អភិបាលខេត្តតាកែវ ណែនាំកងកម្លាំងប្រដាប់អាវុធ ត្រូវពង្រឹងសមត្ថភាពហ្វឹកហាត់ឱ្យបានជាប់ជាប្រចាំដើម្បីការពារប្រទេសជាតិ


(តាកែវ)៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានណែនាំដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ហ្វឹកហាត់ឲ្យបានជាប្រចាំ និងខ្លាំងក្លាបន្ថែមទៀត តាមរយៈការពង្រឹង និងពង្រីកសមត្ថភាពរបស់ខ្លួនឲ្យបានល្អប្រសើរ ដើម្បីចូលរួមការពាររាជរដ្ឋាភិបាលស្របច្បាប់ និងប្រទេសជាតិពីការឈ្លានពានពីបរទេសប្រទេសជិតខាង។

ថ្លែងនៅចំពោះមុខនាយទាហានបំពុលទាហាន ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងសមត្ថភាពយោធាឆ្នាំ២០២៥ ដល់នាយទាហាន នាយទាហានរង និងពលទាហាន នៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងតាកែវ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តម វ៉ី សំណាង បានថ្លែងបញ្ជាក់ទៀតថា ស្របពេលប្រទេសជាតិមានការអភិវឌ្ឍន៍ និងរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះអាវុធយោទោបករណ៍ក៏កាន់តែទំនើប ដែលទាមទារឱ្យកងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់សិក្សាស្វែងយល់រៀនសូត្រ ពីរបៀបប្រើប្រាស់ តាមរយៈការចូលរួមវគ្គហ្វឹកហ្វឺនឱ្យបានច្រើនដែលអង្គភាពបានរៀបចំ។

ឯកឧត្តមអភិបាលខេត្តបន្តថា ការបង្កើនសមត្ថភាពយោធាឱ្យបានក្លាំងក្លា មិនមែនដើម្បីសម្រាប់ទៅឈ្លានពានប្រទេសជិតខាងនោះទេ គឺដើម្បីជាខែលដ៏រឹងមាំក្នុងការការពារបូរណភាពទឹកដី ដែនអធិបតេយ្យជាតិពីក្រុមចោរឈ្លានពាន ដែលបានមានបំណងចង់បានទឹកដីខ្មែរ ដោយមិនឲ្យបាត់បង់សូម្បី ១មីលីម៉ែត ក៏ដូចជាលើកកម្ពស់វិស័យការពារជាតិឱ្យកាន់តែរីកចម្រើនផងដែរ។

ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ទោ អ៊ុយ ហៀង មេបញ្ជាការយោធភូមិភាគទី៣ បានថ្លែងថា ក្នុងបញ្ហាជម្លោះរវាងកម្ពុជា-ថៃ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានយកចិត្តទុកដាក់ និងអនុវត្ដយុទ្ធសាស្រ្ត «ស្ងាត់តែមិនស្ងៀម» រហូតមានការចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយប្រទេសថៃ ក្រោមកិច្ចសម្របសម្រួលពីប្រទេសអាមេរិក និងម៉ាឡេស៊ី នៅថ្ងៃទី២៦ ខែតុលា កន្លងទៅនេះ។

លោកឧត្តមសេនីយ៍ បន្តថា បច្ចុប្បន្ននេះស្ថានភាពនៅព្រំដែនកំពុងមានភាពតានតឹង ដោយភាគីថៃ បានប្រើគ្រប់ឧបាយកលមកលើកម្ពុជា ជាលេសចោទប្រកាន់កម្ពុជាថា មិនបានគោរពកិច្ចព្រមព្រៀងសន្ដិភាព ផ្ទុយទៅវិញកម្ពុជាបានគោរពយ៉ាងខ្ជាប់ខ្ជួន ព្រោះកម្ពុជាត្រូវការសន្ដិភាព មិនត្រូវការសង្គ្រាមនោះទេ ព្រមទាំងបានស្វែងរកកិច្ចសហការពីភាគីពាក់ព័ន្ធដើម្បីឈានទៅបញ្ចប់ជម្លោះដោយសន្ដិវិធី នាំមកនូវសន្ដិភាពជូនប្រជាជន និងប្រទេសជាតិផងដែរ ៕