(ភ្នំពេញ)៖ នៅក្នុងកិច្ចប្រជុំរដ្ឋភាគីលើកទី២៥ នៃអង្គការយូណេស្កូ ចាប់ផ្តើមពីថ្ងៃទី២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលដឹកនាំដោយលោកស្រី Gayane UMEROVA ប្រធានអង្គប្រជុំ រដ្ឋភាគីលើកទី២៥ និងមានការចូលរួមដោយលោក khaled Ahmed EL-ENANI ALI EZZ អគ្គនាយកអង្គការយូណេស្កូ, លោកជំទាវបណ្ឌិត្យសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញថ្លែងបទអន្តរាគមន៍គន្លឹះ ដោយបង្ហាញពីភាពជោគជ័យ នៃកិច្ចសហប្រតិបត្តិការរវាងមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក និងបណ្តារដ្ឋភាគី ក្នុងការជួយថែរក្សាគ្រប់គ្រង និងអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្បត្តិបេតិកភណ្ឌពិភពលោក ទាំងវប្បធម៌ និងធម្មជាតិនាពេលកន្លងមក។
ជាមួយគ្នានេះដែរ លោកជំទាវបណ្ឌិតសភាចារ្យ ក៏បានទាញចំណាប់អារម្មណ៍ នៃកិច្ចប្រជុំទាំងមូល ស្តីអំពីនិន្នាការនៃការលួចចម្លង ដោយរំលោភបំពាន ការក្លែងបន្លំនូវទ្រង់ទ្រាយដើម នៃសម្បត្តិបេតិកភណ្ឌពិភពលោក និងកង្វះខាតនូវបទបញ្ញត្តិ នៃការប្រតិបត្តិក្នុងអនុសញ្ញាឆ្នាំ១៩៧០ និងអនុសញ្ញាឆ្នាំ១៩៧២ នាពេលកន្លងមក។
បន្ថែមលើនេះ លោកជំទាវបណ្ឌិត្យសភាចារ្យរដ្ឋមន្ត្រី បានរំលឹកអំពីបទអន្តរាគមន៍ កាលពីខែកក្កដា ឆ្នាំ២០២៥កន្លងមក ដែលពេលនោះ លោកជំទាវបានលើកឡើងម្តងរួចមកហើយ នូវការសាងសង់ចម្លងប្លង់ប្រាសាទអង្គរវត្ត នៅប្រទេសជិតខាង ព្រោះការណ៍នេះ គឺជាសកម្មភាពខ្វះខាតនូវក្រមសីលធម៌ ដែលអាចនាំមកនូវការប៉ះពាល់ មិនត្រឹមតែសភាពដើម និងតម្លៃលេចធ្លោជាសកលប៉ុណ្ណោះទេ ប៉ុន្តែក៏ប៉ះពាល់ដល់អត្តសញ្ញាណ នៃបេតិកភណ្ឌអរូបីរបស់ប្រជាជនម្ចាស់ស្រុកផងដែរ។
កម្ពុជាអំពាវនាវយ៉ាងមុតមាំ ដល់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក និងក្រុមប្រឹក្សាអ្នកច្បាប់ នៃអង្គការយូណេស្កូធ្វើការយកចិត្តទុកដាក់ជាបន្ទាន់ លើបញ្ហានេះ ដោយកំណត់នូវទិសដៅ ច្បាស់លាស់ ក្នុងក្របខណ្ឌអនុសញ្ញាឆ្នាំ១៩៧០ និងអនុសញ្ញាឆ្នាំ១៩៧២ និងធ្វើការរួមជាមួយបណ្តារដ្ឋភាគី ដើម្បីទប់ស្កាត់នូវសកម្មភាពអវិជ្ជមាន ដែលអាចកើតឡើងនាពេលអនាគត ក្នុងបរិបទសកលភាវូបនីយកម្ម៕










