កាកបាទក្រហមកម្ពុជា រៀបចំកិច្ចប្រជុំបូកសរុបសមិទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារអាទិភាពជាយុទ្ធសាស្ត្រឆ្នាំ២០២៦


កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានរៀបចំកិច្ចប្រជុំបូកសរុបសមិទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារអាទិភាពជាយុទ្ធសាស្ត្រឆ្នាំ២០២៦ ដែលមានរយៈពេល ២ថ្ងៃចាប់ពីថ្ងៃទី២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

ក្នុងឱកាសបើកកិច្ចប្រជុំ ក្រោមវត្ដមានលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ដែល​មានវត្តមានអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន មន្ត្រីទីស្នាក់ការថ្នាក់កណ្តាល និងគណៈកម្មាធិការសាខា មន្ត្រីក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាទាំង ២៥រាជធានីខេត្ត សរុបចំនួន ១៤២នាក់ លោកស្រីបាននាំនូវព្រះរាជបណ្តាំសួរសុខទុក្ខ ដោយសេចក្ដីនឹករលឹកពីសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងការកោតសរសើរពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ចំពោះគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិ ដែលតែងតែសកម្មចូលរួមអនុវត្ត និងជួយសម្រួលគ្រប់បែបយ៉ាងដល់សកម្មភាពមនុស្សធម៌កាកបាទក្រហមកម្ពុជា។

លោកជំទាវបានថ្លែងបន្ដថា «ប្រការទាំងនេះគឺជាអំណោយផលដ៏ប្រសើរបំផុត សម្រាប់ឱ្យកាកបាទក្រហមកម្ពុជា អាចបំពេញតួនាទី ភារកិច្ចនិង បេសកកម្មស្របច្បាប់ ជាជំនួយការឱ្យអាជ្ញាធរសាធារណៈបានយ៉ាងពេញលេញ និងមានប្រសិទ្ធភាពខ្ពស់ ស័ក្តិសមជាសមាគមជាតិនាំមុខគេក្នុងវិស័យមនុស្សធម៌ ជួយជនរងគ្រោះ និងងាយរងគ្រោះបំផុត នៅក្នុងរដ្ឋបាលដែនដីរបស់ខេត្ត ឬសហគមន៍មូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា»

ជាមួយគ្នានេះ លោកស្រីអគ្គលេខាធិការ បានស្នើសុំអង្គប្រជុំមេត្តាយកចិត្តទុកដាក់ស្តាប់របាយការណ៍បង្ហាញពីវឌ្ឍនភាព និងសមិទ្ធផលរួមរបស់កាកបាទក្រហមកម្ពុជា ហើយអាចលើកជាសំណួរ ឬស្នើសុំឱ្យមានការបកស្រាយ បញ្ជាក់បន្ថែមលើបណ្តាចំណុចដែលនៅពុំទាន់ច្បាស់លាស់ ឬចំណុចឆកល្វែងនានា ព្រមទាំងចូលរួមជាមតិយោបល់កែលម្អជាអនុសាសន៍សម្រាប់ការអនុវត្ត ដែលស្របតាមគោលបំណងរបស់កិច្ចប្រជុំ។

លោកស្រីបានគូសបញ្ជាក់ទៀតថា «រយៈពេល២ថ្ងៃនេះ ជាពេលវេលាដែលយើងរួមគ្នាពិគ្រោះ ពិភាក្សារកគន្លឹះ បញ្ហា ការលំបាក ចែករំលែកបទពិសោធន៍ និងហេតុផលដែលធ្វើបានឬធ្វើមិនបាន ដើម្បីអភិវឌ្ឍសមាគមជាតិកាកបាទក្រហមកម្ពុជា ឱ្យមានកម្លាំងចលកររឹងមាំនិងកាន់តែច្រើនថែមទៀត»

លោកស្រីសង្ឃឹមយ៉ាងមុតមាំថានឹងទទួលបានលទ្ធផលរំពឹងទុកដែលរួមមាន៖ គោលគំនិតថ្មីៗ ដែលជាផែនទីចង្អុលផ្លូវ និងតម្រង់ទិសដល់យើងទាំងអស់គ្នា ក៏ដូចជាគន្លឹះអាទិភាពជាយុទ្ធសាស្ត្រ ទិសដៅ និងជំហានអនុវត្តសម្រាប់ឆ្នាំ២០២៦ ដោយបន្ស៊ីជាមួយយុទ្ធសាស្ត្របញ្ចកោណរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឆ្លើយតបគ្រោះមហន្តរាយ និងការកសាងភាពធន់របស់សហគមន៍។

កិច្ចប្រជុំខាងលើនេះ ក៏បានដំណើរការក្រោមការសម្របសម្រួលរបស់លោក យូ ឡាណា អគ្គលេខាធិការរងទី២ ទៅតាមរបៀបវារៈដែលបានគ្រោងទុក ដោយបានពិគ្រោះពិភាក្សាដើម្បីកំណត់សកម្មភាពសំខាន់ៗ និងចំណុចផ្តោតនៃវិស័យអាទិភាពទាំង៤ រួមទាំងនិន្នាការថ្មីៗ សម្រាប់ឆ្នាំ២០២៦។

សូមជម្រាបថា​ កម្មវិធីបិទនៃកិច្ចប្រជុំបូកសរុបសមិទ្ធផលការងារ និងទិសដៅការងារឆ្នាំ២០២៦ នឹងប្រព្រឹត្ដទៅនៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ដ្រៃយ៍ កាកបាទក្រហមកម្ពុជា៕