(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលរវ៉ាន់ដា បានសម្រេចលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅសាធារណរដ្ឋរវ៉ាន់ដា។
នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ច ផ្លូវការនៅសាធារណរដ្ឋរវ៉ាន់ដា ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។ ដំណើរទស្សនកិច្ចកម្រិតខ្ពស់នេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងរយៈពេល ២០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
ក្នុងអំឡុងពេលនៃទស្សនកិច្ច ឯកឧត្តម ប្រាក់ សុខុន បានចូលជួបសម្តែងការគួរសមចំពោះ ឯកឧត្តម បណ្ឌិត Justin Nsengiyumva នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋរវ៉ាន់ដា ព្រមទាំងបានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Olivier J.P. Nduhungirehe រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិនៃសាធារណរដ្ឋរវ៉ាន់ដា និងលោកជំទាវ Louise Mushikiwabo អគ្គលេខាធិកានៃអង្គការ អន្តរជាតិហ្វ្រង់កូហ្វូនី (OIF)។
ដំណើរទស្សនកិច្ចនេះ បានចាប់ផ្តើមដោយគណៈប្រតិភូកម្ពុជាបានដាក់កម្រងផ្កាគោរព វិញ្ញាណក្ខន្ធ នៅបូជនីយដ្ឋានប្រល័យពូជសាសន៍ទីក្រុងគីហ្គាលី ដែលជាកាយវិការគោរពដល់ជន រងគ្រោះនៃអំពើប្រល័យពូជសាសន៍រវ៉ាន់ដា ក្នុងឆ្នាំ១៩៩៤។
ចំពោះកិច្ចពិភាក្សាទ្វេភាគីជាមួយឯកឧត្តម Olivier J.P. Nduhungirehe ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ដែលកំពុងរីកចម្រើន ចាប់តាំងពីការបង្កើត ក្នុងឆ្នាំ២០០៥ ជាពិសេសលើកិច្ចសហប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុ និងសេវាកម្មផ្លូវអាកាសដែលនឹងដើរតួជាឧបករណ៍ដ៏សំខាន់ក្នុងការពង្រីកការតភ្ជាប់ សម្រួលការផ្លាស់ប្តូរ និងពង្រឹងទំនាក់ទំនង សេដ្ឋកិច្ច និងទំនាក់ទំនងប្រជាជន និងប្រជាជន។
ក្នុងឱកាសនោះ រដ្ឋមន្ត្រីទាំងពីរបានចុះហត្ថលេខា លើឯកសារទ្វេភាគីចំនួនពីរគឺ៖ (១) អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ និង (២) កិច្ចព្រមព្រៀងស្តីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់ លិខិតឆ្លងដែនការទូត និងផ្លូវការ។
នៅរសៀលថ្ងៃដដែល ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានចូលជួបសម្តែងការគួរសម ចំពោះឯកឧត្តមបណ្ឌិត Justin Nsengiyumva ដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្តាំផ្ញើការសួរសុខទុក្ខយ៉ាងកក់ក្តៅរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះ ឯកឧត្តមបណ្ឌិត Justin Nsengiyumva។
ក្នុងអំឡុង ពេលជួបសម្តែងការគួរសម ឯកឧត្តមនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក ប្រាក់ សុខុន និងគណៈប្រតិភូ ព្រមទាំងបានកោតសរសើរចំពោះការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការចុះហត្ថលេខាលើឯកសារទ្វេភាគីទាំងពីរដោយរដ្ឋមន្ត្រីការបរទេសទាំងពីរ នឹងបើកផ្លូវសម្រាប់ការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និង ស្វែងយល់ពីវិស័យសក្តានុពលផ្សេងទៀតសម្រាប់ផលប្រយោជន៍ទៅវិញទៅមករបស់កម្ពុជា និងរវ៉ាន់ជា។
នៅរសៀលថ្ងៃដដែល ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានអញ្ជើញជួបពិភាក្សា ទ្វេភាគីជាមួយលោកជំទាវ Louise Mushikiwabo អគ្គលេខាធិការ នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ផងដែរ។ ភាគីទាំងពីរបានពិភាក្សាអំពីការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ រួមមាន មូលបទ និម្មិតសញ្ញា បញ្ហាភស្តុភារ និងការងារពាក់ព័ន្ធសំខាន់ៗ មួយចំនួនទៀត។
នៅក្នុងជំនួបទាំងបីខាងលើ ឯកឧត្តម ប្រាក់ សុខុន បានឆ្លៀតឱកាសជម្រាបជូនអំពីភាព តានតឹងដែលកំពុងបន្តកើតមាននៅតាមព្រំដែនកម្ពុជា-ថៃ ដោយបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាង ពេញលេញរបស់កម្ពុជា ក្នុងការថែរក្សាកិច្ចព្រមព្រៀងបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមរវាងកម្ពុជា និងថៃ នាពេលថ្មីៗនេះ ដែលត្រូវបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីទាំងពីរ នៅទីក្រុងគូឡាឡាំពួ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយមានឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ានធ្វើជាសាក្សី៕










