សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចុះសួរសុខទុក្ខពលរដ្ឋខ្មែរស្លូតត្រង់៣រូប ដែលរងរបួសដោយការបាញ់ប្រហារពីយោធាថៃនៅភូមិព្រៃចាន់


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកានេះ បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋខ្មែរស្លូតត្រង់ ចំនួន៣រូប ដែលបានរងរបួសដោយការបាញ់ប្រហារពីយោធាថៃនៅភូមិព្រៃចាន់ កាលពីថ្ងៃរសៀលថ្ងៃ១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោយពីបានយកមកពិនិត្យ និងព្យាបាលបន្តនៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ បន្ទាប់ពីធ្វើការវះកាត់ដោយជោគជ័យសង្គ្រោះជីវិតនៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបុរី ខេត្តបន្ទាយមានជ័យរួចមក។

តាមបណ្តាញសង្គម សម្តេចមហាបវរធិបតី បានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន កងកម្លាំងសមត្ថកិច្ច ដែលបានចាត់វិធានការលឿនរហ័សក្នុងការអន្តរាគមន៍ជួយសង្គ្រោះដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលរស់នៅទីនោះ ជាពិសេសអ្នករបួស ដោយជួយចាត់ចែងដឹកជញ្ជូនមកពិនិត្យ សង្គ្រោះនៅមន្ទីរពេទ្យបានទាន់ពេលវេលា។

ព្រមជាមួយគ្នានេះនេះ សម្តេចក៏សូមថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ បុគ្គលិកសុខាភិបាលទាំងអស់នៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបុរី ខេត្តបន្ទាយមានជ័យ ដែលបានយកចិត្តទុកដាក់ធ្វើការវះកាត់ជួយសង្គ្រោះជីវិតបងប្អូនប្រជាជនខ្មែរស្លូតត្រង់ទាំង៣រូប ប្រកបដោយជោគជ័យ និងសូមជូនពរដល់បងប្អូនទាំងអស់ដែលកំពុងសម្រាកព្យាបាលឆាប់ជាសះស្បើយ និងរឹងមាំឡើងវិញ។

ឆ្លៀតក្នុងឱកាសនេះ សម្តេចក៏បានចូលរួមរំលែកទុក្ខសារជាថ្មីជូនដល់ក្រុមគ្រួសារសព លោក ឌី ណៃ ដែលបានទទួលមរណភាពនៅក្នុងឧប្បទ្ទវហេតុនៃការបាញ់ប្រហារនេះ និងបានបួងសួងសូមវិញាណក្ខន្ធរបស់លោក បានទៅកាន់សុខគតិភពកុំបីឃ្លាងឃ្លៀតឡើយ។

សម្តេចបានបញ្ជាក់បន្ថែមទៀតថា កម្ពុជានៅតែប្រកាន់យកជំហរក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ព្រោះថាការដោះស្រាយដោយអំពើហឹង្សា ឬប្រើប្រាស់កម្លាំងប្រដាប់អាវុធ គឺមិនផ្តល់ផលប្រយោជន៍ណាមួយ ឬមិនបង្កលក្ខណ:វិជ្ជមានសម្រាប់ការដោះស្រាយបញ្ហា ព្រមទាំងបង្កហានិភ័យគ្រោះថ្នាក់អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់ថែមទៀត៕