អ្នកនាំពាក្យក្រសួងព័ត៌មាន៖ កម្ពុជាលើកកម្ពស់សារៈសំខាន់នៃព័ត៌មានស្ថិតិសម្រាប់ការគ្រប់គ្រងលើគ្រប់វិស័យ


ខណៈប្រារព្ធប្រាំឆ្នាំម្តងទិវាស្ថិតិពិភពលោកឆ្នាំ២០២៥ បានផ្តល់ឱកាសសម្រាប់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន តួអង្គ​ទាំងអស់ដើម្បីផ្សព្វផ្សាយបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃទិន្នន័យ និងព័ត៌មានស្ថិតិ ដោយបរិយាបន្ន គ្រប់ជ្រុង​ជ្រោយ រាប់បញ្ចូលទាំងព័ត៌មានបានមកពីការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រ សម្រាប់ការអភិវឌ្ឍ។នេះការបញ្ជាក់របស់ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការនិងអ្នកនាំពាក្យក្រសួងព័ត៌មាននៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥។

ការលើកឡើងរបស់ឯកឧត្តម ទេព អស្នារិទ្ធ ស្របគ្នាជាមួយនឹងឆ្នាំដែលពិភពលោកប្រារព្ធទិវាស្ថិតិពិភពលោកដែលត្រូវ​បាន​ប្រារព្ធប្រាំឆ្នាំម្តង។ឯកឧត្តមបន្តថា កម្ពុជាលើកកម្ពស់សារៈសំខាន់នៃព័ត៌មានស្ថិតិសម្រាប់ការគ្រប់គ្រង​លើគ្រប់​វិស័យ។ទិវាស្ថិតិពិភពលោកឆ្នាំ២០២៥ បានផ្តល់ឱកាសសម្រាប់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន តួអង្គទាំងអស់​ដើម្បីផ្សព្វផ្សាយបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃទិន្នន័យ និងព័ត៌មានស្ថិតិ ដោយបរិយាបន្ន គ្រប់ជ្រុងជ្រោយ រាប់បញ្ចូលទាំងព័ត៌មានបានមកពីការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រ សម្រាប់ការអភិវឌ្ឍ។ ក្នុងបរិបទនេះ របាយការណ៍​ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាន ឆ្នាំ២០២៤ និង ២០២៥ ជាមូលដ្ឋានគ្រឹះមួយដ៏ចាំបាច់ សម្រាប់ការ​អភិវឌ្ឍវិស័យព័ត៌មាននិងសោតទស្សន៍កម្ពុជា។

ឯកឧត្តមបានពន្យល់ថា របាយការណ៍នេះបានផ្តល់ព័ត៌មានស្ថិតិបែបវិទ្យាសាស្ត្រ ដែលមាន​សារៈសំខាន់ចាំបាច់ សម្រាប់​គាំទ្រដល់ការធ្វើការសម្រេចចិត្ត ការរៀបចំគោលនយោបាយនិងយន្តការការងារ ជាមួយការកំណត់គោលដៅត្រឹមត្រូវ និងមានប្រសិទ្ធភាពឆ្លើយតបនឹងតម្រូវការជាក់ស្តែង ដើម្បីលើកកម្ពស់តម្លាភាព គណនេយ្យភាព និងភាពជឿជាក់​មកលើការដឹកនាំ។

ទាក់ទងនឹងរបាយការណ៍ស្តីពីស្ថានភាពសេរីភាពសារព័ត៌មានឆ្នាំ២០២៤ និង២០២៥ អ្នកនាំពាក្យបានគូសរំលេចថា សុទ្ធសឹងជាលទ្ធផលស្តែងចេញពីការសិក្សា ដែលមានលក្ខណៈបរិយាបន្ន គ្រប់ជ្រុងជ្រោយ និងផ្តល់ទំនុកចិត្តខ្ពស់។ «ការសិក្សានេះបានប្រើវិធីសាស្ត្របែបវិទ្យាសាស្ត្រដែលពិភពលោកទទួលស្គាល់ក្នុងនោះវិធីសាស្ត្រស្រាវជ្រាវឯកសារ​​​(Desk Review), ការស្ទង់មតិឯករាជ្យ ដោយវិធីស្ទង់មតិចៃដន្យ(Random Sampling) ក្នុងចំណោម​ប្រតិបត្តិករ​នៃវិស័យសារព័ត៌មាននៅក្នុង ២៥រាជធានី-ខេត្ត និងការដាក់បញ្ចូលទស្សនៈ មតិយោបល់ចម្រុះរបស់ឥស្សរជន​ក្នុងវិស័យព័ត៌មានរួមមាន៖ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ប្រធានសមាគមអ្នកសារព័ត៌មាន ភ្នាក់ងារសារព័ត៌មាន​ជាតិនិងបរទេស សារព័ត៌មានសហគមន៍ និងគ្រឹះស្ថានឧត្តមសិក្សាក្នុងព្រះរាជាណាចក្រកម្ពុជា» ។

