដោះស្រាយ ចំពោះជីវភាព សុខភាព និងបញ្ហាប្រឈមនានារបស់អតីតយុទ្ធជនឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀតផងដែរ។
ជាមួយគ្នានេះឯកឧត្តម គួច ចំរើន បានធ្វើការប្តេជ្ញាគោរព និងប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន នូវលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជាពិសេសគោលការណ៍ និងសេចក្តីសម្រេចចិត្តរបស់ មហាសន្និបាតវិសាមញ្ញ តំណាងសមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជា ទូទាំងប្រទេស។ ប្តេជ្ញាអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសប្រារព្ធពិធីបើកមហាសន្និបាតវិសាមញ្ញ តំណាងសមាគម អតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស និងអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសប្រារព្ធខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា៕





















