(កំពង់ធំ)៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានថ្លែងងថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប្រាកដនិយមរបស់រាជរដ្ឋាភិបាល បានធ្វើឱ្យវិស័យអប់រំ មានការរីកចម្រើន និងបានដើរតួនាទីស្នូលលើការកសាងធនធានមនុស្ស ដើម្បីរួមចំណែក ដល់ការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែខ្លាំងក្លា។
លោកជំទាវបណ្ឌិត ជា សិរី ធ្វើឡើងបែបនេះក្នុងពិធី ប្រគល់-ទទួលអគារបន្ទប់ទឹកស្អាតនៅសាលាបឋមសិក្សា តាំងក្រសាំង ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥។
លោកជំទាវបណ្ឌិត ជា សិរី បានថ្លែងថា ក្នុងនាមជាអ្នកបន្តវេនជំនាន់ក្រោយ យើងត្រូវចងចាំជានិច្ច និងដឹងគុណឧបការៈចំពោះថ្នាក់ដឹកនាំទាំងអស់ ដែលបានបន្សល់ទុកនូវ ស្នាដៃជាច្រើន ដែលនាំមកនូវការអភិវឌ្ឍរីកចម្រើន ជាពិសេសតាមរយៈគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលបានធ្វើឱ្យប្រទេសកម្ពុជា មានសុខសន្តិភាព មានការអភិវឌ្ឍលើគ្រប់វិស័យ និងមានកិត្តិនាមល្បីរន្ទឺទាំងក្នុងតំបន់ និងលើឆាក់អន្តរជាតិ ក្នុងនោះវិស័យអប់រំក៏មានការរីកចម្រើន និងបានដើរតួនាទីស្នូលក្នុងការកសាងធនធានមនុស្ស សម្រាប់រួមចំណែកអភិវឌ្ឍប្រទេសជាតិយ៉ាងសកម្មប្រកបដោយប្រសិទ្ធភាព។
លោកជំទាវបណ្ឌិតបានបន្ដថា បានថ្លែងអបអរសាទរ ចំពោះសាលាបឋមសិក្សា តាំងក្រសាំង ដែលទទួលបានអគារបន្ទប់ទឹកស្អាតដ៏ស្អាត និងមានសោភ័ណ្ឌភាព ដែលបានរចនាដោយគិតគូរគ្រប់ជ្រុងជ្រោយពីពន្លឺ ខ្យល់ អនាម័យ ក្លិន និងភាពងាយស្រួលមួយខ្នងនេះ ដែលមានចំនួន ៨បន្ទប់ ៤បន្ទប់សម្រាប់កុមារា ៣បន្ទប់ សម្រាប់កុមារី និង ១បន្ទប់សម្រាប់សិស្សមានពិការភាព និងបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រងធនាគារស៊ិនហាន (ខេមបូឌា) ម.ក ដែលបានគាំទ្រឧបត្ថម្ភផ្នែកហិរញ្ញវត្ថុកសាងអគារបន្ទប់ទឹកស្អាតនេះឡើង, និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់, មន្ទីរអប់រំ យុវជន និងកីឡា, លោកនាយក, លោកគ្រូ-អ្នកគូ និងដៃគូអភិវឌ្ឍនានា ដែលបានផ្តល់កិច្ចសហប្រតិបត្តិការល្អ និងរួមសាមគ្គីគ្នាកសាង អគារបន្ទប់ទឹកស្អាតថ្មីនេះឡើង សម្រាប់លើកកម្ពស់អនាម័យ គាំទ្រសុខមាលភាពក្មេងៗដែរជាសិស្សានុសិស្ស និងបង្កើនលទ្ធភាព ទទួលបានសេវា អនាម័យ បរិស្ថាន និងអនាម័យផ្ទាល់ខ្លួនប្រកបដោយសុវត្ថិភាពសម្រាប់សិស្សានុសិស្សទាំងអស់នៅក្នុងសាលានេះ។
លោកជំទាវបណ្ឌិត ជា សិរី ក៏បាននាំយកនូវអំណោយ និងប្រាក់ឧបត្ថម្ភចែកជូនរួមមាន ឧបត្ថម្ភ សាលាបឋមសិក្សា តាំង ក្រសាំង ថវិកាចំនួន ២លានរៀល, ឧបត្ថម្ភមន្ត្រីការិយាល័យអប់រំចំនួន១២រូប រដ្ឋបាលស្រុក និងសមាជិកគណៈកម្មការបក្សភូមិ-ឃុំ ចំនួន២៥រូប និងលោកគ្រូ-អ្នកគ្រូចំនួន២៨រូប ក្នុងម្នាក់ៗទទួលបានភួយ១ និងថវិកាចំនួន៣ម៉ឺនរៀល, និងឧបត្ថម្ភសិស្សានុសិស្សចំនួន២៤៩រូប ក្នុងម្នាក់ៗទទួលបានសៀវភៅ ២ក្បាល ប៉ិច១ដើម ខ្មៅដៃ១ដើម និងថវិកាចំនួន១ម៉ឺនរៀល។
សូមបញ្ជាក់ថា នៅរសៀលថ្ងៃដដែលនោះដែរ លោកស្រីបណ្ឌិត ជា សិរី ក៏បានអញ្ជើញទៅប្រគល់ផ្ទះថ្មី២ខ្នង ជូនគ្រួសារខ្វះខាត រស់ នៅឃុំជ្រាប់ ស្រុកសន្ទុករួមមាន គ្រួសារឈ្មោះ យឿន ឡូត និងគ្រួសាឈ្មោះ ម៉ើ ឌីណា ក្នុងនោះក៏បាននាំយកសម្ភារៈប្រើប្រាស់ គ្រឿង ឧបភោគ-បរិភោគ និងថវិកាមួយចំនួន សម្រាប់ជាចំដៃនៃថ្ងៃឡើងផ្ទះផងដែរ៕












