(ភ្នំពេញ)៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងបញ្ជាក់ថា គិតចុងខែវិច្ឆិកា ឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់បានចំនួន ៦០០គម្រោងហើយ ក្រោមទុនវិនិយោគប្រមាណ ៩.៣ពាន់លានដុល្លារ ខណៈដែលដល់ដំណាចឆ្នាំនេះ រំពឹងអាចអនុម័តបានជាង ៦០០គម្រោង ដែលអាចបង្កើតឱកាសការងារ ជូនប្រជាពលរដ្ឋបានជាង ៤០ម៉ឺនកន្លែង។
ឯកឧត្តម ស៊ុន ចាន់ថុល បានថ្លែងដូចនេះ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នាឱកាសអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធានការកំណែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងអបអរសាទរខួប ២៥ឆ្នាំនៃការបង្កើតវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដោយមានការចូលរួមពីឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មាធិការ គ.ស.ឯ.រ.ជ. រួមទាំងមានភ្ញៀវជាតិ-អន្តរជាតិ ជាច្រើនរូបទៀត។
ថ្លែងនាឱកាសនោះឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ក្រោយការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្កើតការទុកចិត្តពីវិនិយោគទាំងក្នុងស្រុក និងក្រៅស្រុក បានដាក់ទុនវិនិយោគនៅកម្ពុជា បង្កើតការងារយ៉ាងច្រើនជូនប្រជាពលរដ្ឋធ្វើ ទាំងប្រជាពលរដ្ឋក្នុងស្រុក និងប្រជាពលរដ្ឋដែលបានចំណាកស្រុក ណិងត្រឡប់មករកការងារក្នុងស្រុកដើម្បីធ្វើវិញផងដែរ។
ជាមួយគ្នានោះដែរជុំវិញការអនុម័តគម្រោងវិនិយោគ សម្រាប់ឆ្នាំ២០២៥នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងដូចនេះថា «មកដល់ម៉ោងនេះយើងបានអនុម័ត ៦០០គម្រោងហើយ ដាច់ឆ្នាំនេះប្រហែលជាលើស ៦០០គម្រោង និងបានលើសឆ្នាំ២០២៤ ជាង ២០០គម្រោង ដោយបានបង្កើតការងារបានជាង ៤០ម៉ឺនកន្លែងជូនដល់ប្រជាពលរដ្ឋធ្វើ»។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ថែមទៀតថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងនៅតែបន្តខិតខំដើរទាក់ទាញអ្នកវិនិយោគ ដើរទាក់ម៉ូយនៅក្រៅប្រទេស ឱ្យមកសិក្សា និងដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ឱ្យបានកាន់តែច្រើនថែមទៀត ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋបានធ្វើឱ្យបានកាន់តែច្រើនផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្ថែមថា ការអនុម័តគម្រោងបានជាង ៦០០គម្រោងនេះ គឺជាមោទនភាពណាស់របស់រាជរដ្ឋាភិបាល ហើយក៏ជាប្រវត្តិសាស្ត្ររបស់កម្ពុជាផងដែរ ដែលមិនធ្លាប់មានប្រវត្តក្នុងការអនុម័តគម្រោងបានច្រើនដូចនេះក្នុងមួយឆ្នាំនោះទេ ហើយការអនុម័តគម្រោងនេះភាគច្រើនលើ វិស័យកម្មន្តសាល និងមានតិចតួចលើវិស័យកសិកម្ម និងទេសចរណ៍ផងដែរ។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏នឹងនៅតែបន្តខិតខំបន្ថែមទៀត ដើម្បីឱ្យឆ្នាំបន្តបន្ទាប់ទៅទៀត នឹងមានគម្រោងវិនិយោគនៅកម្ពុជា បានកាន់តែច្រើនថែមទៀតផងដែរ៕













