ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង តំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ធំ អមដំណើរដោយលោក ជួន សិលាវិត ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្តកំពង់ធំ និងលោក យ៉ុម ហឿន អភិបាលរង ស្រុកប្រាសាទបល្ល័ង្ក កាលពីរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដីទៅប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវជូនអតីតយុទ្ធជនពិការដោយសារសង្គ្រាមដែលគាត់មានដីតែមានជម្រករស់នៅមិនសមរម្យ នៅភូមិថ្នល់ ឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
លោក សេង ផល អាយុ ៦៤ ឆ្នាំ មានឋានន្តរសក្ដិពលបាលឯក បានរៀបរាប់ថា គាត់ធ្លាប់បានចូលបម្រើក្នុងជួរកងទ័ពនៅឆ្នាំ១៩៨៤ នៅអង្គភាពយោធាស្រុកកំពង់ស្វាយខេត្តកំពង់ធំ។ នៅឆ្នាំ១៩៨៩បានត្រូវរបួសចង្កេះស្ដាំ និងជើងខាងស្ដាំ។ លោក សេង ផល មានកូននៅក្នុងបន្ទុកចំនួន ៥នាក់ រស់នៅក្នុងផ្ទះតូចចង្អៀត ហើយមានជីវភាពលំបាកខ្វះខាត ព្រមទាំងមានជំងឺប្រចាំកាយដោយរបួសសើរើផង។ លោកពលបាលឯក សេង ផល បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលបានផ្ដល់ផ្ទះថ្មី១ខ្នងជូនគាត់ ដែលកំពុងមានជីវភាពលំបាកខ្វះខាត និងមានជម្រកស្នាក់នៅមិនសមរម្យនាពេលនេះ និង គោរពជូនពរសម្ដេច ឯកឧត្តម លោកជំទាវ និងថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា នៅគ្រប់ថ្នាក់ សូមទទួលបាននូវពុទ្ធពរទាំង ៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ផ្ទះថ្មី ដែលទើបសាងសង់រួចនេះ មានទំហំ ៥ម៉ែត្រ គុណ៧ម៉ែត្រ សាងសង់ពីសសរបេតុង ឆ្អឹងដែក ដំបូលប្រក់ស័ង្កសីកិនភ្លី ជញ្ជាំងស្មាតប៊ត រនាបក្រាលក្តារ ដោយមានតសំយ៉ាបផ្ទះបាយទៅក្រោយប្រវែង ៣ម៉ែត្រព្រមទាំងមានបង្គន់អនាម័យសម្រាប់ប្រើប្រាស់ផងដែរ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា ទុកជាចំណងដៃ ដល់ក្រុមគ្រួសារអតីតយុទ្ធជនពិការដោយសារសង្គ្រាមបានរស់មរម្យជារៀងរហូតតទៅ។
ក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បាននាំយកនូវស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ មានមុង ភួយ កន្ទេល ខ្នើយ សម្លៀកបំពាក់ ចាន ឆ្នាំង ព្រមទាំងសម្ភារប្រើប្រាស់ផ្សេងៗ មួយចំនួនទៀត ដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនដល់ក្រុមគ្រួសារលោក សេង ផល សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ និងសម្រាប់ប្រើប្រាស់ក្នុងឱកាសទទួលបានផ្ទះថ្មីនេះផងដែរ៕




