លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងសហការី បានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក Hong Keewon សមាជិកសភាកូរ៉េ នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅវិមានរដ្ឋសភាជាតិកូរ៉េ។
លោក ឃួន ផុនរតនៈ បានថ្លែងអំណរគុណចំពោះលោក Hong Keewon ដែលបានអញ្ជើញទៅទស្សនកិច្ចនៅប្រទេសកម្ពុជាចំនួន២ដង និងបានព្យាយាមបកស្រាយអំពីស្ថានភាពពិត និងផ្ដល់យុត្តិធម៌ដល់ប្រទេសកម្ពុជា តាមរយៈសេចក្តីថ្លែងការណ៍របស់លោក នៅក្នុងកិច្ចប្រជុំសភា និងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានផ្សេងៗ បន្ទាប់ពីទស្សនកិច្ចរបស់លោកនៅកម្ពុជា។ លោកឯកអគ្គរាជទូតក៏បានស្នើសុំឱ្យ លោក Hong Keewon ជួយជម្រុញបន្ថែមទៅលើការបន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើរទៅប្រទេសកម្ពុជា ដែលវិធានការនេះបានធ្វើឱ្យប៉ះពាល់ដល់ជីវភាព និងការរស់នៅរបស់ប្រជាជននៃប្រទេសទាំងពីរ។
ជាការឆ្លើយតប លោក Hong Keewon បានសម្តែងការសោកស្តាយដែលយុវជនកូរ៉េបានស្លាប់ក្នុងទឹកដីកម្ពុជា ដែលវាបានបង្កឱ្យមានការប៉ះពាល់ដល់អារម្មណ៍របស់ប្រជាជននៃប្រទេសទាំងសងខាង និងធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជនកូរ៉េនៅកម្ពុជា និងប្រជាជនកម្ពុជានៅកូរ៉េ។ លោកក៏បានបន្តថា រដ្ឋាភិបាល និងប្រជាជនកូរ៉េ គួរទទួលស្គាល់ការពិតអំពី មូលហេតុនៃការស្លាប់របស់យុវជនកូរ៉េនៅកម្ពុជា និងស្ថានភាពពិតរបស់កម្ពុជា ដែលកម្ពុជារក្សាបាននូវសុខសុវត្ថិភាពសម្រាប់អ្នកទេសចរទូទៅ ហើយរដ្ឋាភិបាលកម្ពុជាក៏បានបង្ហាញនូវឆន្ទៈសហការដោះស្រាយបញ្ហានេះផងដែរ។
លោក Hong Keewon បានយល់ស្របនឹងសំណើរបស់ លោកឯកអគ្គរាជទូតថា រដ្ឋាភិបាលកូរ៉េគួរបន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើរទៅប្រទេសកម្ពុជា និងសន្យាថា នឹងលើកករណីនេះក្នុងកិច្ចប្រជុំសភា នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ។ ឆ្លៀតក្នុងឱកាសនេះ លោក Hong Keewon បានថ្លែងអំណរគុណដល់ប្រជាជនកម្ពុជាដែលបានគាំទ្រ និងចូលចិត្តលោកតាមរយៈ ការចែករំលែក និងចូលចិត្តផេក Facebook និង youtube ផ្ទាល់របស់លោក៕







