ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី៖ «ក្នុងដំណាក់កាលស្ថានភាពជំនួយបរទេសធ្លាក់ចុះ​, ក្នុងឆ្នាំ២០២៥នេះ យើងបានបំពេញភារកិច្ចយ៉ាងសកម្មរួមគ្នា ដើម្បីឈានទៅបញ្ចប់ការឆ្លងរាលដាលមេរោគអេដស៍ និងជំងឺអេដស៍»


(ភ្នំពេញ)៖ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានថ្លែងថា ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ យើងបានបំពេញភារកិច្ចយ៉ាងសកម្មរួមគ្នា ដើម្បីឈានទៅបញ្ចប់ការឆ្លងរាលដាលមេរោគអេដស៍ និងជំងឺអេដស៍ ក្នុងដំណាក់កាលដែលស្ថានភាពជំនួយបរទេសមានការធ្លាក់ចុះ។ ម្សិលមិញ យើងបានស្វែងយល់លើអំពីអាទិភាពសម្រាប់ប្រាំមួយខែបន្ទាប់។ នៅថ្ងៃនេះ យើងកំណត់ពីរបៀបដែលយើងបង្វែរ ចំណុចអាទិភាពទាំងនោះឱ្យទៅជាសកម្មភាព។ គោលដៅរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបញ្ចប់ជំងឺអេដស៍នៅឆ្នាំ២០២៨ គឺស្ថិតក្នុងលក្ខខណ្ឌនៃការឈានទៅសម្រេចបានរបស់យើង។ ប៉ុន្តែម្ចាស់ជំនួយកំពុងកាត់បន្ថយការគាំទ្ររបស់ខ្លួន ដែលយើងត្រូវប្រឈមនឹងស្ថានភាពមួយ ដែលធនធានមានកំណត់ ពេលវេលាដែលមានខ្លី ហើយនឹងគោលដៅមានមហិច្ឆតាខ្ពស់។

ការថ្លែងបែបនេះរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានធ្វើឡើងក្នុងឱកាសដែលលោកបានដឹកនាំសន្និបាទអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ឆ្នាំ២០២៥ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលប្រជុំD ទីស្តីការគណៈរដ្ឋមន្រ្តី។ សន្និបាតនេះធ្វើឡើងដើម្បីបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅសកម្មភាពសម្រាប់ឆ្នាំ២០២៦ ក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅព្រះរាជាណាចក្រកម្ពុជារបស់យើង។ សមាជិក សមាជិកាដែលអញ្ជើញចូលរួមមាន លោក លោកស្រី ជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួង ស្ថាប័ន រាជធានី ខេត្ត និងក្រុមការងារប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន ព្រមទាំងប្រធានលេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍រាជធានី ខេត្ត អង្គការជាតិ អន្តរជាតិ និងអង្គការសង្គមស៊ីវិល សរុបចំនួន១៨០នាក់។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានថ្លែងបន្តថា ក្នុងការផ្ទេរដំណាក់កាលនេះ យើងទាំងអស់គ្នាចាប់ផ្តើមបំពេញតួនាទីក្នុងភាពជាម្ចាស់ រួមជាមួយនឹងការពង្រឹងភាពជាអ្នកដឹកនាំ ជាពិសេសការទទួលខុសត្រូវរបស់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ នៅតាមក្រសួង ស្ថាប័ន រាជធានី ខេត្ត ព្រមទាំងអង្គការដៃគូ សំដៅពង្រីកសក្តានុពលនៃបទអន្តរាគមន៍នានា ព្រមទាំងធ្វើការសិក្សាស្រាវជ្រាវ និងជំរុញលើកទឹកចិត្តអ្នកសង្ស័យថា ផ្ទុកមេរោគអេដស៍ឱ្យមកទទួលសេវាធ្វើតេស្តរកមេរោគអេដស៍ ដើម្បីឈានទៅសម្រេចបានគោលដៅ៩៥ទី១។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមថា ចំណុចស្នូលចំនួនបីដែលទាមទារក្នុងភាពជាអ្នកដឹកនាំ និងភាពជាម្ចាស់គឺ៖ ១-គំរូប្រតិបត្តិការរបស់យើង, ២-ការធានាហិរញ្ញវត្ថុប្រកបដោយចីរភាពដោយការបង្កើនប្រសិទ្ធភាពធនធានដែលមានស្រាប់ និង៣-អភិបាលកិច្ចល្អ។ ការដកថយរបស់ម្ចាស់ជំនួយពីខាងក្រៅ មិនមែនជាការថយក្រោយនោះទេ តែគឺជាលទ្ធផលផ្ទាល់នៃភាពជោគជ័យរបស់យើង ហើយនេះជាកត្តាចាំបាច់ក្នុងការជំរុញឱ្យមានការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅ។ ការទទួលខុសត្រូវពេញលេញក្នុងការឆ្លើយតបនឹងជំងឺអេដស៍នឹងស្ថិតនៅក្នុងដៃរបស់យើង។ នេះគឺជាពេលវេលាកំណត់សម្រាប់ភាពជាម្ចាស់របស់យើង។

ដើម្បីទទួលបានជោគជ័យក្នុងបរិបទថ្មីនេះយើងត្រូវប្រកាន់យកគោលការណ៍ «បីមួយ» ដែលជាប្រព័ន្ធថាមវន្តដែលភាគីពាក់ព័ន្ធទាំងអស់ ដំណើរការក្រោមក្របខណ្ឌរួមមួយ៖
– ផែនការយុទ្ធសាស្រ្តតែមួយ៖ សកម្មភាពរបស់យើងត្រូវតែតម្រឹមឱ្យបានល្អសមស្របជាមួយយុទ្ធសាស្រ្តជាតិ។
– យន្តការសម្របសម្រួលតែមួយ៖ កិច្ចខិតខំប្រឹងប្រែងទាំងអស់របស់ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវបញ្ជូនតាមរយៈអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដើម្បីលុបចេញការត្រួតជាន់ភារកិច្ច និងបង្កើនប្រសិទ្ធភាព។
– ប្រព័ន្ធតាមដាននិងវាយតម្លៃតែមួយ៖ យើងត្រូវតែប្រើប្រព័ន្ធជាតិតែមួយដែលអាចទុកចិត្តបាន សម្រាប់ការតាមដានវឌ្ឍនភាព និងការប្រើប្រាស់ធនធាន។

មុននឹងប្រកាសបើកសន្និបាត ឯកឧត្តមទេសរដ្ឋមន្រ្តីបានថ្លែងស្នើគ្រប់ក្រសួង ស្ថាប័ន និងជាពិសេសប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍រាជធានី ខេត្តនីមួយៗ បង្ហាញពីភាពជាអ្នកដឹកនាំ និងភាពជាម្ចាស់ តាមរយៈការប្រកាន់ខ្ជាប់ និងភាពម៉ឺងម៉ាត់ចំពោះ៖ តម្លាភាពនិងគណនេយ្យភាព, ប្រសិទ្ធភាពនិងអាទិភាព, ការត្រួតពិនិត្យនិងតាមដាន៕