អភិបាលរាជធានីភ្នំពេញ ណែនាំអភិបាលខណ្ឌ និងអភិបាលរង ដែលទើបតែងតាំង ផ្ទេរភារកិច្ចថ្មី ត្រូវពង្រឹងសមត្ថភាពបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន


ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំ និងជំរុញឲ្យអភិបាលខណ្ឌ អភិបាលរងខណ្ឌ ដែលត្រូវបានតែងតាំងផ្ទេរភារកិច្ចថ្មី ត្រូវយកចិត្តទុកដាក់បំពេញការងារឲ្យកាន់តែល្អប្រសើរ ដោយត្រូវពង្រឹងសមត្ថភាពឲ្យកាន់តែខ្លាំងក្លា ក្នុងការបម្រើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។ ក្នុងនាមជាអភិបាលខណ្ឌ អភិបាលរងខណ្ឌ ត្រូវដុះខាត់ ត្រូវក្រើនរំលឹក កែលម្អចំណុចខ្វះខាត មកបំពេញបន្ថែមឲ្យបានល្អប្រសើរ ហើយការកែលម្អចំណុចខ្វះខាតនោះ មិនត្រូវកើតមានឡើងនូវចំណុចខ្វះខាត ដដែលទៀតនោះទេ។

ក្នុងពិធីនាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តម ឃួង ស្រេង ក៏បានក្រើនរំលឹកអាជ្ញាធរខណ្ឌទាំងអស់ ត្រូវរក្សាឲ្យបានល្អប្រសើរនូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ នៅក្នុងមូលដ្ឋាន ការផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ។ ចំណែកការរក្សាអនាម័យ បរិស្ថាន ក្នុងនាមអាជ្ញាធរ ត្រូវតែយកចិត្តទុកដាក់ ដោយដាក់មន្ត្រីក្រោមឱវាទ ឲ្យតាមដានការអនុវត្ត ការដឹកជញ្ជូន ការប្រមូលសំរាមឲ្យអស់ពីមូលដ្ឋានរបស់ខ្លួន ពិសេសកុំឲ្យមានសំរាមនៅតាមប្រឡាយ និងតាមប្រព័ន្ធលូបង្ហូរទឹក។

ឯកឧត្តម ឃួង ស្រេង បានបន្តថា ក្នុងនាមជាគណៈបញ្ជាការឯកភាពខណ្ឌ គណៈបញ្ជាការឯកភាពសង្កាត់ ត្រូវការពារសន្តិសុខ ជូនប្រជាពលរដ្ឋឲ្យបានល្អ១០០ភាគរយ ដើម្បីជាទំនុកចិត្តសម្រាប់របស់ប្រជាពលរដ្ឋ ហើយក៏ជាការគៀងគរភ្ញៀវជាតិ-អន្តរជាតិ ឲ្យមកដើរលេងកម្សា្ដ នៅរាជធានីភ្នំពេញកាន់តែច្រើនផងដែរ។ លោកបានជំរុញឲ្យអាជ្ញាធរខណ្ឌទាំងអស់ លុបបំបាត់ឲ្យបាននូវការជក់បារីអេឡិចត្រូនិច នៅក្នុងមូលដ្ឋាន។

សូមរំលឹកថា ក្នុងពិធីព្រឹកមិញនេះ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ត្រូវបានផ្ទេរទៅជាអភិបាលខណ្ឌសែនសុខ, លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ ត្រូវបានផ្ទេរទៅជាអភិបាលខណ្ឌច្បារអំពៅ និងលោក ជា ពិសី អភិបាលខណ្ឌទួលគោក ត្រូវបានតែងតាំងសម្រាប់អាណត្តិទី២។ ក្រៅពីអភិបាលខណ្ឌដែលត្រូវប្រកាសចូលកាន់តំណែង ក្នុងពិធីនេះក៏មានការប្រកាសចូលកាន់តំណែងអភិបាលរងខណ្ឌមួយចំនួនផងដែរ៕