(ពោធិ៍សាត់)៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ ក្នុងការបង្ក្រាប និងទប់ស្កាត់បទល្មើសខុសច្បាប់នានា និងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ពិសេសការអនុវត្តន៍គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋ ព្រមទាំងសភាពការណ៍សន្តិសុខនានា តាមខ្សែបន្ទាត់ព្រំដែន។
កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំធំថ្មីសាលាខេត្ត ដោយបានការចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត តំណាងសាលាដំបូងខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ ថ្នាក់ដឹកនាំមន្ទីរ អង្គភាព រដ្ឋបាលស្រុក ក្រុង មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ដែលកន្លងមកបានយកចិត្តទុកដាក់ខ្ពស់ ខិតខំប្រឹងប្រែង បំពេញការងារប្រកបដោយការទួលខុសត្រូវខ្ពស់ និងទទួលបានលទ្ធផលល្អប្រសើរ។
ឯកឧត្តមបានលើកទឹកចិត្ត ដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបង្កើនការខិតខំយកចិត្តទុកដាក់បន្តទៀត លើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងពង្រឹងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនជាប់ជាប្រចាំ។ ត្រូវយកចិត្តទុកដាក់ និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ នូវរាល់ករណីបទល្មើសនានា ដោយប្រើប្រាស់នូវកម្លាំងសរុប វិធានការសរុប និងមធ្យោបាយសរុប តាមគោលដៅសំខាន់ៗ ដើម្បីត្រៀមដោះស្រាយបញ្ហាផ្សេងៗ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យបានទាន់ពេលវេលា។
ឯកឧត្តមអភិបាលខេត្ត បានលើកឡើងពីស្ថានភាព នៃការអភិវឌ្ឍនៅក្នុងខេត្តនាពេលបច្ចុប្បន្ន កំពុងរីកចម្រើនលើគ្រប់វិស័យ ដែលទាំងនេះ គឺអាស្រ័យដោយសាររាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំបន្ត របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគិតគិតគូខ្ពស់ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ព្រមទាំងផ្សារភ្ជាប់ និងការអនុវត្តផ្ទាល់ ដោយមានក្រុមការងារចុះជួយពង្រឹងគ្រប់ភូមិ ឃុំ ស្រុក ខេត្ត នៅទូទាំងប្រទេស។ ទាំងអស់នេះ គឺកើតចេញពីគោលនយោបាយ ឈ្នះ-ឈ្នះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពប៉ិនប្រសព្វ របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា ដែលធ្វើឱ្យសង្គមជាតិទទួលបាននូវសុខសន្តិភាព សុវត្ថិភាព និងស្ថិរភាពលើផ្ទៃប្រទេស។
ឱកាសនោះ ឯកឧត្តមប្រធានអង្គប្រជុំ បានដាក់ចេញផែនការ ត្រូវអនុវត្តបន្តរួមមាន៖ ត្រូវពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងអនាម័យបរិស្ថាន បន្ថែមពីលើអ្វីដែលធ្វើរួច, គ្រប់គ្រង និងពង្រឹងធនធានធម្មជាតិ បរិស្ថាន ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ (ព្រៃឈើ និងមច្ឆាជាតិ), ក្រុមការងារចុះអនុវត្តន៍ ស.ជ.ណ ២២៦ ត្រូវជម្រុញកិច្ចការងារឱ្យបានចប់ ត្រឹមពាក់កណ្តាលឆ្នាំ ឬដំណាច់ឆ្នាំ២០២៦, រៀបចំអភិវឌ្ឍន៍មូលដ្ឋាន ផ្លូវ ភ្លើង ពិសេសដាក់អំពូលពន្លឺព្រះអាទិត្យ ត្រូវរៀបឱ្យស្អាត, បន្តចុះសួរសុខទុក្ខ និងដោះស្រាយបញ្ហាប្រឈម របស់អតីតយុទ្ធជន និងគ្រួសារ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង, ទប់ស្កាត់ និងបង្ក្រាបបញ្ហាគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង ScamOnline គ្រប់ប្រភេទ បើកើតនៅមូលដ្ឋានណា មូលដ្ឋាននោះទទួលខុសត្រូវ, ពង្រឹងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងសំណូមពររបស់ប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរ, អាជ្ញាធរត្រូវចុះតាមដាន និងក្តាប់សភាពការ ដែលកើតមាននៅមូលដ្ឋាន ឱ្យបានជាប់ជាប្រចាំ៕