ឯកឧត្តមបានអធិប្បាយបន្ថែមថា រាជរដ្ឋាភិបាល ក្រសួងនិងមន្ទីរព័ត៌មាន អ្នកសារព័ត៌មាន ដៃគូ តួអង្គពាក់ព័ន្ធក្នុង​វិស័យព័ត៌មាន​និងសោតទស្សន៍ បានប្រើប្រាស់របាយការណ៍នេះស្របតាមវិវត្ត និងតម្រូវការជាក់ស្តែង ក្នុងការធ្វើ​ទំនើបកម្មស្ថាប័ន លើកកម្ពស់សណ្តាប់សារព័ត៌មាន ដោយភាពចម្រុះ ធន់ ស្របតាមសម័យកាល ពោលគឺបានប្រែក្លាយ​លទ្ធផលនៃការសិក្សានេះឱ្យទៅជាការអនុវត្តជាក់ស្តែង ក្នុងការគ្រប់គ្រង និងអភិវឌ្ឍព័ត៌មាននិងសោតទស្សន៍នៅកម្ពុជា ពិសេសការជំរុញការកសាង និងអភិវឌ្ឍន៍ធនធានមនុស្ស ពង្រឹងនិងពង្រីកការផ្សព្វផ្សាយដោយសុវត្ថិភាព គុណភាព​មាតិកា ខ្លឹមសារ និងការផលិត និងលើកកម្ពស់ការប្រតិបត្តិតួនាទីនិងភារកិច្ចរបស់អ្នកសារព័ត៌មាន​ប្រកបដោយ​វិជ្ជាជីវៈ និងការទទួលខុសត្រូវ។

ឯកឧត្តមអនុរដ្ឋលេខាធិការបានមានប្រសាសន៍ថា៖ «នៅកម្ពុជា ក៏មានដែររបាយការណ៍ ឬការកត់ត្រាអំពីស្ថានភាព​របស់អ្នកសារព័ត៌មាន ធ្វើឡើងដោយអង្គការ សមាគមមួយចំនួន ដែលគ្រាន់តែបានផ្តោតលើការប្រមូល​ព័ត៌មាន​ឧប្បត្តិហេតុ, ឬការសម្ភាសន៍ដោយការជ្រើសរើសកំណត់មុន ដែលវិធីសាស្ត្រនេះមានលក្ខណៈចង្អៀត ទំហំតូច មិនអាចតំណាងឱ្យសំឡេងទាំងមូល ដូច្នេះធ្វើឱ្យការឆ្លុះបញ្ចាំងលើស្ថានភាពសារព័ត៌មានមិនបានពេញលេញ មិនគ្រប់ជ្រុងជ្រោយ ខ្វះភស្តុតាងវិទ្យាសាស្ត្រ» ។ ឯកឧត្តមបានបន្ថែមទៀតថា៖ «រីឯ របាយការណ៍នៅក្រៅប្រទេសខ្លះ ដែលបានយោងតាមរបាយការណ៍ ឬការកត់ត្រារបស់អង្គការ សមាគមមួយចំនួននេះ ដើម្បីធ្វើការវាយតម្លៃពីខាង​ក្រៅមកលើស្ថានភាពនៅកម្ពុជា គឺវាគ្រាន់តែជាការបង្ហាញពីមួយជ្រុង មិនតំណាង» ។

ឯកឧត្តមអ្នកនាំពាក្យបានលើកឡើងទៀតថា ជាមួយរបាយការណ៍ស្តីពីស្ថានភាពសេរីភាពសារព័ត៌មានឆ្នាំ២០២៤ និង​២០២៥ កម្ពុជាប្រារព្ធសារៈសំខាន់ និងគុណតម្លៃទិន្នន័យនិងព័ត៌មានស្ថិតិ ដែលកើតចេញពីការសិក្សា​បែបវិទ្យាសាស្ត្រ​ពិតប្រាកដ មានប្រតិបត្តិករសារព័ត៌មាននិងគ្រប់តួអង្គក្នុងវិស័យនៅទូទាំងប្រទេសបានចូលរួមនិងផ្តល់​ធាតុចូល​ពេញលេញ។

បើតាមអ្នកនាំពាក្យក្រសួងព័ត៌មាន របាយការណ៍ និងលទ្ធផលនៃការសិក្សាស្តីពីស្ថានភាពសេរីភាពសារព័ត៌មាន​ឆ្នាំ​២០២៤ និង២០២៥ នេះ ជាឆ្អឹងខ្នងសម្រាប់ការតាមដាន និងវាយតម្លៃស្ថានភាពសេរីភាពសារព័ត៌មាននៅឆ្នាំខាង​មុខៗបន្តទៀត ដើម្បីឆ្លុះបញ្ចាំងអំពីលំហសេរីភាពសារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ និងសិទ្ធិទទួលព័ត៌មាន ។

ឯកឧត្តមបានរំលេចគុណតម្លៃនៃរបាយការណ៍នេះបន្ថែមថា៖ «ការសិក្សានេះបានក្លាយជាមូលដ្ឋានរឹងមាំ​សម្រាប់ការ​វាស់វែងជាក់ស្តែង និងដោយផ្ទាល់ដោយកម្ពុជាសម្រាប់កម្ពុជា និងបានបញ្ជាក់ពីភាពជាម្ចាស់របស់កម្ពុជាលើការដឹកនាំ និងគ្រប់គ្រងវិស័យព័ត៌មាននិងសោតទស្សន៍ ដោយមានប្រតិបត្តិករអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធបានចូលរួម​សម្តែងឆន្ទៈ បញ្ចេញមតិ និងបំពេញតួនាទីក្នុងការរួមចំណែកលើកកម្ពស់សេរីភាពសារព័ត៌មានកម្ពុជាយ៉ាងពិតប្រាកដ ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពីរបបសារព័ត៌មាន និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