សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានប្រាប់ទៅភាគីថៃថា សូមកុំភ្លេចថា អ្នកប្រើប្រាស់គឺជាចៅហ្វាយ ដោយក្នុងមួយឆ្នាំៗកម្ពុជាបានទិញទំនិញពីថៃប្រមាណជាង៥ពាន់លានដុល្លារ។
សម្តេចបានគូសបញ្ជាក់ថា ក្នុងកម្រិតនេះ បើទោះបីជាមិនច្រើនសម្រាប់ប្រទេសថៃ ប៉ុន្តែប្រជាពលរដ្ឋថៃមិនតូចនោះទេ ដែលពួកគេបាននឹងកំពុងរងការខាតបង់ ដោយសារជម្លោះរវាងប្រទេសទាំងពីរ ខណៈពលរដ្ឋកម្ពុជា បន្តធ្វើពហិការមិនប្រើប្រាស់ទំនិញថៃ។
សម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថាបែបនេះ ក្នុងឱកាសអញ្ជើញជាព្រះរាជតំណាងព្រះមហាក្សត្រ បើកអនុសំវច្ចរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេសលើកទី៣៣ នាព្រឹកថ្ងៃទី១៧ ខែ វិច្ឆការ ឆ្នាំ២០២៥នេះ។
សម្តេចតេជោ បានថ្លែងយ៉ាងដូច្នេះថា «ប៉ុន្តែអ្នកឯងកុំភ្លេច អ្នកប្រើប្រាស់គឺជាចៅហ្វាយ ទីផ្សារកម្ពុជា ទំហំពាណិជ្ជកម្មដែលនាំចូលពីថៃមកកម្ពុជាមិនមែនតូចទេ យើងនិយាយដែលប៉ុណ្ណោះទៅចុះថា១ឆ្នាំ៥ពាន់លានដុល្លារ សម្រាប់ថៃថាតូច ប៉ុន្តែសម្រាប់ប្រជាជនថៃក៏មិនមែនជាតូចទេ ដែលខាតបង់ ចម្ការបន្លែបង្ការ ផ្លែឈើ ឬក៏ផលិតផលដែលសម្រាប់នាំមកកម្ពុជា ត្រូវបាត់បង់ ទំនិញនាំចូលមកហើយ ត្រូវលក់មិនដាច់ នាំត្រឡប់ទៅវិញដោយសារប្រជាជនខ្មែរ ពហិការមិនប្រើប្រាស់»។
សម្តេចតេជោ លើកឡើងបន្តថា ល្បែងទំហំពាណិជ្ជកម្មរវាងកម្ពុជា និងថៃ សុទ្ធតែលេងល្បែងចាញ់ៗដូចគ្នាទាំងសងខាង ប៉ុន្តែយ៉ាងណា ការធ្លាក់ចុះរបស់កម្ពុជា ឈឺមិនសូវខ្លាំងដូចថៃនោះទេ ដោយសារកម្ពុជានាំចេញទៅថៃក្នុងទំហំតិចជាងថៃនាំចូលមកកម្ពុជា។ ហើយសភាពាណិជ្ជកម្មថៃ តែងតែប្រកាសថា នៅពេលដែលមានបញ្ហា ថៃបានបាត់បង់ការនាំចេញជាមួយកម្ពុជា។
បើតាមសម្តេចតេជោ យោងទៅលើតួលេខក្រៅផ្លូវការទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានជាង១០ពាន់លានដុល្លារ ប៉ុន្តែទំហំពាណិជ្ជកម្មដែលកត់ត្រាដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងឆ្នាំ២០២៤ មានត្រឹមទំហំជាង៦ពាន់lលានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅថៃក្នុងទំហំ ១ ១០០លានដុល្លារ ខណៈថៃនាំមកកម្ពុជា មានទំហំជាង៥ ៤០០លានដុល្លារ ដូច្នេះថៃមានអតិរេកពាណិជ្ជកម្មជាង ៤ពាន់លានដុល្លារ។
ប៉ុន្តែយ៉ាងណា សម្តេចតេជោ បញ្ជាក់ថា បើពហិការក៏ដោយសូមកុំទៅហួសជ្រុល។ ជាក់ស្តែងផលិតផលមួយចំនួនដែលផលិតក្នុងស្រុក ដូចជាស៊ីម៉ង់តិ៍ ដែលផលិតនៅខេត្តកំពត គឺជាផលិតផល ផលិតនៅកម្ពុជា បើទោះបីជាវិនិយោគដោយក្រុមហ៊ុនថៃក៏ដោយ។ ក្នុងករណីដែលរោងចក្រឈប់ដំណើរការ គឺយើងជាអ្នកសម្លាប់ខ្លួនឯង ពោលគឺសូមកុំធ្វើតាម K01 ដែលបានធ្វើជ្រុលហួស។
សូមជម្រាបថា យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងរយៈពេល១០ខែឆ្នាំ២០២៥នេះ កម្ពុជា-ថៃ សម្រេចទំហំពាណិជ្ជកម្មជាង ៣.២ពាន់លានដុល្លារ ថយចុះ៩.៣% ក្នុងនោះកម្ពុជានាំចេញទៅថៃក្នុងទំហំជាង ៦៣៥លានដុល្លារ ថយចុះ១១.៥% ខណៈថៃនាំចូលមកកម្ពុជា ក្នុងទំហំជាង ២.៥ពាន់ដុល្លារ ថយចុះ៨.៨%៕








































