ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី បើកកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥


មានប្រសាសន៍បើកកិច្ចប្រជុំ កាលពីព្រឹកថ្ងៃទី១៩ ខែ វិច្ឆិកានេះ ឯកឧត្តមទេសរដ្ឋមន្រ្តីបានថ្លែងអំណរគុណ​ និងបានវាយតម្លៃខ្ពស់ចំពោះក្រសួង ស្ថាប័នពាក់ពន្ធ័ទាំងអស់ដែលបានខិតខំប្រឹងប្រែង និងសហការប្រកបដោយផ្លែផ្កាជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងការជំរុញនិងចូលរួមអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ របស់រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយនឹងលិខិតលេខ ២១៣សជណ.សស ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា ផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍លើកទី៦ ឆ្នាំ២០២៤-២០២៨ គឺជាមគ្គុទ្ទេសក៍តម្រង់ផ្លូវសម្រាប់អនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្តេជ្ញាចិត្តបញ្ចប់ជំងឺអេដស៍ជាការគំរាមកំហែងដល់សុខភាពសាធារណៈ ឆ្ពោះទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ដូចបានកំណត់ក្នុងផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥ ដែលប្រកាសឱ្យអនុវត្តជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានបន្ថែមថា ក្នុងរយៈពេលប្រាំមួយខែកន្លងទៅនេះ សកម្មភាពរបស់យើងបានផ្តោតលើចីរភាពរចនាសម្ព័ន្ធ និងវិមជ្ឈការ ក្នុងនោះ៖

– យើងកំពុងបញ្ចប់ផែនទីបង្ហាញផ្លូវចីរភាព និងការសិក្សាចំណាយសម្រាប់ការឆ្លើយតបដែលដឹកនាំដោយសហគមន៍ ដើម្បីធានាបាននូវហិរញ្ញវត្ថុប្រកបដោយចីរភាព។

– ក្រសួងសុខាភិបាលកំពុងបង្កើតនិយាមប្រតិបត្តិ(SOP) សម្រាប់ការចុះកិច្ចសន្យាសង្គម និងផែនការអន្តរកាលនិងចីរភាពឆ្លើយតបនឹងជំងឺអេដស៍ ជំងឺរបេងរួមគ្នា។

– អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានរៀបចំនូវ និយាមប្រតិបត្តិស្តីពីការធ្វើវិមជ្ឈការក្នុងការជំរុញការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍នៅថ្នាក់ក្រោមជាតិ(ខេត្ត ស្រុក និងឃុំ សង្កាត់) ដោយពន្លឿនការផ្តល់ការឆ្លើយតបនឹងមេរោគអេដស៍នៅមូលដ្ឋាន។

– ឃុំ សង្កាត់ចំនួន៣២៤ បានដាក់បញ្ចូលការឆ្លើយតបនឹងជំងឺអេដស៍ទៅក្នុងផែនការឃុំ សង្កាត់របស់ខ្លួន ដោយបានប្រមូលថវិកាប្រមាណ៥៨៧ ០០០ដុល្លារអាម៉េរិក។

សម្រាប់រយៈពេល៦ខែខាងមុខ ឯកឧត្តមទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា នៅថ្នាក់ជាតិ យើងនឹងបញ្ចប់ និងអនុវត្តយន្តការជាយុទ្ធសាស្ត្រសំខាន់ៗរួមមាន៖

– បញ្ចប់ការពិនិត្យឡើងវិញនូវផែនទីបង្ហាញផ្លូវប្រកបដោយចីរភាព ដើម្បីកំណត់អត្តសញ្ញាណច្បាស់លាស់ និងដោះស្រាយគម្លាត។

– បញ្ចប់ការសិក្សាការចំណាយដែលគាំទ្រដោយអង្គការUNAIDS ស្តីពីការផ្តល់ហិរញ្ញប្បទានប្រកបដោយសុវត្ថិភាពក្នុងការឆ្លើយតបរបស់សហគមន៍ ដើម្បីបញ្ចូលសេវាកម្មទាំងនេះទៅក្នុងកញ្ចប់មេរោគអេដស៍ស្នូល។

