ជំនួបជាមួយអគ្គនាយកអង្គការយូណេស្កូ, រដ្ឋមន្រ្តីក្រសួងវប្បធម៌ លើកអំពីកង្វល់របស់កម្ពុជា ចំពោះការសាងសង់ចម្លងប្រាសាទអង្គរវត្ត របស់ប្រទេសថៃ និងអំពាវនាវឲ្យទប់ស្កាត់បញ្ហានេះ


នៅទីស្នាក់ការកណ្តាលអង្គការយូណេស្កូ នាទីក្រុងប៉ារីស លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយលោក Khaled Ahmed El-Enany Ali Ezz អគ្គនាយកអង្គការយូណេស្កូ។

នាឱកាសក្នុងកិច្ចជំនួបនេះ លោកជំទាវបណ្ឌិតសភាចារ្យ បានសម្តែងនូវការអបអរចំពោះ លោក Khaled Ahmed El-Enany Ali Ezz ដែលត្រូវបានអង្គមហាសន្និបាតលើកទី៤៣ នៃអង្គការយូណេស្កូបោះឆ្នោត តែងតាំងជាអគ្គនាយកនៃស្ថាប័នដ៏មានសារ:សំខាន់នេះ។

លោកជំទាវបណ្ឌិតសភាចារ្យ ក៏បានសម្តែងនូវការប្ដេជ្ញាចិត្ត របស់ប្រទេសកម្ពុជា ក្នុងនាមជារដ្ឋសមាជិកក្នុងការសហការ អនុវត្តកម្មវិធី និងគោរពតាមគោលការណ៍សំខាន់ៗ របស់អង្គការយូណេស្កូ។ ជាពិសេស កិច្ចសហការរវាងកម្ពុជា និងអង្គការយូណេស្កូ បានក្លាយជាកិច្ចសហការប្រកបដោយជោគជ័យ ទាំងក្នុងទម្រង់អនុវត្តនៃយន្តការអាយស៊ីស៊ីអង្គរ សំបូរព្រៃគុក និងព្រះវិហារ ក៏ដូចជាទម្រង់កិច្ចសហការនៃកិច្ចការពារ លើកតម្លៃ និងអភិរក្សសម្បត្តិបេតិកភណ្ឌពិភពលោកទាំងរូបីនិងអរូបី។

ទន្ទឹមនេះដែរ លោកជំទាវបណ្ឌិតសភាចារ្យ ក៏បានលើកអំពីកង្វល់របស់កម្ពុជា ចំពោះការសាងសង់ចម្លងប្រាសាទអង្គរវត្ត របស់ប្រទេសជិតខាង និងបានអំពាវនាវ ឲ្យមជ្ឈមណ្ឌល បេតិកភណ្ឌពិភពលោក ព្រមទាំងក្រុមប្រឹក្សាអ្នកច្បាប់អង្គការយូណេស្កូ សិក្សាអំពីយន្តការគតិយុត្តនានានៃស្មារតីអនុសញ្ញាឆ្នាំ១៩៧០ និងអនុសញ្ញាឆ្នាំ១៩៧២ ដើម្បីទប់ស្កាត់បញ្ហានេះ។

បន្ថែមពីលើនេះទៀត លោកស្រីបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ក៏បានពិភាក្សាអំពីលទ្ធភាព ក្នុងការបញ្ជូនអ្នកជំនាញការរបស់អង្គការយូណេស្កូ ចុះពិនិត្យវាយតម្លៃផ្ទាល់ដោយឯករាជ្យ អំពីការខូចខាតមកលើប្រាសាទព្រះវិហារ ដោយការប៉ះទង្គិចតាមព្រំដែននាពេលកន្លង។

លោក Khaled Ahmed El-Enany Ali Ezz បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្តមានរបស់លោកស្រីបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី និងបានកោតសរសើរកម្ពុជា ក្នុងនាមជារដ្ឋសមាជិក ដែលបានផ្តល់កិច្ចសហការយ៉ាងល្អប្រសើរ ជាមួយអង្គការយូណេស្កូនាពេលកន្លងមក។

លោកក៏បានបញ្ជាក់អំពីគោលបំណង ក្នុងការបន្តនូវរាល់កិច្ចសហការជាមួយកម្ពុជា ក៏ដូចជាពិនិត្យទៅលើកិច្ចការមួយចំនួន ដែលជាការព្រួយបារម្ភរបស់កម្ពុជា៕