ឯកឧត្តមរដ្ឋមន្ត្រី សុខ សូកេន អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំនៃអនុក្រុមការងារពង្រឹងការងារដោះស្រាយបណ្ដឹង


នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងជាប្រធានក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្ត ព៤ជ៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំអនុក្រុមការងារពង្រឹងការងារដោះស្រាយបណ្ដឹង ដើម្បីពិនិត្យ និងតាមដានវឌ្ឍនភាពរបស់អនុក្រុមការងារក្នុងការរៀបចំសេចក្ដីព្រាងឯកសារ និងលិខិតបទដ្ឋានគតិយុត្តិគាំទ្រនានាដល់ការងារដោះស្រាយបណ្ដឹង ព្រមទាំងបានពិភាក្សាលើការពង្រឹងនីតិវិធីការងារបណ្ដឹង ដើម្បីធានាបាននូវការដោះស្រាយបណ្ដឹងដោយរលូនប្រកបដោយប្រសិទ្ធភាព ស្របតាមយុទ្ធសាស្រ្ត ព៤ជ៤ របស់ក្រសួងអធិការកិច្ច ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃអនុក្រុមការងារ នៅទីស្ដីការក្រសួង។

បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធទាំងអស់ឱ្យបន្តការខិតខំក្នុងការជំរុញការរៀបចំការងារឱ្យមានភាពប្រទាក់ក្រឡា សង្គតិភាព និងសុខុដុមនីយមកម្មនៃយន្តការបណ្តឹង និងការងារអធិការកិច្ចឱ្យមានលក្ខណៈជាប្រព័ន្ធ ដើម្បីចូលរួមពង្រឹងការងារអភិបាលកិច្ច ព្រមទាំងកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា៕