– បង្កើតយន្តការសេវាកម្មបន្តដោយបញ្ចប់ការរៀបចំនិយាមប្រតិបត្តិសម្រាប់កិច្ចសន្យាសង្គមនិង ផែនការអន្តរកាលជំងឺអេដស៍ ជំងឺរបេងរួមគ្នា។

– ដាក់បញ្ចូលមេរោគអេដស៍ទៅក្នុងយុទ្ធសាស្ត្រសុខាភិបាល ដោយធានាឱ្យស្របទៅនឹងផែនការយុទ្ធសាស្រ្តសុខាភិបាលទី៤(HSP4) ឆ្នាំ២០២៥-២០៣៤ ដែលទើបអនុម័តថ្មី។

ចំណែកឯនៅថ្នាក់ក្រោមជាតិ អាទិភាពស្នូលផ្តោតលើប្រតិបត្តិការយុទ្ធសាស្ត្រវិមជ្ឈការថ្មីរួមមាន៖

– ដាក់ចេញនូវនិយាមប្រតិបត្តិស្តីពីការធ្វើវិមជ្ឈការក្នុងការជំរុញការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍នៅថ្នាក់ក្រោមជាតិ(ខេត្ត ស្រុក និងឃុំ សង្កាត់)។

– ពង្រឹងគណនេយ្យភាពសង្គមដោយបន្តដាក់បញ្ចូលក្របខ័ណ្ឌគណនេយ្យភាពសង្គម ទៅក្នុងអភិបាលកិច្ចមូលដ្ឋាន។

– បង្កើនសមាហរណកម្មថវិកាមូលដ្ឋានដោយផ្តោតលើការរួមបញ្ចូលគ្នាប្រកបដោយជោគជ័យនូវការឆ្លើយតបនឹងជំងឺអេដស៍ទៅក្នុងផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ ផែនការវិនិយោគឃុំ សង្កាត់ នៅក្នុងតំបន់ដែលនៅសេសសល់។

មុននឹងប្រកាសបើកកិច្ចប្រជុំ ឯកឧត្តមទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា ជារួម កម្ពុជារក្សាបាននូវមោទនភាពនិងក្តីសង្ឃឹមខ្ពស់ក្នុងការបញ្ចប់ជំងឺអេដស៍ ហើយការប្តេជ្ញាចិត្តត្រូវបានអនុវត្តតាមរយៈការពង្រឹងភាពជាម្ចាស់ ភាពជាអ្នកដឹកនាំ និងការសម្របសម្រួល សហការជាចរន្តជាតិតែមួយ ទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដើម្បីពង្រីកសកម្មភាពឆ្លើយតបទ្វេដង។

ទន្ទឹមនឹងនេះ យើងក៏នឹងពង្រឹងប្រព័ន្ធតាមដាននិងវាយតម្លៃជាតិ ដើម្បីធានាបាននូវព័ត៌មានគ្រប់ជ្រុងជ្រោយ រក្សាបាននូវចីរភាពនៃការឆ្លើយតបជាពហុវិស័យ ពីគ្រប់ស្ថាប័នជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍ សង្គមស៊ីវិល វិស័យឯកជន ជាពិសេសបណ្ដាញអ្នកផ្ទុកមេរោគអេដស៍ ហើយយើងបង្កើតបាននូវស្ថាប័នដឹកនាំគ្រប់គ្រងនិងសម្របសម្រួលតែមួយទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ជាពិសេសមានផែនការយុទ្ធសាស្ត្រជាតិតែមួយ មានប្រព័ន្ធ តាមដាននិងវាយតម្លៃជាតិតែមួយប្រកបដោយប្រសិទ្ធភាពខ្ពស់។