ខេត្តព្រះវិហារ និងខេត្តចម្ប៉ាសាក់ ប្ដេជ្ញារួមគ្នាបង្កើនកិច្ចសហប្រតិបត្តិការ និងជំរុញការអភិវឌ្ឍលើគ្រប់វិស័យ តាមព្រំដែននៃខេត្តទាំង២


(ព្រះវិហារ)៖ ខេត្តព្រះវិហារ កម្ពុជា និងខេត្តចម្ប៉ាសាក់ ឡាវ បានប្ដេជ្ញាចិត្តរួមគ្នានឹងបង្កើនកិច្ចសហប្រតិបត្តិការ និងជំរុញការអភិវឌ្ឍ លើគ្រប់វិស័យ ដើម្បីបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋតាមព្រំដែននៃខេត្តទាំង២។

ការប្តេជ្ញាចិត្តនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំ ស្ដីពីកិច្ចសហប្រតិបត្តិការលើកទី១០ រវាងខេត្តព្រះវិហារ និងខេត្តចម្ប៉ាសាក់ នៅសាលប្រជុំរដ្ឋបាលសាលាខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមវត្តមានឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងឯកឧត្តម អាលុនសៃ ស៊ុនណាក់ឡាត់ អភិបាលខេត្តចំប៉ាសាក់ ដោយមានការចូលរួមពីប្រតិភូនៃខេត្តទាំង២ ជាច្រើនរូបទៀត។

ឯកឧត្តម គីម រិទ្ធី បានសម្ដែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែងចំពោះវត្តមានឯកឧត្តម អាលុនសៃ ស៊ុនណាក់ឡាត និងគណៈប្រតិភូ ដែលបានអញ្ជើញមកទស្សនកិច្ចជាផ្លូវការ និងចូលរួមកិច្ចប្រជុំកិច្ចដ៏មានសារៈសំខាន់នាពេលនេះ ក្នុងគោលបំណងដើម្បីពិនិត្យមើលវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការកន្លងមក និងដាក់ចេញនូវផែនការយុទ្ធសាស្ត្រថ្មីៗ ដើម្បីបង្កើនកិច្ចសហការលើវិស័យសំខាន់ៗ ដូចជា សន្តិសុខតាមព្រំដែន ការធ្វើពាណិជ្ជកម្ម ទេសចរណ៍ និងការផ្លាស់ប្ដូរវប្បធម៌ រវាងខេត្តទាំងពីរឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមអភិបាលខេត្តព្រះវិហារ បានថ្លែងវាយតម្លៃខ្ពស់ទៅលើលទ្ធផលនៃកិច្ចសហប្រតិបត្តិការគ្នាកន្លងមក ដែលបានរួមគ្នាថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ តាមបណ្តោយព្រំដែន ដោយទប់ស្កាត់បទល្មើសគ្រឿងញៀន ជួញដូរមនុស្ស ការរត់ពន្ធ បទល្មើសព្រៃឈើ សត្វព្រៃ និងបទល្មើសផ្សេងៗទៀតប្រកបដោយភាពជោគជ័យ ព្រមទាំងបានសម្រួលឱ្យមានភាពងាយស្រួលជូនប្រជាពលរដ្ឋខេត្តទាំងពីរ ក្នុងការឆ្លងចេញ-ចូលតាមព្រំដែន ដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការតាមបណ្តោយព្រំដែន សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខេត្តទាំងពីរ។

ឯកឧត្តមអភិបាលខេត្តព្រះវិហារ ក៏បានថ្លែងជំរុញកិច្ចសហប្រតិបត្តិការដែលមានស្រាប់លើវិស័យសំខាន់ៗរួមមាន៖ សាធារណការ និងដឹកជញ្ជូន, កសិកម្ម, ធារាសាស្ត្រ, ថាមពល និងអគ្គិសនី, ពាណិជ្ជកម្ម, ទេសចរណ៍, វប្បធម៌, អប់រំ, កីឡា, សុខាភិបាល, សាសនា, និងការងារមនុស្សធម៌។ឯកឧត្តមក៏បានជំរុញដល់កងកម្លាំងមានសមត្ថកិច្ចនៃខេត្តទាំងពីរ ឱ្យបង្កើន និងពង្រឹងប្រតិបត្តិការល្បាតនៅតាមព្រំដែន សំដៅទប់ស្កាត់ និងបង្ក្រាបការរត់ពន្ធ បទល្មើសឆ្លងដែន បទល្មើសផ្សេងៗ និងការហូរចូលគ្រឿងញៀនខុសច្បាប់។ លើសពីនេះត្រូវបន្តផ្លាស់ប្តូរទស្សនកិច្ច ការរៀបចំផ្លាស់ប្តូរវប្បធម៌ និងកីឡារួមគ្នា និងបន្តពង្រឹងការរៀបចំកិច្ចប្រជុំតាមការកំណត់ឱ្យបានទៀងទាត់ និងផ្លាស់ប្តូរវេនគ្នាធ្វើជាម្ចាស់ផ្ទះ។

ជាការឆ្លើយតបឯកឧត្តម អាលុនសៃ ស៊ុនណាក់ឡាត់ បានឯកភាពទាំងស្រុងលើលទ្ធផលនៃកិច្ចប្រជុំនាពេលនេះ ព្រមទាំងសន្យានឹងចាត់ចែងឱ្យមន្ទីរជំនាញពាក់ព័ន្ធនៅថ្នាក់ខេត្ត និងថ្នាក់ស្រុក ធ្វើការសិក្សា ជំរុញ និងបន្តកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែល្អប្រសើរថែមទៀត។ ឯកឧត្តមក៏បានសន្យាដោះស្រាយបញ្ហាប្រឈមនានាតាមព្រំដែនប្រកបដោយស្មារតីសាមគ្គីភាព ភាពម្ចាស់ការ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីរក្សាចំណងមិត្តភាពដ៏យូរអង្វែងរវាងខេត្ត និងខេត្តនៃប្រទេសទាំងពីរ កម្ពុជា-ឡាវ៕