ឯកឧត្តម កែ គឹមយ៉ាន ចុះជួបប្រជាជនភៀសសឹក និងប្រកាសថ្កោលទោសទាហានថៃ ដែលបានបាញ់មកលើប្រជាពលរដ្ឋខ្មែរ


ឯកឧត្តម កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌល ខេត្តបន្ទាយមានជ័យ បានចុះជួបប្រជាភៀសសឹក និងប្រកាសថ្កោលទោសទាហានថៃ ដែលបានបាញ់មកលើ ប្រជាពលរដ្ឋខ្មែរ និងសកម្មភាពខុសច្បាប់របស់ថៃម្តងហើយម្តងទៀត។

ឯកឧត្តម កែ គឹមយ៉ាន ប្រកាសបែបនេះ ក្នុងឱកាសលោក អមដោយក្រុមការងារគ្រប់ថ្នាក់ បានអញ្ជើញចុះសួរសុខទុក្ខ ប្រជាពលរដ្ឋភៀសសឹកពីឃុំអូរបីជាន់ ចំនួន៣៥១គ្រួសារ នៅវត្តចាន់ស៊ីសាមគ្គីរតនារាម នៅស្រុកអូរជ្រៅ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។

ក្នុងឱកាសនោះ ឯកឧត្តម កែ គឹមយ៉ាន បាននាំនូវបណ្តាំផ្ញើសួរសុខទុក្ខ នឹករលឹក លើកទឹកចិត្ត ជូនពរជ័យពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា​ ជូនដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសអ្នកស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះដែរ ឯកឧត្តម កែ គឹមយ៉ាន បានថ្លែងដោយក្តីអាណិតអាសូរ ដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ពីការបាញ់ប្រហារពីសំណាក់ទាហានថៃ និងបានប្រកាសថ្កោលទោស យ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ ដ៏សាហាវឃោរឃៅនេះ ដោយរំលោភបំពានលើ «សេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ» ដែលភាគីទាំងពីរ បានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា និងថៃ ក្រោមសាក្សីរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន និងសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិ ថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពាន សេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុង ចំពោះការរំលោភបំពានដ៏កំរោលនេះ។

ជាមួយគ្នានេះ ឯកឧត្តម កែ គឹមយ៉ាន បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យបន្តរក្សានូវស្មារតីសាមគ្គីភាព ឯកភាពជាតិ បង្កើតស្មារតីជាតិនិយម ជឿជាក់លើរាជរដ្ឋាភិបាល និងបានណែនាំដល់អាជ្ញាធរគ្រប់ថ្នាក់ ពិសេសអាជ្ញាធរស្រុកអូរជ្រៅ ត្រូវបន្តធ្វើការក្តាប់សភាពការណ៍សន្តិសុខ តាមព្រំដែនឲ្យបានជាប់ជាប្រចាំសហការរក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់ អនាម័យ ហូបស្អាត រស់នៅស្អាត។

ជាមួយគ្នានេះដែរ ឯកឧត្តម កែ គឹមយ៉ាន បាននាំយកអំណោយចែកជូន ប្រជាពលរដ្ឋទាំង៣៥១គ្រួសារ ដោយក្នុងមួយៗគ្រួសារទទួលបាន៖ មី១កេស ក្រមា១ ទឹកបរិសុទ្ធ១យួរ សារុង១ និងថវិកា៥ម៉ឺនរៀល៕