រដ្ឋមន្រ្តីសុខាភិបាល ចុះសួរសុខទុក្ខពលការិនីខ្មែរ រងគ្រោះដោយសារទាហានថៃ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត


(ភ្នំពេញ)៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥បានអញ្ជើញចុះសួរសុខទុក្ខដល់ពលការិនីខ្មែរ រងគ្រោះដោយសារទាហានថៃ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។

ក្នុងឳកាសនោះដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងលើកទឹកចិត្ត និងជូនពរដល់ពលការិនី ដែលខ្មែររងគ្រោះខាងលើនេះ មានសុខភាពល្អប្រសើរជាបន្តបន្ទាប់។

បន្ទាប់ពីបានចុះសួរសុខទុក្ខរួចរាល់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានដឹកនាំដោយផ្ទាល់ការប្រជុំការងារបច្ចេកទេសវេជ្ជសាស្រ្តពហុជំនាញពាក់ព័ន្ធ ដើម្បីពិនិត្យបន្ថែមលើលក្ខណៈស៊ីជម្រៅនៃការបន្តការថែទាំព្យាបាលទាំងកម្រិតមន្ទីរពេទ្យជាតិ ទាំងកម្រិតមូលដ្ឋានសុខាភិបាលសហគមន៍។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងថ្នាក់ដឹកនាំក្រសួងសុខាភិបាល មន្រ្តីសុខាភិបាលទាំងអស់ និងលើកទឹកចិត្តដល់ក្មួយស្រី បន្តខិតខំថែរក្សាសុខភាព ឆាប់បានជាសះស្បើយ ដើម្បីវិលត្រឡប់ជួបជុំគ្រួសារវិញ៕